ដំណឹង ខួប ៦៨ ឆ្នាំ នៃ​ទិវា ៤ មិថុនា​ ​ប្រារព្ធ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទូទាំង​ពិភពលោក​

នៅ​ថ្ងៃអាទិត្យ ទី ៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភព លោក នឹង​ប្រារព្ធ​ខួប ៦៨ ឆ្នាំ ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​ធ្វើ​អាណា និគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។​

ពលរដ្ឋខ្មែរក្រោមនៅទីក្រុង San Jose ប្រារព្ធខួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា នៅវត្តពុទ្ធឃោសាចារ្យ ថ្ងៃទី ១១ ខែមិថុនា ២០១៧ ៖ រូបថតៈ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោមនៅទីក្រុង San Jose ប្រារព្ធខួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា នៅវត្តពុទ្ធឃោសាចារ្យ ថ្ងៃទី ១១ ខែមិថុនា ២០១៧ ៖ រូបថតៈ ស៊ឺន ចែងចើន

​ខាងក្រោម​នេះ ជា​ដំណឹង​នៃ​ពិធីបុណ្យ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដែល​នឹង​ប្រារព្ធ​ដោយ​សាខា       សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ទទួល

បាន នៅ​ថ្ងៃទី ១៧ ខែឧសភា នេះ ។​

​នៅ​ទីក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង ប្រារព្ធ​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ នៅ​វត្ត​ពោធិ​វង្ស               ក្រោម​អធិបតីភាព លោក ថាច់ វៀន ជា​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក សឺ​ង សម្រេច ជាទី​ប្រឹក្សា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​សមាជិក សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​នានា​ក្នុង​ទ្វីបអឺរ៉ុប ។​

​លោក ថាច់ វៀន បាន​មានប្រសាសន៍​អំពី​ពិធីបុណ្យ​នេះ​យ៉ាងនេះ​ថា​៖

(​សំឡេង​)

​ទោះបី​ដែនដី​កម្ពុជា​ក្រោម ត្រូវ​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម​ធ្វើ​អាណានិគម​អស់​រយៈពេល ៦៨ ហើយ ក៏ដោយ តែ លោក ថាច់ វៀន បាន​អំពាវនាវ​ឲ្យ​សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ ក្រោម​ទូទាំង​ពិភពលោក​កុំ​អស់សង្ឃឹម និង​បន្តធ្វើ​ការតស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា​ត​ទៅមុខទៀត ដើម្បី​នាំមក​នូវ​សិទ្ធិសេរីភាព និង​សិទ្ធិ​ស​ម្រ​ច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម  សព្វថ្ងៃ ។​

​លោក ថាច់ វៀន មានប្រសាសន៍ថា​៖
(​សំឡេង​)

​នៅ​ប្រទេស​ហូ​ឡង់ ប្រារព្ធ​នៅ​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៧ នៅ​គេហដ្ឋាន​របស់ លោក សឺ​ន       សា​វ៉ាង អតីត​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ខេត្តតាកែវ ប្រទេស​កម្ពុជា ។ ពិធី​នេះ​រៀបចំ​ដោយ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ហូ​ឡង់ ដឹកនាំ​ដោយ លោក ត្រឹង ច័ន្ទ សា        រ៉ា​ត ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង លោក សឺ​ន សា​វ៉ាង តាមរយៈ​ទូរស័ព្ទ​លេខ 31-611-643-253 ។​

​នៅ​ប្រទេស​អ៊ីតាលី ប្រារព្ធ​នៅ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ នៅ​វត្ត​រស្មី​ខេមរា​រាម (​វត្ត​ខ្មែរ​អ៊ីតាលី​) ។ ពិធី​នេះ​រៀបចំ​ដោយ​ក្រុមយុវជន​ខ្មែរក្រោម​ប្រចាំ​ប្រទេស​អ៊ីតាលី ក្រោម​អធិបតីភាព លោក ត្រឹង សារុង ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទ្វីបអឺរ៉ុប  លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិប​ត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក សឺ​ង សម្រេច ជាទី​ប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង លោក ត្រឹង សារុង តាមរយៈ​ទូរស័ព្ទ​លេខ 39-342-550-2284 ។​

​នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ប្រារព្ធ​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ នៅ​វត្ត​ខេមររ​ង្សី ។ ពិធី​នេះ​រៀបចំ​ដោយ​គណៈកម្មការ​វត្ត​ខេមររ​ង្សី និង​វត្ត​ពុទ្ធឃោសាចារ្យ ព្រមទាំង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose ។ លោក ចៅ សេរី ជា​អនុប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចូល​នៅក្នុង​ពិធី​នេះ ដើម្បី​ជម្រាប​អំពី​លទ្ធផល​នៃ​សកម្មភាព​ការងារ​របស់    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ទើបតែ​បាន​បំពេញបេសកកម្ម​ថ្មី​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ សិទ្ធិ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម  និង ថាច់ តង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ប្រចាំ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក  ព្រមទាំង​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី         ទីក្រុង​ផ្សេងៗ​ក្នុង​រដ្ឋ California ។​

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​

​លោក លី ឃោ​ន ទូរស័ព្ទ​លេខ (669) 251-6381
​លោក ថាច់ តង ទូរស័ព្ទ​លេខ (408) 314-6929
​លោក ថាច់ វឿ​ង ទូរស័ព្ទ​លេខ (209) 221-5175
​លោក ថាច់ ជូន ទូរស័ព្ទ​លេខ (408) 613- 6196
​លោក ឡឹម សា​វេត ទូរស័ព្ទ​លេខ (408) 712-1253
​លោក ថាច់ វិ​ន ទូរស័ព្ទ​លេខ (408) 775-0779

​សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃទី ៤ ខែមិថុនា សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ពិភពលោក ដូចជា ប្រទេស​កម្ពុជា  ថៃ  សហរដ្ឋអាមេរិក  កាណាដា អូ​ស្តា​លី New Zealand និង ប្រទេសមួយ​ចំនួន​នៅ​អឺ​រុ​ប ដូចជា បារាំង ស្វិ​ស អ៊ីតាលី ហូ​ឡង់ ជាដើម តែងតែ​ប្រារព្ធ​ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ជា​អតីត​ទឹកដី​មួយ​ភាគ​ធំ​របស់​ប្រទេស​កម្ពុជា ឲ្យ​ទៅ​យួន​បន្តធ្វើ​អាណានិគម​លើ​ខ្មែរក្រោម ។​

​កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បានប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ក្នុងការ​ប្រគល់​ដែនដី​កូស័ងស៊ីន ឲ្យ​ទៅជា​រដ្ឋ​ចំណុះ    វៀតណាម​ដែល​ពលរដ្ឋ​ខ្មែរ​ចាត់ទុកថា ជា​សន្ធិសញ្ញា​ខុសច្បាប់ ។​

​ដែនដី​កូស័ងស៊ីន ឬ កម្ពុជា​ក្រោម មាន​ទំហំ ៦៧ ពាន់ គីឡូម៉ែត្រ​ក្រឡា នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ឬ  ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម សព្វថ្ងៃ ។ ក្រោយពី​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម មក ពលរដ្ឋ​ខ្មែរក្រោម​វាល់​លាន​នាក់​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម បាន​បន្ត​រស់នៅ​ក្រោម​នឹម​អាណា និគម​យួន​រហូតមកដល់ សព្វថ្ងៃ ។​

​សព្វថ្ងៃ ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម មិនមាន​សិទ្ធិ​ប្រារព្ធ​ខួប ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន ដែល​អាណានិគមនិយម​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម និង​វាសនា​របស់ខ្លួន ផ្ទេរ​ឲ្យ​ទៅ​នៅក្រោម​នឹម​អាណានិគម​ថ្មី​របស់​យួន​នោះឡើយ ។ ទិវា​នេះ ប្រារព្ធ​បានតែ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ ប្រទេស​តែ​ប៉​ណ្ណោះ ៕