ចេញពី​គុក​កូន​ពេញក្រមុំ​

ចេញពី​គុក​កូន​ពេញក្រមុំ​
(​កំណាព្យ​មេពាក្យ ៧)
ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១១

ចេញពី​គុក​កូន​ពេញក្រមុំ​
ចេញពី​គុក​កូន​ពេញក្រមុំ​

សូម​ឧទ្ទិស​កំណាព្យ​នេះ​ជូន​ដល់​យុទ្ធជន​ខ្មែរក្រោម​ ​ដែល​បាន​បូជាជីវិត​ក្នុង​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា និង​ ​អ្នក​កំពុងមាន​ជីវិត​រស់នៅៗ​ឡើយ​ដែល​សល់​ពី​ការសម្លាប់​ ​របស់​រដ្ឋាភិបាល​យួន​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ។​

​ម្ភៃ​ឆ្នាំ​រង​ទុក្ខ​ក្នុង​គុក​ងឹ​ត
​ឈឺ​ក្រៀម​ក្រំចិត្ត​គិត​រឹត​ទ្វេ​
​យួន​វាយដំ​ខ្លួន​មិន​ថ្វី​ទេ
​ជាតិ​នៅក្រោម​គេ​ឈឺ​កន្លង ។​

​ក្រោយ​ថ្ងៃ​ដប់​ប្រាំមួយ​វិច្ឆិកា
​រង​ទុក្ខ​ខ្លោចផ្សា​លា​ប្អូន​បង​
​ឃ្លាត​ប្រពន្ធ​កូន​ស្ងួន​ស្នេហ៍ស្នង
​ម្ភៃ​ឆ្នាំ​អនង្គ​នៅ​មេម៉ាយ ។​

​ក្នុង​គុក​ងងឹត​ដូច​ភ្នែក​ខ្វាក់
​ក្នុង​ចិត្ត​ខ្ញុំ​ជាក់​ភ្លឺ​សុះសាយ​
​នឹកឃើញ​រឿង​ដើម​គ្មាន​រសាយ
​ពេល​ខ្លួន​ឃ្លាតឆ្ងាយ​អ្នក​រាល់គ្នា ។​
​នឹកឃើញ​ទឹកភ្នែក​ភរិយា​ថ្លៃ
​ខំប្រឹង​បក់ដៃ​យំ​គ្រាំគ្រា​
​ដៃ​ជាប់​ចំណង​គ្មាន​ពាក្យ​លា
​ម៉ែឪ​មីងមា​ជា​សាច់ញាតិ ។​

​យួន​ចងស្លាបសេក​បណ្ដើរ​ខ្ញុំ
​កាន់​គុក​លត់​ដំ​តាម​ផ្លូវជាតិ​
​ឲ្យ​យួន​មើលមុខ​ចងអាឃាត
​ដុំថ្ម​ព្រោងព្រាត​ចោល​មក​ខ្ញុំ ។​

​ទោះ​យួន​ដៀល​ខ្ញុំ​ថា​ចោលម្សៀត
​តែ​នេះ​រឿង​ជាតិ​ជា​រឿង​ធំ​
​គ្មាន​រឿង​ផ្ទាល់ខ្លួន​ចងគំនុំ
​នេះ​ជា​រឿង​ធំ​រឿង​ពូជសាសន៍ ។​

​ដល់​ថ្ងៃ​កំណត់​ចេញពី​គុក
​ម្ដាយ​និង​ឪពុក​វ័យ​ជ្រេ​ចាស់​
​កូន​ពេញក្រមុំ​មិន​ស្គាល់​ច្បាស់
​ម្ភៃ​ឆ្នាំ​ឃ្លាត​ផ្ទះ​ទុក្ខ​ប្រពន្ធ ៕​