VOKK – សំឡេងកម្ពុជាក្រោម – វត្តឃ្លាំង កសាង គ. ស. ១៥៣២ ព.ស. ២០៧៦

វត្តឃ្លាំង កសាង គ. ស. ១៥៣២ ព.ស. ២០៧៦

July 29, 2017 12:53 AMComments Off on វត្តឃ្លាំង កសាង គ. ស. ១៥៣២ ព.ស. ២០៧៦Views: 44

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ

វត្ត​ឃ្លាំង ជា​វត្ត​ពុទ្ធសាសនា​ថេ​វាទ​ខ្មែរ​មួយ​ឋិត​នៅក្នុង​សង្កា​ត់ទី ៦ ទីក្រុង​ឃ្លាំង នៃ​ខេត្ត​ឃ្លាំង បាន កសាងឡើង នា​សតវត្សរ៍​ទី ១៦ ក្នុងសម័យ​លង្វែក ។ គិត​មកដល់​ឆ្នាំ ២០១៧ វត្តមាន​អាយុ ៤៨៥ ឆ្នាំ ។​

​យោងតាម​ឯកសារ​ដែល​បាន​រក្សាទុក​នៅក្នុង វត្ត​ឃ្លាំង បាន​ចារ​ថា វត្ត​ឃ្លាំង បាន​កសាង​នៅក្នុង គ​. ស​. ១៥៣២ ព​. ស​. ២០៧៦ ដោយ​ចៅហ្វាយខេត្ត ឈ្មោះ ពញា តាត ដែល​បាន​តែងតាំងឡើង​ដោយ ព្រះបាទ អង្គ​ច័ន្ទ ដែល​បាន​សោយរាជ្យ​ពី ឆ្នាំ ១៥១៦ ដល់ ឆ្នាំ ១៥៦៦ ។​

​បន្ទាប់ពី​បាន​កសាង​វត្ត​ជាមួយនឹង​ឈើ​ប្រក់​ស្លឹក​រួចរាល់ ពញា តាត និង​អ្នកស្រុក​បាន​និមន្ត ព្រះ តេជ​ព្រះ​គុណ ព្រះនាម ថាច់ សុខ ព្រះជន្ម ៦១ វស្សា ដែល​សាង​ផ្នួស​បាន ៤០ វស្សា គង់នៅ វត្ត​ហ្លួង​បាសាក់ ស្រុក​បាយ​ឆៅ ខេត្ត​ឃ្លាំង មក​ធ្វើជា​ព្រះចៅអធិការ​វត្ត​ដំបូងបង្អស់​នៅក្នុង​វត្ត​នេះ ។​

​វត្តមាន​ផ្ទៃដី​ប្រមាណ ៣.៨០០ ម៉ែត្រការ៉េ ដោយមាន ព្រះវិហារ កុដិ សាលា និង ចេតិយ ជាដើម សង់​តាម​លំនាំរ​ចនាប​ទ្ម​ខ្មែរ ។ ចាប់ពី​ឆ្នាំ ១៩១៦ ឬ ១៩១៨ មកដល់ពេលនេះ វត្ត​បាន​សាងសង់ និង ជួសជុល​ជាច្រើនលើក ។ នៅ​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៩៤ វត្ត​បានអនុញ្ញាត​ឲ្យ​កសាង​សាលា​បាលី មួយ​ខ្នង​ដែលមាន​ឈ្មោះថា សាលា​បំពេញវិជ្ជា​វប្បធម៌​មធ្យមសិក្សា​បាលី​ណា​ម​បូ (Trường Bổ túc văn hóa Trung cấp PaLi Nam Bộ ) នៅក្នុង​បរិវេណ​វត្ត ។ “​ណា​ម​បូ​” ជា​ភាសា​យួន ដែលមាន មានន័យ​ជា​ភាសា​ខ្មែរ​ថា “​ភាគខាងត្បូង​” ជា​ឈ្មោះ​ដែល​រដ្ឋាភិបាល​យួន​បច្ចុប្បន្ន​ហៅ​សំដៅលើ ដែនដី​កម្ពុជា​ក្រោម ឋិត​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម ។​

​នៅ​ខាងក្នុង​ព្រះវិហារ មាន​ព្រះ​ពុទ្ធបដិមា ព្រះ​សិ​អារ្យ​មេត្រី​យ៍ ព័ណ៌​មាស កម្ពស់ ៦,៨ ម៉ែត្រ គង់នៅ លើ​រត​នប​ល្ល​ង្ក​ដែល​រំលេច​ក្បាច់​ខ្មែរ​យ៉ាង​ស្រស់ស្អាត ។ នៅ​ខាងក្រោយ​ប​ល្ល​ង្ក​មាន​ផ្ទាំង​សិលាចារឹក ចារ​ជា​អក្សរ​ខ្មែរ​ថា​៖ “ ព្រះតេជព្រះគុណ លីវ ដួង (Liêu Đuông) ជា​ព្រះចៅអធិការ​ជំនា​ន់ទី ១៧ គ្រប់គ្រង​វត្ត​ចាប់ពី​ឆ្នាំ ១៨៩៣ ដល់​ឆ្នាំ ១៩២៨ បាន​កសាង​ព្រះ​ពុទ្ធបដិមា នៅក្នុង​ពុទ្ធសករាជ ២៤៦០ ដោយមាន​ការឧបត្ថម្ភ​ពី​គ្រួសារ លោក ឡុ​ម សុន (Lum Sun)” ។​

​ជា​រៀងរាល់ឆ្នាំ សមណ​សិស្ស​បាន​និមន្ត​មកពី​ខេត្ត​នានា​ទូទាំង​ដែនដី​កម្ពុជា​ក្រោម គង់នៅ​ក្នុង​វត្ត ឃ្លាំង ដើម្បី​សិក្សា​ផ្នែក​ពុទ្ធចក្រ ខាង​ភាសាបាលី និង​ផ្នែក​អាណាចក្រ​ជា​ភាសា​យួន នៅ​សាលា បំពេញវិជ្ជា​វប្បធម៌​មធ្យមសិក្សា​បាលី​ណា​ម​បូ ។​

​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ​សិស្ស ប្រមាណ​ជាង ២០០ អង្គ បាន ចេញ​ធ្វើបាតុកម្ម ដោយ​សន្តិវិធី​នៅមុខ​ការិយាល័យ​នគរបាល​ខេត្ត​ឃ្លាំង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព សិទ្ធិ​ខ្មែរក្រោម​នៃ​ដែនដី​កម្ពុជា​ក្រោម ។ ក្រោយពី​ព្រឹត្តិការណ៍​នេះ ព្រះសង្ឃ​ដែល​បាន​ចូលរួម​បា​តុ កម្ម​ជាច្រើន​អង្គ ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក ក្នុងនោះ មាន​ព្រះសង្ឃ​ចំនួន ៥ អង្គ ត្រូវ​ជាប់ពន្ធនាគារ ពី ២ ទៅ ៤ ឆ្នាំ ព្រះសង្ឃ​អង្គ​ខ្លះ ត្រូវ​បណ្ដេញ​ចេញពី​សាលារៀន និង​ភៀស ព្រះកាយ​ទៅ​ប្រទេស កម្ពុជា ដើម្បី​គេច​ពី​ការគំរាមកំហែង​របស់​រដ្ឋាភិបាល​យួន ។​

សព្វថ្ងៃ ក្រសួង​វប្បធម៌ និង​ព័ត៌មាន នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បានចេញ​សម្រេច លេខ 84/QĐ-BVHTT ចុះ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៩០ ទទួលស្គាល់ ស្ថាបត្យកម្ម និង​សិល្បៈ នៃ​វត្ត​ឃ្លាំង ថា​ជា​សម្បត្តិ​បេតិកភណ្ឌ​ថ្នាក់​របស់​ប្រទេស​វៀតណាម ៕​

 

Comments are closed