ខេត្តព្រះត្រពាំង

ដោយ ថាច់ ប្រីជា គឿន

ទិដ្ឋភាពខេត្តព្រះត្រពាំង ។

ទិដ្ឋភាពខេត្តព្រះត្រពាំង ។

ព្រះ​ត្រពាំង ជា​ខេត្ត​មួយ នៅជាប់ នឹង​ទន្លេ​នៃ តំបន់​វាលទំនាប នៃ​ទន្លេមេគង្គ​ដែនដី​កម្ពុជា ក្រោម​។ មជ្ឈមណ្ឌល សំខាន់​របស់​ខេត្ត​គឺ ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ឋិត​នៅ លើផ្លូវ​ជាតិ​លេខ ៥៣ ចម្ងាយ​ពី​ទី ក្រុង​ព្រៃនគរ ២០០ គីឡូម៉ែត្រ និង​ពី​ទីក្រុង​ព្រែក​ឫស្សី ១០០ គីឡូម៉ែត្រ ។​

​ទីតាំង​ភូមិសាស្ត្រ​៖

​ទិសខាងកើត និង ទិសអាគ្នេយ៍​ជាប់ នឹង​ឈូង សមុទ្រ​ចិន ប្រវែង​ប្រមាណ ៦៣ Km ទិស​ខាង លិច និង​នីរ​តី ជាប់​នឹង​ខេត្ត​ឃ្លាំង ដែលមាន​ទន្លេ បាសាក់​ជា​ព្រំប្រទល់ (​ប្រវែង​ប្រមាណ ៦០ Km) ទិស​ខាងជើង និង​ពាយព្យ​ជាប់​ព្រំប្រទល់ នឹង​ខេត្ត​លង់​ហោរ ចំណែក​ទិស​ខាងជើង និង ឦសាន​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​កំពង់​ឫស្សី ។​

​ផ្ទៃដី​៖

​ខេត្ត​ព្រះ​ត្រពាំង មាន​ផ្ទៃដី​សរុប 2.215,15 km² ស្មើនឹង 221.515,03 ha (​រង្វាស់​ឆ្នាំ ២០០៣) ។​

​រដ្ឋបាល​ភូមិសាស្ត្រ​៖

​ខេត្ត​ព្រះ​ត្រពាំង បច្ចុប្បន្ន​ត្រូវបាន រដ្ឋាភិបាល​វៀតណាម បែង​ចែកជា ៨ ស្រុក និង ខ័​ណ្ឌ ក្នុងនោះ​រួមមាន ទី​រួម​ខេត្ត និង ស្រុក​ទាំង ៧ ។ ក្នុង​ទី​រួម​ខេត្ត និង ស្រុក​ទាំង ៧ នេះ មាន ៩៤ ឃុំ​/ សង្កាត់ និង ទីរួមស្រុក ។​

​ស្រុក​ទាំង ៧ រួមមាន​៖

  • ​ស្រុក​កន្លង់ (Càng Long)
  • ​ស្រុក​កំពង់ធំ (Châu Thành)
  • ​ស្រុក​កំពង់​ស្ពាន (Cầu Kè)
  • ​ស្រុក​កញ្ចោង (Tiểu Cần)
  • ​ស្រុក​ថ្កូវ (Trà Cú)
  • ​ស្រុក​ផ្នោ​ដាច់ (Cầu Ngang)
  • ​ស្រុក​មាត់សមុទ្រ (Duyên Hải)
  • ​ទី​រួម​ខេត្ត (Thị Xã)

​ប្រជាជន​៖

​យោងតាម​ស​ព្វា​វចនាធិប្បាយ (Wikipedia) ជា​ភាសា​យួន បាន​ផ្សាយ​ថា​ស្ថិតិ​ឆ្នាំ ១៩៧១ ខេត្ត​ព្រះ​ត្រពាំង​មាន​ប្រជាជន ចំនួន ៤១១.១៩០ នាក់ ។​

​ស្ថិតិ ឆ្នាំ ២០០០ ប្រជាជន​ត្រូវបាន​កើនឡើង​ដល់ ៩៧៣.០៦៥ ។​

​នៅលើ​ផ្ទៃដី​ខេត្ត​ព្រះ​ត្រពាំង មាន​ប្រជាជន​ចំនួន ២៩ ជនជាតិ​ផ្សេង​ពីគ្នា ប៉ុន្តែ​ប្រជាជន​ដែល​ច្រើនជាងគេ​នោះ គឺ ជនជាតិខ្មែរ ។​

​ប្រជាជន​ខេត្ត​ព្រះ​ត្រពាំង មាន ៥,៩៩% នៃ​តំបន់​វាលទំនាប​ទន្លេមេគង្គ (​តាម​ជំរឿន​ឆ្នាំ ២០០០ នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​) ក្នុងនោះ ៨៧ % រស់​នៅតាម​តំបន់​ជនបទ និង​កំណើនប្រជាជន​នៅ​ឆ្នាំ ២០០០ គឺ ១,៦៥ ។​

​តាម​ស​ព្វា​វចនាធិប្បាយ​សេរី (Wikipedia) ដដែល​បាន​បញ្ជាក់ថា ខេត្ត​ព្រះ​ត្រពាំង គឺជា​មូលដ្ឋាន​នៃ​ការរស់នៅ ជា​យូរ​មកហើយ របស់​ជនជាតិដើម​ខ្មែរក្រោម ដែលមាន​ខឿនវប្បធម៌​របស់ ជនជាតិ នេះ​ជា​និម្មិត​រូប​ដូចជា ភាសា ,​អក្សរ , មុខម្ហូប និង​ជាពិសេស គឺ​វត្ត​អារាម​គឺជា​និម្មិត​រូប​ដ៏​សំខាន់​ជាងគេ ។​

​ប្រវត្តិ​សង្ខេប​៖

​ខេត្ត​ព្រះ​ត្រពាំង​ពីមុន​គឺជា​ស្រុក​មួយ នៃ​ខេត្ត​លង់​ហោរ ដែល​គេ​ហៅថា ស្រុក​ព្រះ​ត្រពាំង ។ ពេលដែល​ខ្មែរក្រោម​ឋិត នៅក្រោម ការគ្រប់គ្រង​របស់​ស្តេច​យួន​ត្រកូល​ង្វៀង (Nguyễn) ខេត្ត​ព្រះ​ត្រពាំង គឺជា​ស្រុក​មួយ នៅក្នុង​ខេត្ត​ឡង់​ហោរ (​ត្រូវបាន​បង្កើតឡើង នា​ឆ្នាំ ១៨៣២ )​។ ឆ្នាំ ១៨៧៦ បារាំង​បាន​ចែក​ខេត្ត​លង់​ហោរ​ចេញ​ជា ៣ និគម គឺ លង់​ហោរ​, ព្រះ​ត្រពាំង និង កំពង់​ឫស្សី ។​

​ខេត្ត​ព្រះ​ត្រពាំង ត្រូវបាន​បង្កើតឡើង​នៅតាម​អនុ​ក្រិ​ត្យ ចុះ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហភាព​ឥណ្ឌូចិន ឈរ​នៅលើ មូលដ្ឋាន​ប្តូរ​ឈ្មោះ​ពី​និគម​ទៅជា​ខេត្ត​វិញ ចាប់តាំងពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ ។ ដូច្នេះ ខេត្ត​ព្រះ​ត្រពាំង គឺជា​ខេត្ត​មួយ​ក្នុងចំណោម ២០ ខេត្ត​នៅ​កម្ពុជា​ក្រោម​នាពេលនោះ ។​នៅ​ក្នុងសម័យ​អាណានិគមនិយម​បារាំង​ខេត្ត ព្រះ​ត្រពាំង មាន ៨ ស្រុក គឺ កំពង់​ស្ពាន​, ផ្នោ​រដាច់ និង ស្រុក​កន្លង់ (​ពីមុន​ឋិត​នៅក្នុង​ខេត្ត​ព្រែក​ឫស្សី ក្រោយមក បានដាក់​បញ្ចូល​ទៅក្នុង​ខេត្ត​លង់​ហោរ និង​បន្ទាប់មកទៀត បានដាក់​បញ្ចូល​ទៅក្នុង​ខេត្ត​ព្រះ​ត្រពាំង​រហូតដល់​សព្វថ្ងៃ​) ស្រុក​កំពង់ធំ​, ស្រុក​កញ្ចោង ,​ស្រុក​ថ្កូវ​, ស្រុក​ត្រពាំង ឈូក (Long Tòan) (​ឥឡូវនេះ​បានក្លាយ​ជា​ស្រុក​មាត់សមុទ្រ​) ចំណែក​ស្រុក​កំពប់​តែ​អុង ឫ ស្រុក​តា​ឱន (Trà Ôn) មួយទៀត ត្រូវជា ៨ (​សព្វថ្ងៃ ស្រុក​កំពប់​តែ​អុង​ត្រូវបាន​ឋិត​នៅក្នុង​ខេត្ត លង់​ហោរ វិញ ) ។​

​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥១ គណៈកម្មាធិការ​រណសិរ្ស​រដ្ឋបាល​ភាគខាងត្បូង (Ủy ban Kháng chiến Hành chính Nam Bộ) នៃ​រដ្ឋាភិបាល សាធារណរដ្ឋ​ប្រជាមានិត​យួន (Việt Nam Dân Chủ Cộng Hòa ) បានដាក់​បញ្ចូល​ខេត្ត​ទាំងពីរ​គឺ​ខេត្ត​លង់​ហោរ និង ខេត្ត​ព្រះ​ត្រពាំង ឲ្យ​ក្លាយទៅជា​ខេត្ត​ថ្មី​មួយទៀត​ឈ្មោះថា ខេត្ត​វិញ​ត្រា ( Vĩnh Trà) ។ ពេលនោះ ស្រុក​កញ្ចោង ត្រូវបាន ដាក់បញ្ចូល​ទៅក្នុង​ស្រុក​កន្លង់ វិញ ។ ខេត្ត​វិញ​ត្រា​ដែល​យួន​បាន​បង្កើត​ថ្មី​នៅពេលនោះ ត្រូវបាន​តាំងនៅ​រហូតដល់​ឆ្នាំ ១៩៥៤ ។ រដ្ឋាភិបាល​សាធារណរដ្ឋ (Việt Nam Cộng Hòa) បាន​ប្តូរ​ឈ្មោះ​ខេត្ត​ព្រះ​ពាំង (Trà Vinh) ទៅជា​ខេត្ត​វិញ​បិ​ញ (Vinh Bình) តាម​សេចក្តីបញ្ជា​លេខ 143-NV របស់​ប្រធានាធិបតី ចុះ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ។​

​ទោះបីជា​យ៉ាងនេះ​ក្តី រដ្ឋាភិបាល​រណសិរ្ស​រំដោះប្រជាជន​យួន​ខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Việt Nam) ដែល​ក្រោយមក បាន​ក្លាយជា​រដ្ឋាភិបាល​បណ្តោះ អាសន្ន សាធារណរដ្ឋ​យួន​ខាងត្បូង (Cộng Hòa Miên Nam Việt Nam) និង រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​យួន​ខាងជើង មិន​ព្រម​ទទួលស្គាល់​ឈ្មោះ​ខេត្ត​វិញ​ត្រា​ឡើយ ពួកគេ នៅតែ​ហៅ ឈ្មោះ​ខេត្ត​ព្រះ​ត្រពាំង (Trà Vinh) ដដែល ។​

ផែនទីខេត្តព្រះត្រពាំង ។

ផែនទីខេត្តព្រះត្រពាំង ។

ខែកុម្ភៈ ឆ្នាំ ១៩៧៦ រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម បាន​រាប់បញ្ចូល​ខេត្ត​ព្រះ​ត្រពាំង និង​ខេត្ត​លង់​ហោរ ឲ្យ​ក្លាយទៅជា ខេត្ត​មួយទៀត​ឈ្មោះថា ខេត្ត​មេគង្គ (Cửu Long) និង​រហូតដល់​ថ្ងៃទី ២៦ ខែ ១២ ឆ្នាំ ១៩៩១ ត្រូវបាន​បែងចែក​ខេត្ត​ចេញ​ឲ្យ​នៅ​ដូចដើម​វិញ ។ ពេល​បាន​ចែក​ខេត្ត យើង​ឃើញថា ខេត្ត ព្រះ​ត្រពាំង​មាន​ថ្ទៃ​ដី ២៣៦៣,០៣ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជនមាន ៩៦១. ៦៣៨ នាក់ ដោយមាន​រដ្ឋបាល​ភូមិសាស្ត្រ ដូច​សព្វថ្ងៃនេះ ។​

​ប្រវត្តិ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ហៅ​ខេត្ត​នេះ​ថា «​ព្រះ​ត្រពាំង​» នោះ​មាន​លំនាំ​ដើមទង​ដូចខាងក្រោម ៖

​ឈ្មោះ «​ព្រះ​ត្រពាំង​» បានកកើតឡើង​ដំណាល នឹង​អាយុកាល​នៃ​ការកសាង វត្ត​ពោធិ​សាល​រាជ ហៅ វត្ត​កំពង់ ឋិត​នៅ​ក្ នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​កសាង​នៅ គ​.​ស​. ៦៤២ ។​

​ពីមុន​វត្ត​ពោធិ​សាល​រាជ (​កំពង់​) ឋិត​នៅ​ខាងលិច​វត្ត​កំពង់ ដែលមាន​ទីតាំង​នៅក្នុង​ព្រលាន​បាលទាត់ ខេត្ត​ព្រះ​ត្រពាំង សព្វថ្ងៃ ។ ក្រោយមក​វត្ត​ពោធិ​សាល​រាជ (​កំពង់​) ចាស់ ក៏បាន​រើម​កក​សាង នៅ​កន្លែង ថ្មី ដែលមាន​ទីតាំង​ឋិត​នៅ​កន្លែង​សព្វថ្ងៃនេះ​វិញ ។​

​មូលហេតុ​ដែល​នាំ​ឲ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម ឯកច្ឆ័ន្ទ​រុះរើ​វត្ត​កំ ពង់​ពី​កន្លែងចាស់ មក​សាងសង់​ត្រង់​កន្លែង​ថ្មី​នោះ គឺមាន រឿងដំណាល​ថា មាន​ព្រះ​ពុទ្ធបដិមា​ឈើ​មួយអង្គ បាន​ផុស​ពី ត្រពាំង​មួយ នៅក្បែរ​វត្ត​វត្ត​ពោធិ​សាល​រាជ (​កំពង់​) បច្ចុប្បន្ននេះ​។ ពេល​ពលរដ្ឋ​ខ្មែរក្រោម បានឃើញ​ព្រះពុទ្ធ​បដិមា​ដែល​បាន​ផុស​ឡើង​នោះ ក៏បាន​នាំគ្នា​ទៅ​ទូល​ព្រះតេជព្រះគុណ​ព្រះ ឧបជ្ឈាយ៍ ព្រះនាម មាស មក​ដើម្បី​ស្រង់​ឡើង តែ​ស្រង់​មិនបាន​ឡើយ ។ លុះ​ពេលយប់ ព្រះ​ឧ​ជ្ឈា​យ៍ ថាច់ មាស សឹង​សុបិន​ឃើញ​គេ​ពន្យល់ថា សូម​ឲ្យ ខ្លួន​ព្រះអង្គ យក​អម្បស់ ៩ សរសៃ​ទៅ អូស​ឡើង​ទើបបាន ។ ក្រោយពី​បានឃើញ​សុបិន​យ៉ាងនេះ ព្រះ​ឧ​ជ្ឈា​យ៍​ព្រះ នាម មាស ក៏​ទ្រង់​នែ​នាំ​ឲ្យ​ពុទ្ធ​រិ​ស័​ទ​ធ្វើតាម​ការពន្យល់​នៃ​សុបិន​និម្មិត​របស់​ព្រះអង្គ ។ ពេល​ព្រះអង្គ​និង​ពុទ្ធបរិស័ទ​អូស​ព្រះ​ពុទ្ធបដិមា ឡើង​លើដី​ទួល​មកដល់​ទីតាំង​វត្ត​ពោធិ​សាល​រាជ (​កំពង់​) សព្វថ្ងៃនេះ ស្រាប់តែ​ដាច់​ខ្សែ​អម្បស់​ទាំង ៩ សរសៃ​នោះ​តែម្តង ។ ព្រះ​ឧ​ជ្ឈា​យ៍​ព្រះនាម មាស និង​ពុទ្ធបរិស័ទ​ក៏​សម្រេច កសាង​វត្ត​កំពង់​នៅ​ចំ​កន្លែង​ដែល​ដាច់​ខ្សែ​នោះ​តែម្តង ដើម្បី​ធ្វើការ​គោរពបូជា​ចំ ពោះ​ព្រះពុទ្ធសាសនា និង​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​ខ្មែរ​បួស​រៀន និង​ប្រតិបត្តិ​ធម៌អាថ៌ សិក្សា​អក្សរសាស្ត្រ​ខ្មែរ តាម​ប្រពៃណី ជាតិ​តរៀងមក ។​

​វត្ត​ដែល​បាន​កសាង​នោះ មានឈ្មោះ​ជា​ភាសាបាលីថា វត្ត​ពោធិ​សាល​រាជ និង​ភាសា​ខ្មែរ​គេ​និយម​ហៅថា វត្ត​កំពង់ ។ ចំណែក​ជនជាតិ​យួន​វិញ​បាននាំគ្នា​ហៅ ឈ្មោះ វត្ត​កំពង់ ថា ជួ​អុង​មាឃ (Chùa Ông Miệt) ប្រែ​ថា វត្ត​របស់​តា​មាស ។​

​រឿង​ព្រះ​ពុទ្ធរូប​ផុស​ពី​ត្រពាំង​នេះហើយ បានជា​ពលរដ្ឋ​ខ្មែរក្រោម​នាំគ្នា​ហៅ​ឈ្មោះ​ខេត្ត​ថា «​ព្រះ​ត្រពាំង​» ជា​រៀងរហូត មកដល់ សព្វថ្ងៃនេះ ។​

​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរក្រោម អ្នក​ដែល​នៅ​ជាយ​ខេត្ត ព្រះ​ត្រពាំង វិញ ពេលធ្វើ​ដំណើរ​ទៅ​ផ្សារ​ខេត្ត គេ​មិន​និយម​ហៅថា​ទៅ ផ្សារ​ព្រះ​ត្រពាំង ទេ គេ​ហៅថា​ទៅ ផ្សារ​កំពង់ រហូតមក ដល់​សព្វថ្ងៃនេះ ។​

​វប្បធម៌​៖

​ខេត្ត​ព្រះ​ត្រពាំង គឺជា​ខេត្ត​ជង្រុក​នៃ​វប្បធម៌​ដ៏​សម្បូរបែប របស់​ជនជាតិខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ខ្មែរក្រោម​សរសេរ​អក្សរ​ខ្មែរ ដាច់ដោយឡែក​ពី​ជនជាតិ កិ​ញ (Kinh) ឬ ជនជាតិ​យួន ជា​អាណា​និគមជន និង​មាន​ពិធីបុណ្យ​ប្រពៃណី​និង​សាសនា ដ៏​សំខាន់ នៅក្នុង​សង្គម ដូចជា​ពិធីបុណ្យ​ចូលឆ្នាំថ្មី (១៤ _ ១៥ _១៦ ខែមេសា​) , ពិធីបុណ្យ​សែន​ដូន តា ( បុណ្យ​ភ្ជុំបិណ្ឌ​) , បុណ្យ​អកអំបុក សំពះ​ព្រះ​ខែ លយប្រទីប ប្រណាំងទូក ង , បុណ្យ​កឋិនទាន និង ពី​ធី​សង្ឃ​ចូល ចេញ​វស្សា នៅតាម​វត្ត​អារាម​ជាដើម ដែលមាន តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ។​

​ក្រៅពី​មាន​ពិធី​បុណ្យទាន​ប្រពៃណី​ផ្សេងៗ​នៅក្នុង​សង្គម​ខ្មែរក្រោម នៃ​ខេត្ត​មួយ​នេះ វត្ត​អារាម​ដ៏​បុរាណ​មាន​ចំនួន ១៤១ គឺជា​និ​មិ្ម​ត​រូប និង​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​បង្ហាញ​ដល់​មតិ​ជាតិ និង អន្តរជាតិ​ឲ្យ​បានដឹង​ពី​អត្តសញ្ញាណ​ជនជាតិខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​វត្ត​អារាម​ព្រះពុទ្ធសាសនា​ខ្មែរ​៖

​ខេត្ត​ព្រះ​ត្រពាំង​មាន ១៤២ វត្ត ក្នុងនោះ​ស្រុក​នីមួយ​រួមមាន​៖

  • ​ស្រុក​កំពង់​ស្ពាន ២២ វត្ត​
  • ​ស្រុក​ថ្កូវ ៤៤ វត្ត​
  • ​ស្រុក​ផ្នោ​ដាច់ ២៣​វត្ត​
  • ​ស្រុក​កញ្ចោង ១៥ វត្ត​
  • ​ស្រុក​កន្លង់ ០៤ វត្ត​
  • ​ស្រុក​កំពង់ធំ ១៦ វត្ត​
  • ​ស្រុក​មាត់​សាមុទ្រ ០៧ វត្ត​
  • ​ទី​រួម​ខេត្ត ១១ វត្ត​

​រ​មណី​យ​ដ្ឋា​ន​៖

​សារមន្ទីរ​ជនជាតិខ្មែរ នៅ​ខេត្ត​ព្រះ​ត្រពាំង ( Bảo Tàng Dân Tộc Khmer tỉnh Trà Vinh) ៖

​សារមន្ទីរ​នេះ មាន​ទីតាំង​ឋិត​នៅ​ចំ​មុខ​វត្ត​អង្គររាជ​បូរី (​អង្គ​) និង​ក្បែរ​រមណី យ​ដ្ឋា​ន​ស្រះ​គូ ។

​ពេល​ឈាន​ជើង​ចូល​ទស្សនា សារមន្ទីរ​នេះ យើង​នឹង​បានឃើញ​នូវ​វត្ថុ​បុរាណ​ជាច្រើន ដែល​ដូនតា​ខ្មែរ នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បាន បន្សល់ទុក​មក ដូចជា ឈ្នាង , កញ្ជើ​, ត្បាលកិនស្រូវ​, កណ្តៀវ​ច្រូតស្រូវ​, រហាត់​បាចទឹក និង សម្លៀកបំពាក់​ខ្មែរ​ពី​បុរាណ​ជាដើម ។ ក្រៅពី​វត្ថុ​បុរាណ​ទាំងនេះ ក៏មាន​តាំង​ពិ​ពណ៌​រូបភាព​ក្រុម​សិ​ល្បះ​រស្មី​ប្រទីប នៃ ខេត្ត​ព្រះ​ត្រពាំង ផងដែរ ។​

​រមណីយដ្ឋាន​ស្រះ​គូ ឬ​គូ​ស្រះស្រី​៖

​រមណីយដ្ឋាន​ស្រះ​គូ ឬ​គូ​ស្រះស្រី​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ របស់​ជនជាតិដើម​ខ្មែរក្រោម ដ៏​ល្បីល្បាញ​នៅ​ខេត្ត​ទឹកដី​ខេត្ត​ព្រះ​ត្រពាំង ។ ស្រះ​គូ​មាន​ទីតាំង​ឋិត​នៅក្នុង​ក្រុមទី ៣ សង្កាត់ ទី ៨ ទី​រួម​ខេត្ត​ព្រះ​ត្រពាំង (​ដែល​ពីមុន​ឋិត​នៅក្នុង​ភូមិ​តា​គូ ឃុំ​សម្បួរ ស្រុក​កំពង់ធំ ) ចម្ងាយ​ពី​ផ្សារ​កំពង់ ប្រមាណ ៧ Km តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥៣ ឆ្ពោះទៅ​ទិស​នីរ​តី ។ ស្រះ​គូ​មាន​រាង​បួន​ជ្រុង​ទ្រវែង ស្ទឹង​ប្រវែង ៣០០ ម៉ែត្រ បណ្តោយ ប្រវែង ៥០០ ម៉ែត្រ (​ប្រហាក់ប្រហែល​នឹង​រាង​បួន​ជ្រុង​) បានជា​ជនជាតិ​យួន​ហៅថា «​អាវ​យ៉ួ​ង​» (Ao Vuông) ប្រែ​ថា »​ស្រះ​បួន​ជ្រុង​» ។ ស្រះ​មានទឹក​ថ្លាយង់ រំលេច​ដោយ​ផ្កាឈូក និង​ព្រលិត​លំចង់​ជាល​ម្អ គួរ​ឲ្យ ទស្សនា ។ ជុំវិញ​ស្រះ​គឺ​ដើម​ឈើទាល​ធំៗ​មាន អាយុកាល​រាប់​សតវត្សរ៍ ហើយ​អ្វីដែល​អស្ចារ្យ​នោះ គឺ​ឫស​ឈើទាល បាន​ដុះ នៅ​លើដី​ខ្ពស់​ផុត​ជំហរ មនុស្ស​ក្រោយពី​អាចម៍ដី​បាន​ហូរ ពេល​ដែលមាន​ភ្លៀង​បន្តិច​ម្តងៗ​ជាច្រើន​ឆ្នាំ​ខែ​មក​នោះ ។​

​បច្ចុប្បន្ន​ស្រះ​គូ គឺជា​កន្លែង​សម្រាប់​លំហើយ​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បានមក​ទស្សនា​កំសាន្ត ជា​រៀងរាល់ថ្ងៃ ។ ជាពិសេស​ស្រះ​គូ គឺជា​កន្លែង​ដែល​គូសង្សារ តែងតែ​ណាត់គ្នា ដើម្បី​សាសង​ផ្តោះផ្តង​ស្នេហា និង​ជា​កន្លែង ដែល​គូ ស្វាមីភរិយា​ទើបតែ​រៀបការ​ថ្មី​មក​ថតរូប និង​វីដេអូ​ទុក ជា​កម្រង​អនុស្សាវរីយ​ផងដែរ ។​

​នៅក្បែរ​ស្រះ​គូ គឺមាន​វត្ត​អង្គររាជ​បូរី (​អង្គ​)​ដែល​បាន​កសាង​កាលពី គ​.​ស​. ៩៩០ ។​

​ឆ្នាំ ១៩៩៦ នៅ​ជុំវិញ​បរិវេណ​វត្ត​អង្គររាជ​បូរី (​អង្គ​) មាន​សារ​មន្តីរ​ជនជាតិខ្មែរ និង​ស្រះ​គូ​ជាដើម ត្រូវបាន​ក្រសួង​វប្បធម៌​ឃោសនាការ នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន ទទួលស្គាល់​ជា​ផ្លូវការ​ថា ជា​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ ថ្នាក់ជាតិ ៕​

.