ដួងចិត្តស្រះស្រី

ស្រះគូ_6

សូរ្យសែងចែងចាំទៅទិសបស្ចឹម
រស្មីញញឹមមុនពេលរលត់
លើផ្ទៃស្រះស្រីទឹកដីកម្សត់
រាត្រីសង្កត់ព្រាត់ដួងសិរិយា។

រុក្ខជាតិឈរស្ងៀមហាក់បៀមទុក្ខសោក
វត្តអង្គវិយោគណែនតឹងឱរ៉ា
សារមន្ទីរវិវធខ្លោចផ្សា
មានអារម្មណ៍ទុក្ខឥតល្ហែល្ហើយ។

ឱ!ភូមិព្រះស្រែស្និទ្ធស្នេហ៍ស្រះប្រុស
ស្រះស្រីស្រណោះហៅគ្មានអ្នកឆ្លើយ
ទឹកភ្នែកជិតរីងស្ងួតហើយត្រាណត្រើយ
ម្តេចអ្នកព្រងើយអោយស្រីទួញយំ។

សុរិយាលិចហើយប្រុសអើយដឹងទេ
យប់ខ្វះដួងខែអូននៅឯកា
ទឹកភ្នែកស្រីស្រក់សួរម្ចាស់ខេមរា
តើដល់ពេលណាជួយដោះទុក្ខស្រី។​

ដោយ ភិក្ខុ ថាច់ ត្រេវ វត្តជ្រៃតាសូ