VOKK – សំឡេងកម្ពុជាក្រោម – ប្រភពជីវិតកូន

ប្រភពជីវិតកូន

April 5, 2016 12:40 AMComments Off on ប្រភពជីវិតកូនViews: 31

(បទពាក្យ ៨)

ម៉ែជាប្រភពផ្តល់នៅជីវិត

កូនផ្តើមសណ្ឋិតក្នុងផ្ទៃខ្នងខ្នើយ

គ្រប់ខែម៉ែឆ្លងផុតដែនកោះត្រើយ

ឲ្យកូនហ្នឹងហើយចាប់ភពពន្លឺ ។

ពេលកូនឆ្លងផុតសំឡេងយំង៉ា

ថាម៉ែអស្ចារ្យជាព្រះពន្លឺ

ប្រទានដល់កូនភពមួយឃើញឮ

ម៉ែសុខចិត្តឈឺដើម្បីកូនភ្ងា ។

ពេលនោះខ្លួនកូនក្រហមឆ្អិនឆ្អៅ

ម៉ែគេងឲ្យបៅដោយចិត្តល្អជា

ម៉ែបីថ្នមថ្នាក់ថែសព្វវេលា

ប្រស់ព្រំគ្រប់គ្រាសន្តោសប្រណី ។

រូបកូននិងម៉ែតែងនៅជាប់ប្រាណ

វេលារុញច្រានកូនធំដឹងក្តី

តែមើលទៅម៉ែមិនផ្លាស់ប្តូរអ្វី

នៅតែពោលស្តីគ្រប់ភារៈកិច្ច ។

ឳពុកអ្នកម្តាយរាល់ថ្ងៃខំប្រឹង

ពេញមួយទំហឹងប្រឹងទាំងកកិត

ទម្លុះទម្លាយនាយអាយឆ្ងាយជិត

ស៊ូដោយទឹកចិត្តឲ្យកូនធំឡើង ។

ម៉ែឳតែងខ្លាចខ្លូនកូនអត់ឃ្លាន

ខិតខំឲ្យមានហូបចុកថ្កុំថ្កើង

ប្រឹងឲ្យកូនរៀនខ្លាចចេះស្ដួចស្ដើង

ខ្លាចកូនភ្លើតភ្លើនកើតរឿងមិនល្អ ។

វេលារស់នៅម៉ែតែងបន្ទោស

ក្នុងរឿងកូនខុសពាក្យឥតបវរ

តែក្នុងចិត្តម៉ែព្រះទ័យស្មោះស

ណែនាំឲ្យល្អបវរថ្លៃថ្លា ។

នោះគឺទឹកចិត្តឋិតជាប់សន្តាន

ម៉ែល្អចំណានបានសព្វកិច្ចការ

ម៉ែជាគ្រូដើមឆ្នើមឆ្នៃអស្ចារ្យ

ចិត្តប៉ងប្រាថ្នាចារជាប់ពេញប្រាណ ។

សង្ឃឹមកូនខ្លួនរលូនទៅមុខ

ជួបតែក្តីសុខវិជ្ជាលំអាន

ជូនពរឲ្យកូនជួតែកល្យាណ

មិត្តល្អក្សេមក្សាននៅក្នុងសង្គម ។

ទឹកចិត្តអ្នកម្តាយសាយស្វពគ្រប់ជ្រុង

ប្រស់ព្រុំក្រៅក្នុងរុំព័ទ្ធត្រសុំ

មានរស់ជាតិផ្អែមប្រៀដូចទឹកឃ្មុំ

ន័យល្អិតសុខុមប្រគុំជូនកូន ។

ទឹកចិត្តអ្នកម្តាយពោពេញដោយស្មោះ

ឥតឃ្លាតឥតខ្សោះឥតមានសាបសូន្យ

ទឹកចិត្តអ្នកម្តាយក្បែរសព្វជាប់ជូន

ថែបានគ្រប់កូនឥតក្ដីលំអៀង ។

ទឹកចិត្តអ្នកម្តាយកកាយចិញ្ចឹម

ឲ្យកូនរម្យទមសម្ដីពិតទៀង

ទឹកចិត្តអ្នកម្តាយស្រោចស្រពដូចភ្លៀង

ប្រាប់កូនឲ្យវៀងអំពើសៅហ្មង ។

នោះគឺបំណងម៉ែឳចុងក្រោយ

កូនកុំថ្លោះធ្លោយលយហួសកន្លង

សូមកូនគ្រប់រូបចូរស្តាប់ត្រាប់ផង

អំណាចម៉ែផ្សងប៉ងសុខយប់ថ្ងៃ ។

ដំណើជីវិតម៉ែពិតបវរ

ចាំងច្បាស់ខ្មៅសល្អពិតថ្លាថ្លៃ

ផ្តល់ភាពរស់នៅតម្រូវសព្វថ្ងៃ

ឲ្យកូនសប្បាយថ្លៃអឺយចងចាំ ។

កូនសូមចាំច្បាស់គុណម៉ែកន្លង

កូនចាំឥតហ្មងត្រងត្រាប់បណ្តាំ

ទោះជាវេលាឋិតនៅរយឆ្នាំ

ក៏កូននៅចាំបណ្តាំឧត្តម ។

ចាំច្បាស់ម៉ែថែកាលកូននៅតូច

ចាំច្បាស់កូនខូចម៉ែបំពេថ្នម

ចាំច្បាស់កូនក្ដៅម៉ែដាក់ទឹកស្អំ

ចាំច្បាស់រណ្ដំថ្នមសព្វអង្គប្រាណ ។

កូនមិនភ្លេចទេមាសមេម៉ែអឺយ

កូនមិនភ្លេចឡើយត្រើយភពសុខសាន

កូនមិនអាចភ្លេចភពជីវិតថ្កាន

កូនមិនភ្លេចបានសន្តានម៉ែល្អ ។

កើតមកជាតិនេះភ័ព្វគាប់ចិន្តា

បានម្តាយអស្ចារ្យភ្លឺថ្លាបវរ

ថ្នាក់ថ្នមលើកដាក់ជាក់លាក់ស្មោះស

ឥតល្អក់កករល្អល្អះក្នុងលោក ។

បើមានជាតិក្រោយឲ្យកូនសូមផ្សង

ឲ្យគាប់បំណងប៉ងជួបបានជោគ

ព្រោះជាមាតាក្រាលភពជម្រក

ឲ្យកូនក្នុងលោកឥតសោកសៅហ្មង

ភពដែនជីវិតកូនពិតឃើញច្បាស់

ម៉ែប្រឹងដល់ចាស់លះបង់កន្លង

ស៊ូប្ដូរជីវិតម៉ែសុខចិត្តផ្សង

ខំប្រឹងចម្លងឆ្លងកូនដល់ត្រើយ ។

ទាំងនេះគឺន័យប្រភពជីវិត

កូនយល់ស្អាប់ស្អិតឥតមានព្រងើយ

ឥឡូវកូនចារថ្លាថ្លែងឲ្យហើយ

គ្រាន់បានចម្លើយឆ្លើយប្រាប់កូនចៅ ។

ព្រោះម៉ែដើមទងពន្លកគ្រប់ទី

សុខចិត្តពលីពីក្នុងដល់ក្រៅ

ដំណក់ឈាមម៉ែហូរជ្រាប់ដល់ចៅ

ព្រមទាំងញាតិផៅដៅជាប់ជាគ្រឹះ ។

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។

 

Comments are closed