VOKK – សំឡេងកម្ពុជាក្រោម – សហព័ន្ធ​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ចូល​សមាជិក​អង្គការ​នៃ​ប្រជាជាតិ​និង​ប្រជាជន​ដែល​គ្មាន​តំណាង

សហព័ន្ធ​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ចូល​សមាជិក​អង្គការ​នៃ​ប្រជាជាតិ​និង​ប្រជាជន​ដែល​គ្មាន​តំណាង

July 18, 2016 2:48 AMComments Off on សហព័ន្ធ​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ចូល​សមាជិក​អង្គការ​នៃ​ប្រជាជាតិ​និង​ប្រជាជន​ដែល​គ្មាន​តំណាងViews: 239

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី ​១៥ ​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គីរង្សី នៅ​ថ្ងៃ​ទី ​១៧ កក្កដា ។

ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo KKKHRDA

ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo KKKHRDA

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង សារៈ ថ្លែង​ថា ការ​ក្លាយ​ខ្លួន​ជា​សមាជិក​អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ពិសេស​គឺ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ និង​សន្និសីទ​អន្តរជាតិ​សំខាន់ៗ ។

លោក តាំងសារៈ ថ្លែង​ថា៖ «នៅ​ឆ្នាំ​២០០៤ គណៈកម្មាធិការ​អចិន្ត្រៃយ៍​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនជាតិ​ដើម បាន​អនុញ្ញាត​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម តំណាង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា ចូលរួម​ប្រជុំ​នៅ​ក្នុង​សម័យ​ប្រជុំ​របស់​ខ្លួន ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ញីវយ៉ក (New York) រហូត​មក​ដល់​សព្វថ្ងៃ រៀង​រាល់​ឆ្នាំ​ម្តង។ ទី​ពីរ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​រាល់​សម័យ​ប្រជុំ»

លោក តាំង សារៈ បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី​ពេល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក បាន​ក្លាយ​ជា​សមាជិក​អង្គការ យូ.អិន.ភី.អូ. (UNPO)កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ ​២០០១ មក បញ្ហា​របស់​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​លាត​ត្រដាង​ទៅ​កាន់​ពិភពលោក ហើយ​ក៏​ចាប់​ពី​ពេល​នោះ​មក ខ្មែរ​កម្ពុជា​ក្រោម លែង​ឯកោ​ដូច​កាល​ពី​មុន៖ «សំខាន់​បំផុត គឺ​ធ្វើ​ឲ្យ​បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម ដែល​ពី​មុន​ខ្មែរ​កម្ពុជា​ក្រោម រស់នៅ​ដោយ​ឯកោ ។ រដ្ឋាភិបាល​វៀតណាម បាន​ដឹង​បាន​យល់ និង​បាន​ធ្វើ​ការ​គាប​សង្កត់ ធ្វើ​ទារុណកម្ម​ចំពោះ​ខ្មែរ​កម្ពុជា​ក្រោម តែ​បណ្ដា​ប្រទេស និង​អង្គការ​ដទៃ​មិន​បាន​ដឹង​ទេ។ មិន​បាន​ដឹង មិន​បាន​ស្គាល់​ខ្មែរ​កម្ពុជា​ក្រោម​ទេ ប៉ុន្តែ​ពេល​នេះ​បញ្ហា​របស់​ខ្មែរ​កម្ពុជា​ក្រោម បាន​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​តូបនីយកម្ម» 

អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង (UNPO) ជា​អង្គការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អន្តរជាតិ បង្កើត​ឡើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ១៩៩១ នៅ​ទីក្រុង​ហេឃ (Hague) ប្រទេស​ហូល្លង់ដ៍ (Netherland) ។ គោលដៅ​នៃ​អង្គការ​នេះ គឺ​ផ្តល់​សំឡេង​ដល់​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង និង​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ទូទាំង​ពិភពលោក ។

ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ ដែល​ជា​អធិបតី​នៅ​ក្នុង​ពិធី​នោះ​ថ្លែង​ថា ការ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​របស់​អង្គការ យូ.អិន.ភី.អូ (UNPO) គឺ​ជា​ជំហាន​ចាប់​ផ្ដើម​នៃ​ការ​បំបាត់​ភាព​ឯកោ​របស់​ខ្មែរ​កម្ពុជា​ក្រោម ដែល​ធ្លាប់​កើត​មាន​ជាច្រើន​ទសវត្សរ៍​មក ហើយ​ក៏​ជា​ការ​ចាប់​ផ្តើម​ភ្ជាប់​ជីវិត​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​នឹង​ពិភពលោក​ដែរ។ លើស​ពី​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​អង្គការ​សមាគម និង​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ ឲ្យ​គាំទ្រ​ដល់​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជំរុញ​ឲ្យ​បេសកកម្ម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឆាប់​ឈាន​ដល់​គោលដៅ។ នោះ​គឺ​ការ​ទាមទារ​សិទ្ធិ​សម្រេច​ដោយ​ខ្លួន​ឯង​នៅ​លើ​មាតុភូមិ​កម្ពុជា​ក្រោម ។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង សារៈ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងអស់​មាន​ចំនួន​ជាង ៨ ​លាន​នាក់ ក្នុង​នោះ​ប្រហែល ៧​ លាន​នាក់​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ដែល​គ្រប់គ្រង​ដោយ​វៀតណាម ជាង ១​ លាន​នាក់ រស់នៅ​កម្ពុជា និង​ប្រហែល ៧ ​ម៉ឺន​នាក់​រស់នៅ​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក ។ លោក​សង្កត់​ធ្ងន់​ថា ទោះ​ជា​រស់នៅ​ទីណា​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​ក្រោម​តែង​ចាត់​ទុក​ខ្លួន​ឯង​ជា​ខ្មែរ​ដដែល និង​តែង​ខិតខំ​រក្សា​អត្តសញ្ញាណ​របស់​ខ្លួន​ជានិច្ច ៕  ដោយ យ៉ង ចាន់តារា|RFA

Comments are closed