ខេត្តមាត់ជ្រូក

ដោយ ថាច់ ប្រីជា គឿន

មាត់ជ្រូក ជា​ខេត្ត​ខ្មែរ​មួយ​នៅ​កម្ពុជា​ក្រោម ឋិត​ក្នុង​តំបន់ វាលទំនាប​នៃ​ដែនដី​សណ្ត​ទន្លេមេគង្គ បច្ចុប្បន្ន ត្រូវបាន រដ្ឋាភិបាល​បក្សកុម្មុយនិស្ត យួន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន ថា ខេត្ត​អាងយ៉ាង ( យួនៈ​An Giang ) ។​

ទិដ្ឋភាពខេត្តមាត់ជ្រូក ។

ទិដ្ឋភាពខេត្តមាត់ជ្រូក ។

​អត្ថន័យ ពាក្យ​ថា មាត់ជ្រូក​៖

​យោងតាម​វចនានុក្រម​ខ្មែរ​របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) បោះពុម្ព​ឆ្នាំ ១៩៦៧ បាន ពន្យល់​ត្រង់​ពាក្យ​ថា « មាត់ជ្រូក » មានន័យ​យ៉ាងនេះ​៖

មាត់ជ្រូក ន​. ឈ្មោះ​ខែត្រ​មួយ​ក្នុង​ដែនកម្ពុជា​ក្រោម (​យួន ហៅ ចូ​វ​ដុក​) ពី​ដើម​ជា​ខែត្រ​របស់​កម្ពុជរដ្ឋ​ហៅថា ខែត្រ ទ្រាំង​ត្រើយ​ត្បូង ឋិត​នៅ​ទល់​គ្នា​នឹង ខែត្រ​ទ្រាំង​ត្រើយ​ជើង (​ខែត្រ​តាកែវ​សព្វថ្ងៃនេះ​) ។​

​ទីតាំង​ភូមិសាស្ត្រ​៖

​ខេត្ត​មាត់ជ្រូក ទិស​ពាយព្យ​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​កម្ពុជា​ប្រវែង​ប្រមាណ ១០៤ Km ទិសនិរតី​ជាប់​នឹង​ខេត្ត​ក្រមួនស (Kiên Giang) ប្រវែង ប្រមាណ ៦៩,៧៨៩ Km ខាងត្បូង​ជាប់​ទីក្រុង ព្រែក​ឬ​ស្សី (Cần Thơ) ប្រវែង​ប្រមាណ ៤៤,៧៣៤ Km ខាងកើត​ជាប់​នឹង​ខេត្ត ផ្សារ​ដែក (Sa Đéc បច្ចុប្បន្ន Đồng Tháp) ប្រវែង​ប្រមាណ ១០៧,២៦៨ Km ។ ពី​ខេត្ត​មាត់ជ្រូក​ទៅ​ទីក្រុង​ព្រៃនគរ មាន​ប្រវែង ប្រមាណ ២៥០ Km ឆ្ពោះទៅ​ទិសនិរតី និង​ត្រូវធ្វើ ដំណើរ​ដោយ​រថយន្តក្រុង​អស់​រយៈពេល ៦ ម៉ោង ។​

​រដ្ឋបាល​ភូមិសាស្ត្រ​៖

​ខេត្ត​មាត់ជ្រូក មាន​ទីក្រុង​មួយ​គឺ ទីក្រុង បា​រាជ (Long Xuyên) និង​ទី​រួម​ខេត្ត​មួយ គឺ​ទី​រួម​ខេត្ត​មាត់ជ្រូក (Châu Đốc) និង​មានស្រុក ៩ គឺ​៖

  • ស្រុក​បុរី​ជលសា An Phú
  • ស្រុក​បែក​ថ្លាង Châu Phú
  • ស្រុក​បា​រាជ Châu Thành
  • ស្រុក​ផ្សារ​ថ្មី Chợ Mới
  • ស្រុក​ស្នែង​ព្រះ​គោ Phú Tân
  • ស្រុក​ក្អម​សំណ Tân Châu
  • ស្រុក​បា​ថេរ Thoại Sơn
  • ស្រុក​ក្របៅ Tịnh Biên
  • ស្រុក​ស្វាយ​ទង Tri Tôn

​ចំនួន​ប្រជាជន​ និង​ផ្ទៃដី​៖

​ស្ថិតិ​និង​ជំរឿន​ឆ្នាំ ២០០៤ របស់​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​យួន​៖

  • ផ្ទៃដី​: 3.406,2 km²
  • ប្រជាជន​ចំនួន​:2.170.100 នាក់​

​ប្រវត្តិ​៖

​ខេត្ត​មាត់ជ្រូក​ជា​ដី​មួយ​ភាគ​របស់​អាណាចក្រ​នគរ​ភ្នំ ឬ ខេត្ត​មួយ​ដែនកម្ពុជា​ក្រោម ។ ពីមុន​ខេត្ត នេះ​ខ្មែរ​ហៅថា​កំពង់ហ្លួង​(Tầm Phong Long) ។​

​ឆ្នាំ ១៨៣៤ ស្តេច​យួន​ឈ្មោះ ម៉ិ​ញ ម៉ាង (Minh Mạng) ដែល​សោយរាជ្យ នៅ​ទីក្រុង​ហ្វេ (Huế) បាន​ប្តូរ​ឈ្មោះ​ខេត្ត​ខ្មែរ នៅ​កម្ពុជា​ក្រោម ទាំង ៦ ឲ្យ​ទៅជា​ភាសា​យួន​ដែល​ភាសា​យួន ហៅថា ណា​ម​គី​ឡុ​ក​តិ​ញ ( Nam Kỳ Lục Tỉnh ) ។ ពេលនោះ ខេត្ត​មាត់ជ្រូក ត្រូវបាន​ប្តូរ ឈ្មោះ ទៅជា​ភាសា​យួន​ថា ខេត្ត​អាងយ៉ាង (An Giang) និង ទី​រួម​ខេត្ត​មាត់ជ្រូក ត្រូវបាន​ដាក់ឈ្មោះ ជា​ភាសា​យួន​ថា ចូ​វ​ដុក (Châu Đốc) ។​

ផែនទី ខេត្តមាត់ជ្រូក ។

ផែនទី ខេត្តមាត់ជ្រូក ។

​សម័យ​អាណានិគមនិយម​បារាំង​៖

​ក្រោយពី​បាន​ចូល​ត្រួតត្រា​ដែនដី​កម្ពុជា​ក្រោម បារាំង​បាន​លុបចោល​នូវ​រដ្ឋបាល​ភូមិសាស្ត្រ​ចាស់​ទាំង ៦ ខេត្ត ហើយ​បាន​ចែក​រដ្ឋបាល ភូមិសាស្ត្រ នៅ​កម្ពុជា​ក្រោម​ចេញ​ជា​តំបន់​ធំៗ ៤ ហើយ​ក្នុង​តំបន់​នីមួយៗ ត្រូវបាន​ចែកចេញជា​និគម​ឬ​ស្រុក​តូចៗ​ទៀត ដើម្បី ងាយស្រួល ក្នុងការ​គ្រប់គ្រង ។​

​ពេលនោះ ខេត្ត​មាត់ជ្រូក (Châu Đốc) គឺជា និគម ឬ ស្រុក​មួយ​ក្នុងចំណោម​និគម​ទាំង ៦ របស់ តំបន់​បាសាក់ (​យួនៈ Bát Sắc) នៅ​កម្ពុជា​ក្រោម ។ និគម​ទាំង ៦ នោះ​រួមមាន ៖

​ឈ្មោះ​និគម​ជា​ភាសា​ខ្មែរ និង​ភាសា​យួន៖​

  • និគម មាត់ជ្រូក Châu Đốc
  • និគម ពាម Hà Tiên
  • និគម បា​រាជ Long Xuyên
  • និគម ក្រមួនស Rạch Giá
  • និគម ព្រែក​ឬ​ស្សី​ Cần Thơ
  • និគម ឃ្លាំង Sóc Trăng

​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​មាត់ ជ្រូក (Châu Đốc) ត្រូវបាន​ក្លាយជា​ខេត្ត តាម កិច្ចព្រមព្រៀង ចុះ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហព័ន្ធ​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល​ពី និគម​ទៅជា​ខេត្ត ។​

​ឆ្នាំ ១៩០៣ ខេត្ត​មាត់ជ្រូក មាន ៣ ស្រុក​គឺ​៖

  • ស្រុក​ក្អម​សំណ Tân Châu
  • ស្រុក​ស្វាយ​ទង Tri Tôn
  • ស្រុក​ក្របៅ Tịnh Biên

ដល់​ឆ្នាំ ១៩១៩ មានស្រុក​បែក​ថ្លាង Châu Phú មួយទៀត ។​

​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៥៦ រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hòa ) បាន ផ្លាស់​ឈ្មោះ​ខេត្ត​មាត់ជ្រូក (Châu Đốc) និង​ខេត្ត បា​រាជ (Long Xuyên) ឲ្យ​ទៅ​ភាសា​យួន​ថា ខេត្ត​អាង យ៉ាង គឺ​ទៅជា​ខេត្ត​មាត់ជ្រូក​តែមួយ ។​

​ចំនួន​វត្ត​ខ្មែរក្រោម​៖

​ខេត្ត​មាត់ជ្រូក​មាន​វត្ត​ព្រះពុទ្ធ​សាស នា​ថេរវាទ​ខ្មែរក្រោម ចំនួន ៦៤ វត្ត ។​

​ឯកសារយោង ៖

http://www.wikipedia.org
វចនានុក្រម​ខ្មែរ​របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) បោះពុម្ព​ឆ្នាំ ១៩៦៧ ។​