ចម្លើយ​ថា “​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​” ជា​យូរ​មកហើយ ជាការ​ដាស់សតិ​អ្នកដឹកនាំ​ខ្មែរ​គ្រប់រូប​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​អ្នក​សេរ​អត្ថបទ​កំណត់ហេតុ​នៅលើ​គេហទំព័រ​ប្លក់​ផ្ទាល់ខ្លួន​ម្នាក់ នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ចុះ ផ្សាយ​អត្ថបទ​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ឆ្លើយតប​នឹង​សម្ដី​របស់​មន្ត្រី​ស្ថានទូត វៀតណាម​ប្រចាំ​កម្ពុជា ដែល​បាន​ថ្លែងថា ដែនដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ប្រទេស​វៀតណាម ជា​យូរយារ​ណាស់​មកហើយ និង​ថា បារាំង​មិនបាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ ព្រោះ​វៀតណាម​បាន កាន់កាប់​ដែនដី​កម្ពុជា​ក្រោម មុនពេល​បារាំង​ចូលមក​ធ្វើ​អាណានិគម ។ ការសរសេរ​អត្ថបទ​នេះ ខណៈ ដែល​ជម្លោះ​ពាក្យសម្ដី​រវាង​មន្ត្រី​នាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជុំវិញ​ការខ្វែងគំនិត​គ្នា​ទៅលើ​បញ្ហា​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ។ ជម្លោះ​ពាក្យសម្ដី​នេះ​បាន កើតឡើង តាមរយៈ​សារព័ត៌មាន បន្ទាប់ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្ធ​ខួប ៦៥ ឆ្នាំ នៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ ។

ផែនទីកម្ពុជាក្រោម ។
ផែនទីកម្ពុជាក្រោម ។

ទាញយក

​លោក សៀង សុភ័ក្ត្រ ម្ចាស់​គេហទំព័រ​ប្លក់ “​ស្រែ​ខ្មុក​” ដែលមាន​អាសយដ្ឋាន www.sopheak.word press.com នៅក្នុង​ខែមិថុនា កន្លងទៅនេះ បាន​សរសេរ​អត្ថបទ​ដែល​ទាក់ទង​នឹង​ជម្លោះ​ពាក្យសម្ដី​នេះ​ជា បន្តបន្ទាប់ ។ ម្ចាស់​អត្ថបទ​ប្លក់​បានចាត់ទុក​សម្ដី​រប​ស់​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ថា ជាការ បំភ្លៃ​ប្រវត្តិសាស្ត្រ ហើយក៏​ជាការ​ដាស់សតិ​អារម្មណ៍​របស់​មេដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់ ឲ្យ​ដឹង​ពី​មនោគមន៍ វិជ្ជា​ដ៏​ពិសពុល​របស់​ជនជាតិ​យួន ផងដែរ ។​

​យួន​បំភ្លៃ​ប្រវត្តិសាស្ត្រ​៖

​អត្ថបទ​មួយ​មាន​ចំណងជើង​ថា “​បំភ្លៃ​ប្រវត្តិសាស្ត្រ​” ដែល​ម្ចាស់​ប្លក់ “​ស្រែ​ខ្មុក​” បាន​សរសេរ ហើយ​ចុះ ផ្សាយ​នៅ​ថ្ងៃទី ៨ ខែមិថុនា ពីរ​ថ្ងៃ បន្ទាប់ ពី លោក ត្រឹង វ៉ាំ​ង ថុង (Tran Van Thong ) អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៤ ថា “…​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​…” ។ ឆ្លើយតប​នឹង​សម្ដី​មន្ត្រី ស្ថានទូត​វៀតណាម​រូបនេះ ម្ចាស់​ប្លក់​បាន​រិះគន់​វៀតណាម​ថា ពិភពលោក​នឹង​សើចចំអក​ឲ្យ​ជនជាតិ​យួន ដែល​ហ៊ាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដោយ​មិនចេះ​អៀនខ្មាស់ ។​

​អត្ថបទ​នេះ​បានសរសេរថា​៖

“​ក្នុងនាម​ជា​ជនជាតិខ្មែរ​មួយរូប វា​ពិតជា​គួរ​ឲ្យ​ចុកចាប់​ណាស់ ហើយ​រឹតតែ​ឈឺចាប់​ទៅទៀត​នៅពេលដែល​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន មិនមាន​ការតបត​អ្វី​បន្តិច​សោះ បើទោះបីជា​បានដឹងថា​សម្ដី​របស់​អ្នកនាំពាក្យ​ស្ថានទូត​រូបនេះ គឺជា​សម្ដី​មិន​ពិត បំភ្លៃ​ប្រវត្តិសាស្ត្រ និង​មើលងាយ​បុព្វបុរស​ខ្មែរ​ជា​ពន់ពេក ។​

ប្រសិនបើ វៀតណាម​និយាយថា ទឹកដី​កម្ពុជា​ក្រោម ឬ​បច្ចុប្បន្ន​យួន​ភាគខាងត្បូង​នោះ ជា​របស់​វៀតណាម​តាំងពី​ដូនតា​មក មានតែ​គ្មានទេ​អាណាចក្រ​ចាម្ប៉ា ដែល​ពិភពលោក​បានដឹង​បាន​ឮថា​មានកំណើត​នៅ​ភាគ​កណ្ដាល​វៀតណាម​បច្ចុប្បន្ននេះ ផងដែរ​។ វា​គ្មានទេ​ដែលថា វៀតណាម​មាននៅ​ភាគ​ខាងជើង ទុកចន្លោះ​កណ្ដាល​ឲ្យ​អាណាចក្រ​ចាម្ប៉ា និង​មួយផ្នែក​ទៀត​នៅ​ភាគខាងត្បូង ឬ ទឹកដី​កម្ពុជា​ក្រោម​នោះ ជា​របស់​ប្រទេស​វៀតណាម​នោះ ។​

​នរណាៗ​ក៏បាន​ដឹង​ដែរ​ថា បុព្វបុរស​យួន​បានចាប់ផ្ដើម​គំនិត​វាទ​ទី​និយម យក​ប្រទេស​ចាម្ប៉ា​ទាំងមូល​បាត់ បន្ទាប់មក​ប្រើ​កលល្បិច​ដដែលៗ​លេប​យក​កម្ពុជា​ក្រោម​របស់​ខ្មែរ​ទៅ​បាត់ នេះ​មិនចាំបាច់​និយាយ​ដល់ ភ័ស្តុតាង​នានា ដែល​នៅ​បន្សល់ទុក​រាប់មិនអស់​នៅ​អតីត​ដែនដី​កម្ពុជា​ទាំងនោះ​ផង​ទេ​។​

​វា​គួរ​ឲ្យ​ឈឺ​ចុកចាប់​ណាស់ ក្រៅពី​មិនបាន​ទទួលស្គាល់ថា​ទឹកដី​ដែល​ខ្លួន​កំពុង​រស់នៅ រកស៊ី​មានបាន​សព្វថ្ងៃនេះ ជា​អតីត​កម្មសិទ្ធិ​របស់​អ្នកដទៃ​នោះ ថែម​បក​មកវិញ ហ៊ាន​ប្រឌិត​ថា​ជា​របស់ខ្លួន​តាំងពី​ដូនតា​មកទៀត ។ ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​ខ្មាស់អៀន​បែបនេះ​ពី​សំណាក់​ជន​វៀតណាម បានត្រឹមតែ​ធ្វើ​ឲ្យ​ពិភពលោក​សើចចំអក​តែប៉ុណ្ណោះ ។ សម្រាប់​ជនជាតិខ្មែរ​វិញ គ្រប់គ្នា​យល់ច្បាស់​ណាស់​ពី​សន្ដាន​នៃ​ជនជាតិ (​យួន​) នេះ​” ។​

ដាស់តឿន​សតិអារម្មណ៍​មេដឹកនាំ​ខ្មែរ​៖

​ក្រោយមក នៅ​ថ្ងៃទី ២៦ ខែមិថុនា គេហទំព័រ​ដដែល​បាន​ចុះផ្សាយ​អត្ថបទ​មួយទៀត​មាន​ចំណងជើង​ថា “​ចម្លើយ​របស់​វៀតណាម គឺជា​ការ​ដាស់សតិ​អ្នកដឹកនាំ​ខ្មែរ​គ្រប់រូប​” បន្ទាប់ពី​មន្ត្រី​ស្ថានទូត​វៀតណាម ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ម្ដង​ទៀតថា “​វៀតណាម​ខាងត្បូង គឺជា​របស់​វៀតណាម តាំងពី​យូរណាស់​មកហើយ​” ។ អត្ថបទ​នេះ ម្ចាស់​ប្លក់​បាន​ដាស់​ស្មារតី​កូន​ខ្មែរ ជាពិសេស មេដឹកនាំ​ខ្មែរ​នៅ​កម្ពុជា​គ្រប់រូប​ថា ត្រូវតែ​ប្រកាសអាសន្ន​ឲ្យ​បាន​ឆាប់​បំផុត​អំពី​បញ្ហា​ជនអន្តោប្រវេសន៍​យួន​ដែល​កំពុងតែ​ហូរ​ចូល​កម្ពុជា​ខុសច្បាប់​រៀងរាល់ ថ្ងៃ ព្រោះថា ថ្ងៃក្រោយ វៀតណាម​នឹង​ប្រកាសថា ជនជាតិ​យួន​មក​រស់​នៅលើ​ទឹកដី​កម្ពុជា ជា​យូរ​មក ហើយ ។ ទំ​បំផុត វៀតណាម​អាច​និយាយថា កម្ពុជា ជា​ទឹកដី​របស់​វៀតណាម​ជា​យូរ​មកហើយ​ដែរ ។​

​អត្ថបទ​នេះ បាន​សរសេរ​យ៉ាងនេះ​ថា​៖

“​រឿងរ៉ាវ​ដែល​តំណាង​ប្រទេស​វៀតណាម​នៅ​កម្ពុជា​និយាយ​ពី​អតីត​ដែនដី​កម្ពុជា​ក្រោម នៅ​មិនទាន់​ស្ងប់​ នៅឡើយ​ទេ​ខណៈ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រកាស​នឹងធ្វើ​បាតុកម្ម ឯ​រដ្ឋាភិបាល​ខ្មែរ​ស្ងាត់បាត់​ដូច​គេ ចុក ។ ចំពោះ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នេះ​កើតចេញពី​ការនិយាយ​បំផ្លើស​ប្រវត្តិសាស្ត្រ ពី​សំណាក់​តំណាង​ប្រទេស​វៀតណាម​នៅ​កម្ពុជា​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរ​មកហើយ​នោះ ។​

ឪអ្វីដែល​គួរ​យកចិត្តទុកដាក់​ពី​សំណាក់​អ្នកដឹកនាំ​ខ្មែរ​ទាំង​បច្ចុប្បន្ន និង​ទាំង​អនាគត​នោះ​គឺថា សម្ដី​របស់​អ្នកតំណាង​ប្រទេស​វៀតណាម​នេះ គួរ​ត្រូវបាន​ពិចារណា ហើយ​គួរ​ប្រែក្លាយ​ជាការ​ដាស់តឿន​សតិអារម្មណ៍​ពី​មនោគមន៍វិជ្ជា​ដ៏​ពិសពុល​នៃ​ជនជាតិ​វៀតណាម​ដែលមាន​មកលើ​ប្រទេសជិតខាង ។​

​ទស្សនៈ​ដែលថា​មាន​ជនជាតិ​ខ្លួន​រស់នៅ​ច្រើន​យូរ​ឆ្នាំ ហើយ​ចុងក្រោយ​បំផុត​ក៏​គិតថា​ទឹកដី​នោះ​ជា របស់ខ្លួន គឺជា​ល្បិច និង​មហិច្ឆតា ដែល​ជនជាតិ​វៀតណាម​ប្រើប្រាស់​ដដែល​ជា​ដដែល​ម​កលើ​អាណាចក្រ​ចម្ប៉ា និង​កម្ពុជា​ក្រោម​នៅ​ទីបំផុត ។ ប្រការនេះ ការបន្ត​ជនអន្តោប្រវេសន៍​វៀតណាម​មក​ពាសពេញ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ដោយ​ខុសច្បាប់​គឺជា​អាសន្ន​មួយ​ដែល​គួរ​ត្រូវបាន​ប្រកាស​ឲ្យ​បាន​ឆាប់រហ័ស ដ្បិត​ នៅ​ទីបំផុត​ទៅ​វៀតណាម​ប្រាកដជា​មិនបាន​ទទួលស្គាល់​ទេ ជាក់ស្ដែង​ដូច​ក្នុងករណី​កម្ពុជា​ក្រោម​ដ៏​កម្សត់​របស់​យើង​មួយ​នេះ ។ រឿងរ៉ាវ​កម្ពុជា​ក្រោម​មិនមែនជា​ល្បែង​ដែល​អ្នកនយោបាយ​ខ្មែរ​យកមក​ប្រកួតប្រជែង​គ្នា​ឡើយ តែ​វា​ជា​រឿង​អនាគត​នៃ​ខ្មែរ​គ្រប់រូប​” ។​

​កម្ពុជា​ក្រោម​ស្ថិតក្នុង​បេះដូង​កូន​ខ្មែរ​ជានិច្ច​៖

​ទាក់​ទង់​នឹង​ការ​បំ​ភ្លែ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម របស់​មន្ត្រី​ស្ថានទូត​វៀតណាម​នេះ នៅ​ថ្ងៃទី ២៨ ខែមិថុនា គេហទំព័រ​ដដែល​បាន​ចុះផ្សាយ​អត្ថបទ​មួយទៀត​មាន​ចំណងជើង​ថា “ សម្រាប់​ខ្មែរ​នោះ មិនមែន «​សៃ​ហ្ក​ន​» មិនមែន «​ហូជីមិញ​» តែ​ជា «​ព្រៃនគរ​»” ដើម្បី​បញ្ជាក់​ពី​ទឹកចិត្ត​កូន​ខ្មែរ​ថា ទឹកដី “​កម្ពុជា​ក្រោម គឺ​ស្ថិតក្នុង​បេះដូង​គេ​ជានិច្ច​” ហើយ​បាន​ផ្ដាំ​ឲ្យ​ជនជាតិខ្មែរ​គ្រប់រូប ហៅ​ទីក្រុង​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ថា «​ក្រុង​ព្រៃនគរ​» ជំនួស​ឲ្យ​ហៅថា ក្រុង​សៃ​ហ្ក​ន ឬ ក្រុង​ហូជីមិញ វិញ ។​

​អត្ថបទ​នេះ​បានសរសេរថា​៖

“​បើទោះបី​ថ្នាក់ដឹកនាំ​វៀតណាម​ខំ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិភពលោក​ក៏ដោយ តែ​ជា​ការពិត​មិនអាច​ប្រកែក​បាន អតីត​ដែនដី​ភាគខាងត្បូង​របស់​វៀត​ណា​ម​បច្ចុប្បន្ននេះ គឺជា​របស់​ខ្មែរ​យ៉ាងពិត​ប្រាកដ ហើយ​ដែលមាន​ទីប្រជុំជន​ធំ​បំផុត នោះ​គឺ​ក្រុង «​ព្រៃនគរ​»​។​

​គ្មាន​នរណា​ចង់​ឲ្យ​ទឹកដី​ដ៏​ធំធេង​មហាសាល​នេះ​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​បរទេស​ទេ រាប់ទាំង​មេដឹកនាំ​ខ្មែរ​គ្រប់​សម័យកាល តែ​ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម គឺជា​មហិច្ឆតា​លោភលន់​ប្លន់​យក​ទឹកដី​គេ ពី​សំណាក់​ជនជាតិ​យួន​នេះ​ទេតើ​ហ៍​? ណាស់​ហើយ​! មកដល់​សម័យ​បច្ចុប្បន្ននេះ​វា​ប្រាកដ​ណាស់​ថា នឹង​ពិបាក​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម មកវិញ​ណាស់ ហើយ​វា​ក៏​ប្រហែលជា​ពិបាក​ផងដែរ​ក្នុងការ​បញ្ឈប់​មហិច្ឆតា​របស់​វៀតណាម មិន​ឲ្យ​បញ្ឈប់​គំនិត​ឈ្លានពាន​ទឹកដី​បរទេស​បន្តទៀត​ដែរ ។ ប្រការនេះ​សម្រាប់​កម្ពុជា​នោះ ការការពារ​ទឹកដី​ដែលមាន​ស្រាប់​អាចជា​កិច្ចការ​មួយ​មិនជា​ស្រួល​ប៉ុន្មាន​ទេ ។​

​សម្រាប់​មនុស្ស​ដែលមាន​ឈាម​ខ្មែរ​នោះ ទោះ​ក្នុង​ទេសៈកាលៈ​ណាក៏ដោយ កម្ពុជា​ក្រោម គឺ​ស្ថិតក្នុង​បេះដូង​គេ​ជានិច្ច ។ បើទោះបីជា​កម្ពុជា​ក្រោម និង​ក្រុង​ព្រៃនគរ ធ្លាក់​ក្នុង​កណ្ដាប់ដៃ​របស់​វៀត​ណា​ម​ទៅហើយ​ក្ដី មនោសញ្ចេតនា​ខ្មែរ​នៅ​ឆ្លា​ក់ជាប់​ឥតមាន​ថ្ងៃ​បំភ្លេច ។ សម្រាប់​ជនជាតិខ្មែរ​នោះ គួរ​ហៅ​ទីក្រុង​បច្ចុប្បន្ន​ថា «​ក្រុង​ព្រៃនគរ​» ជំនួស​ឲ្យ​ហៅថា ក្រុង​សៃ​ហ្ក​ន ឬ ក្រុង​ហូជីមិញ នោះ​” ។​

កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​យូរហើយ​៖

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៤ ពីរ​ថ្ងៃ​បន្ទាប់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រារព្ធ​ខួប ៦៥ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​នោះ លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​៖

“​បារាំង​មិនបាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ តែ​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ ព័ត៌មាន​បាត់បង់​ទឹកដី គ្មានអ្វី​ជា​មូលដ្ឋាន​ទេ គ្មានអ្វី​ជា​ភស្តុតាង​ទេ​” ។​

ក្រោយមក មន្ត្រី​វៀតណាម​រូបនេះ​ដដែល​បាន​ថ្លែង​បន្តទៀតថា​៖

“​ទឹកដី​វៀតណាម​ភាគខាងត្បូង ដែលជា​តំបន់​មាន​បងប្អូន​ខ្មែរ​រស់នៅ គឺ មុន​ពេលដែល​បារាំង​ចូលមក ជា​ទឹកដី​របស់​វៀតណាម​ទៅហើយ ។ ដូច្នេះ តំបន់​ទឹកដី​ណា​ម​បូ​វៀតណាម​ខាងត្បូង គឺជា​របស់​វៀតណាម តាំងពី​យូរណាស់​មកហើយ​” ។

​ខ្មែរក្រោម​ជា​ជនជាតិដើម​៖

ទោះបី មន្ត្រី​វៀតណាម​បាន​បំភ្លៃ និង​មន្ត្រី​ខ្មែរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ហ៊ាន​ចេញមុខ​ការពារ​ប្រវត្តិ សាស្ត្រ​យ៉ាងណាក៏ដោយ តែ​តាម​ឯកសារ​ភស្តុតាង​ជាច្រើន​នៅ​កម្ពុជា​ក្រោម​បញ្ជាក់​ឲ្យ​ឃើញថា ខ្មែរក្រោម ជា​ម្ចាស់​ស្រុក​នៃ​កម្ពុជា​ក្រោម ។ ភស្តុតាង​ទាំងនោះ មាន​វត្ត​អារាម​ជាដើម ដោយ​វត្ត​សម្បូរ​រង្សី (​សម្បួរ​) ឋិត នៅក្នុង​ស្រុក​កំពុង​ស្ពាន ខេត្ត​ព្រះ​ត្រពាំង បាន​ស្ថាបនា​ឡើង​ក្នុង ព​. ស​. ៩១៦ គ​. ស​. ៣៧៣ បើ​គិត​មកទល់នឹង​ឆ្នាំ ២០១៤ វត្ត​នេះ មាន​អាយុកាល ១៦៤១ ។ បើ​គិត​តាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី​នេះ និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​ថា ស្ដេច​ត្រកូល ង្វៀង បាន​ចូល​មកសុំ​ខ្ចី​ទឹកដី​ខ្មែរ​នៅ​ម្ដុំ​ព្រៃនគរ នា​ចុង​សតវត្សរ៍​ទី ១៧ ក្នុង​ឆ្នាំ ១៦៩៨ ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​ស្ដេច​យួន​ត្រកូល ទ្រិ​ន (Trinh) ភាគ​ខាងជើង នោះ ឃើញថា ជនជាតិ​យួន​បាន​ចូលមក​វាតទី​ដែនដី​កម្ពុជា​ក្រោម ក្រោយ​ខ្មែរក្រោម​កសាង​វត្ត​សម្បូរ​រង្សី ១៣១៦ ឆ្នាំ ៕