វេទិកា​ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ «​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​»

March 11, 2017 8:32 PMComments Off on វេទិកា​ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ «​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​»Views: 180

ដោយ ស៊ឺន ចែងចើន| VOKK

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ សហការ​ណ៍​ជាមួយ​អង្គការ​ចំនួន ២ ទៀត គឺ​អង្គការ​យុវជន​សន្តិភាព និង​អង្គការ​វិទ្យាស្ថាន​សន្តិភាព​កម្ពុជា នៅ​ថ្ងៃទី ១១ មីនា ២០១៧ កន្លងទៅ បានរៀបចំ​វេទិកា​មួយ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ «​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​» នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​សហគមន៍​បុរី​ព្រៃនគរ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

អ្នកចូលរួមកំពុងទស្សនា ការចាក់បញ្ចាំង​វីដេអូ​ឯកសារ ស្តីពីកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ។ រូបថតៈ ស៊ឺន ចែងចើន

អ្នកចូលរួមកំពុងទស្សនា ការចាក់បញ្ចាំង​វីដេអូ​ឯកសារ ស្តីពីកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ។ រូបថតៈ ស៊ឺន ចែងចើន

​លោក លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍     ​បានលើកឡើង​នៅ​ក្នង​វេទិកា​នោះ ថា ការផ្ដើមគំនិត​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​ឲ្យ​មានការ​គាំទ្រ និង​ការយល់ដឹង​ដល់​ពលរ​ដ្ខ​ខ្មែរក្រោម ពី​កិច្ចព្រមព្រៀង​សន្តិភាព និង​ទ្រឹស្តី​សន្តិភាព ដែល​ផ្សារភ្ជាប់​ជាមួយ​កម្ពុជា​ក្រោម ។​

​ក្រៅពី​ផ្សព្វផ្សាយ ពី​សារៈសំខាន់ និង​គុណ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ។ វេទិកា​មួយ​នេះ ក៏បាន​ដាក់​បង្ហាញ​ការតាំង​ពិ​ពណ៌ ស្តីអំពី​ការយល់ដឹង​កិច្ចព្រមព្រៀង​សន្តិភាព រួមទាំង​ការចាក់​បញ្ចាំង​វីដេអូ​ឯកសារ ដោយ​បា​សម្ភាសន៍ ក្រុម​អ្នកពាក់ព័ន្ធ ដែល​បាន​ចូលរួម​ផ្តួចផ្តើម​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង ។​

​គិត​មកដល់ពេលនេះ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​អាយុកាល ២៥ ឆ្នាំ​មកហើយ ពោលគឺ កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវបាន​ចុះហត្ថលេខា ដោយមាន​ការចូលរួម ពី​អគ្គលេខាធិការ នៃ​អង្គការសហប្រជាជាតិ ប្រមុខ​ការទូត​នៃ​ប្រទេស​ចំនួន ១៨ និង​ភាគី​ខ្មែរ​ទាំង ៤ ភាគី​រួមមាន ១- ភាគី​របស់​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ២- ភាគី​អ្នក​ជាតិនិយម រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោកតា សឺ​ន សាន ៣- ភាគី​ខ្មែរក្រហម​របស់​ប៉ុល ពត និង ៤- ភាគី​រដ្ឋ​កម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​កូនប្រុស​របស់លោក សឺ​ន សាន ដែល​មនុស្ស​ជាច្រើន​ស្គាល់​ថា ជា​ពូជពង្ស​អ្នក​សេ្ន​ហា​ជាតិ ហើយក៏​ជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ផង​នោះ បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍ ដោយ​រំឭក​ពី​កិច្ចខិតខំ​ប្រឹងប្រែង​មួយចំនួន ដែល​ធ្វើឡើង មុន នឹង​ភាគី​ជម្លោះ​នយោបាយ​កម្ពុជា ទាំង ៤ ភាគី បាន​ចូល​តុ​ចរចា ដើម្បី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ។​

​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ កំពុងធ្វើបទអន្តរាគមន៍ ស្តីពីកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ។ រូបថតៈ ស៊ឺន ចែងចើន

​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ កំពុងធ្វើបទអន្តរាគមន៍ ស្តីពីកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ។ រូបថតៈ ស៊ឺន ចែងចើន

​ទាក់ទិន នឹង​ប្រា​ធាន​បទ ទ្រឹស្តី​សន្តិភាព​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ផ្សារភ្ជាប់​ជាមួយ​កម្ពុជា​ក្រោម ។ លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ លើកឡើងថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ មិនមាន​ពាក់ព័ន្ធ និង​គ្មាន​គុណ​តម្លៃ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ឡើយ ។

​លោក​បាន​មានប្រសាសន៍​ដោយ​បញ្ជាក់ថា ខ្មែរក្រោម​ដែល​ត្រូវការ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​នោះ គឺ​ចួ​ល​រួម​សកម្មភាព​ដោយ​ធ្វើការ​តស៊ូ​មតិ ស្របតាម​គោលការណ៍​សិទ្ធិមនុស្ស ។ ក្នង​ន័យ​នេះ លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប ចូលរួម​ជាមួយ​ចលនា​ណា ដែល​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា ក្នុងនោះ​មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជាដើម ដែល​បច្ចុប្បន្នកំពុង​ធ្វើ​សកម្មភាព នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ឯង​ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅក្នុង​ស្រុក ។​

​គួររំឭកថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ បាន​នាំ​ឲ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ ១៩៩៣ ជា​ថ្ងៃ​ដែល​បាន​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ សន្តិភាព ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ អធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព និង​បូរណភាព​ទឹកដី​កម្ពុជា សម្រាប់​ខ្មែរ​គ្រប់​ជំនាន់ ៕

រូបភាពខ្លះៗ នៃ​វេទិកា​មួយ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ “​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​”​ ។ រូបថតៈ ស៊ឺន ចែងចើន

Comments are closed