សារឆ្នាំថ្មីជូនចំពោះយុវជនខ្មែរ នៅកម្ពុជាក្រោម

​ប្រែ​សម្រួល​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ឋិត​នៅក្នុង​បរិ​យា​កាលដែល​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស កំពុងតែ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ គ្រឹសសករាជ ២០១៥ នៅតាម​វត្ត​អារាម​នានា និង​ការ​នឹករឭក​ដល់​មាតុភូមិ កម្ពុជា​ក្រោម របស់ខ្លួន​នោះ អ៊ំ​សូម​ជូនពរ​ក្មួយៗ​ជា​យុវជន សិស្ស និស្សិត​ខ្មែរក្រោម និង​គ្រួសារ ប្រកប​តែ​សេច ក្ដី​សុខ ចម្រើន​គ្រប់ប្រការ រៀន​ពូកែ មានការ​ងារ​ធ្វើ​ពេល​បញ្ចប់​សាលា និង​ឆាប់​បានទទួល​នូវ​លំហើយ​សេរីភាព​ពិត ប្រាកដ​មួយ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ ។​

លោក ចៅ រៀប​ ប្រធានសភា​ព្រឹទ្ធាចារ្យ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
លោក ចៅ រៀប​ ប្រធានសភា​ព្រឹទ្ធាចារ្យ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​រាល់ពេល​ដែល​អ៊ំ​សរសេរ​សារ​មិនមែនជា​ភាសា​ខ្មែរ​របស់ខ្លួន​ដើម្បី​ជូនពរ​ដល់​ក្មួយៗ អ៊ំ​មានការ​ឈឺចាប់​ខ្លាំងណាស់ ព្រោះថា បើ​អ៊ំ​សរសេរ​ជា​ភាសា​ខ្មែរ​របស់ខ្លួន មាន​ក្មួយៗ​យុវជន​ភាគច្រើន​មិនអាច​អាន​បានទេ ដូច្នេះ បានជា​អ៊ំ សម្រេចចិត្ត​សរសេរ​ជា​ភាសា​យួន​ដើម្បី​ក្មួយៗ​អាន​បាន ។ ដូច​អ្វីដែល​អ៊ំ​ធ្លាប់បាន​និយាយ​ជាមួយ​ក្មួយៗ​នាពេល កន្លងមក គ្មានអ្វី​ឈឺចាប់​ជាង ពេលដែល​យើង​មិនអាច​សរសេរ និង​និយាយ​ជាមួយគ្នា​ជា​ភាសា​កំណើត​របស់ខ្លួន នោះទេ ។ ពួកគេ​ចង់​ឲ្យ​យើង​បំភ្លេចចោល​នូវ​ភាសា​របស់ខ្លួន និង​មាន​ថ្ងៃ​ណាមួយ យើង​នឹង​មិនអាច​ស្គាល់​ខ្លួនឯង ជា​នរណា​បាន​ទៀត​ទេ ។ ក្មួយៗ​ត្រូវ​យល់​ពី​ប្រការ​ទាំងនេះ ។ អង្គការសហប្រជាជាតិ​នាពេលនេះ បាន​អំពាវនាវ ឲ្យ​មាន​កិច្ចការពារ នូវ​ភាសា និង​អក្សរ​របស់​ជនជាតិដើម ។ ក្មួយៗ​ក៏​ត្រូវតែ​ដឹងថា ខ្លួន​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ការពារ​ភាសា និង​អក្សរ​របស់​ជាតិ​ខ្លួន​ឲ្យ​បាន ។​

​អ៊ំ​មាន​សេចក្ដី​រីករាយ​ខ្លាំងណាស់ ពេលដែល​បានឃើញ​ក្មួយៗ​នៅ​កម្ពុជា​ក្រោម​អាច​ឡើង​បណ្ដាញ​អិន​ធើ​ណិ​ត​បាន ។ ជាពិសេស នៅលើ​បណ្ដាញ​សង្គម Facebook ក្មួយៗ​បានបង្ហាញ​អំពី​មោទកភាព​របស់ខ្លួន​ជា​ជនជាតិដើម​ខ្មែរ ក្រោម ។ មាន​ក្មួយៗ​ជាច្រើនរូប បាន​យល់ដឹង និង​មាន​អំណួត​ថា ខ្លួន​ជា​នរណា ។ ពេលដែល​ក្មួយៗ​បានដឹងខ្លួន ឯង​ថា ខ្លួន​ជា​នរណា ក្មួយៗ​នឹង​បានដឹងថា ខ្លួន​កំពុងតែ​បាត់បង់​នូវ​អ្វីខ្លះ ដែល​ក្នុង​នាមខ្លួន​ជា​ជនជាតិដើម​នៅលើ មាតុភូមិ​កំណើត​របស់​ខ្លួន តែ​បែរជា​មិនអាច​ទទួលបាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម ទៅវិញ ។ រដ្ឋាភិបាល វៀតណាម​នៅ​ហាម​មិន​ឲ្យ​យើង​ហៅ​ខ្លួនឯង​ថា “​ខ្មែរក្រោម​” ឬ ទឹកដី​របស់ខ្លួន​ថា “​កម្ពុជា​ក្រោម​” ជាដើម ។ គេ​បាន កែប្រែ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​នៅក្នុង​សាលា​រដ្ឋ និង​បាន​បង្រៀន​ឲ្យ​កូនចៅ​ខ្មែរក្រោម​យើង​យល់ថា ខ្លួន​ជា “​ជនជាតិ ភាគតិច​” ទៅវិញ ។ រដ្ឋាភិបាល​វៀតណាម​បាន​លើកឡើងថា ពួកគេ​បាន​ឆ្ការព្រៃ​លើទឹក​ដី ដូនតា​របស់ យើង ។ ប្រសិនបើ​ក្មួយៗ​មិន បានទទួល​ព័ត៌មាន​ពី​ខាងក្រៅ​ទេ វា​ប្រក​ដ​ណាស់​ថា យើង​នឹង​មិនអាច​សរសេរ​ជូន​គ្នា ទៅវិញទៅមក ដើម្បី​សម្ដែង​ពី​អារម្មណ៍​របស់ខ្លួន​នៅក្នុង​សារលិខិត​នេះ​បានទេ ។​

ពេលដែល​ក្មួយៗ​ឡើង​បណ្ដាញ ប្រហែលជា​ក្មួយៗ​បានឃើញ​រដ្ឋាភិបាល​វៀ​ត​ណា​ម តែងតែ​ត្រូវ​អង្គការសិទ្ធិមនុស្ស ជាពិសេស ប្រេសិត​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សិទ្ធិមនុស្ស បានមក​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម នាពេល​កន្លងមក បាន​ថ្កោលទោស​វៀតណាម​ថា​បាន​រំលោភសិទ្ធិ​មនុស្ស ។ ក្រុមមន្ត្រី​ប្រេសិត​អង្គការ​សហ​ប្រជា ជាតិ បានចេញ​របាយការណ៍​ភ្ជាប់​ជាមួយ​ភស្តុតាង​យ៉ាងច្បាស់​ក្រឡែត ។ របាយការណ៍​ទាំង​នោះបាន​បញ្ជាក់ថា មន្ត្រី​អង្គការសហប្រជាជាតិ​មិនអាច​មានឱកាស​បាន​ជួបនឹង​អ្នក​ដែល​ពួកគេ​ចង់​ជួប​នៅ​កម្ពុជា​ក្រោម​បានទេ ពួកគេ ត្រូវ​អាជ្ញាធរ​វៀតណាម​រារាំង នូវ​ដំណើរ​ដែល​ពួកគេ​ចង់ទៅ និង​ពួកគេ​ត្រូវ​ចារកម្ម​វៀតណាម​តាមដាន​ក្នុងពេល ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ។ ប្រសិនបើ​វៀតណាម ជា​ប្រទេសមួយ​ដែល​គោរព​សិទ្ធិមនុស្ស វា​ប្រាកដ​ណាស់​ថា នឹង​គ្មាន​រឿង​បែបនេះ​កើតឡើង​ទេ តែ​បែរជា​កើតឡើង​ចំពោះ​តំណាង​អង្គការ សហប្រជាជាតិ ទៅវិញ ។

​កាលពី​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៥ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ប្រេសិត​អង្គការសហប្រជាជាតិ​ទទួលបន្ទុក ខាង​វប្បធម៌ លោកស្រី Farida Shaheed បានធ្វើ​សេចក្ដីរាយការណ៍​មួយ​ស្ដីពី​ដំណើរ​ទស្ស​កិច្ច​របស់​លោកស្រី នៅ​ប្រទេស​វៀតណាម ជម្រាប​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​បាន​ជ្រាប ខណៈដែល​វៀត ណា​ម​ជា​សមាជិក​អចិន្ត្រៃយ៍​នៅក្នុង​អាណត្តិ​នេះ ។ នៅក្នុង​របាយ​នោះ លោកស្រី Farida Shaheed បានបង្ហាញ អំពី​ករណី​រំលោភបំពាន​លើ​សិទ្ធិ​វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ដូចជា ការប្រណាំង​ទូកង នៅ ខេត្ត​ឃ្លាំង និង​ពិធី​ប្រណាំង​គោ នៅ​ខេត្ត​មាត់ជ្រូក ជាដើម ។ វៀតណាម​ក៏បាន​ចាត់​ឲ្យ​តំណាង​របស់ខ្លួន​ឡើង ប្រតិកម្ម​ការពារ​ខ្លួន និង​ច្រានចោល​នូវ​របាយការណ៍​របស់ លោកស្រី Shaheed ដែរ ។ ទោះបី មានការ​ការពារ​ខ្លួន យ៉ាងណាក៏ដោយ វៀតណាម​ពិបាក​ក្នុងការ​លាក់បាំង​ការពិត​ខ្លាំង​ណស់ ពីព្រោះ​ប្រេសិត​អង្គការសហប្រជាជាតិ បាន​ចុះទៅពិនិត្យ​ផ្ទាល់​នូវ​ការរំលោភបំពាន​លើ​សិទ្ធិមនុស្ស​នៅ​វៀតណាម ។ នៅថ្ងៃនោះ​ដែរ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ក៏បាន​ចាត់តាំង​ឲ្យ​មាន​កិច្ចប្រជុំ​មួយ​នៅ​ខាងក្រៅ នៃ​សន្និបាត​របស់​អង្គការសហប្រជាជាតិ ផងដែរ ។ លោក Heiner Bielefeldt ប្រេសិត​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សេរីភាព​ជំនឿ​សាសនា បាន​ឡើង​ថ្លែង សុន្ទ​កថា បើក​កម្មវិធី​នៃ​អង្គប្រជុំ ។ យើង​ត្រូវមាន​អំណួត​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​នាំយក​បញ្ហា​រំលោភ​បំ ពាន​លើ​សេរីភាព​សាសនា និង​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​រដ្ឋាភិបាល​វៀតណាម​ជម្រាប​ដល់​អង្គការ​សហ ប្រជាជាតិ និង​ប្រេសិត​អង្គការសហប្រជាជាតិ​បាន​ជឿ​លើ​ភស្តុតាង​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្ដល់ជូន​ឲ្យ ពួកគេ ។

​ក្មួយៗ​ជាទី​មេត្រី ! ពេលដែល​បានឃើញ​ក្មួយៗ ចេះ​ឡើង​បណ្ដាញ និង​បាន​មើលឃើញ​នូវ​ពន្លឺសេរីភាព​ពី​ខាងក្រៅ បើទោះបី​វា​មិនទាន់បាន​ជះ​ពន្លឺ​មកដល់​ដែនដី​កម្ពុជា​ក្រោម យ៉ាងណាក៏ដោយ តែ​វា​ក៏​ជា​ប្រភព​មួយ​សម្រាប់​ក្មួយៗ ធ្វើ ការវិភាគ​ទៅលើ​ពាក្យ​បី​ម៉ាត់​ថា “​សេរីភាព​” ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ។ ត្រឹមត្រូវ​ព្រោះ មិនមែនជា “​សេរីភាព​” ដែល​ត្រូវ ផ្អែកលើ​ទស្សនៈ​របស់​រដ្ឋាភិបាល ឬ​របស់​បក្សពួក​ណាមួយ​នោះឡើយ ។ ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ជាពិសេស អ្នក​ដែល​ចូលរួម​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្មាន​ប្រាថ្នា​អ្វី​ក្រៅតែពី​ចង់​ឲ្យ​ក្មួយៗ​មាន​សេរីភាព ពិតប្រាកដ​មួយ ។ គ្មាន​ការរស់នៅ​ដោយ​ភាពភ័យខ្លាច និង​បាន​គាំពារ​ដោយ​ច្បាប់​ប្រកបដោយ​យុត្តិធម៌​ដូចជា មនុស្ស​គ្រប់គ្នា ដែល​វា​មិនមែន​គ្រាន់តែ​ជា​ពាក្យសន្យា​ខ្យល់ ពេលដែល​រដ្ឋាភិបាល​ច​ង់​ចាប់ខ្លួន​ក្មួយៗ ក៏​ចាប់​តាម ទំនើងចិត្ត នោះទេ ។ ក្មួយៗ​ត្រូវតែ​ខិតខំ​រៀនសូត្រ មិន​ធ្វើ​អ្វី​ឲ្យ​ខុសពី​ច្បាប់​ដែល​បានអនុញ្ញាត ។ ប្រសិនបើ​មាន​អ្វី​ចង់ ទាមទារ ត្រូវអនុវត្ត​ទៅតាម​ច្បាប់​វៀតណាម និង​អន្តរជាតិ ។ ក្មួយៗ​មាន​សិទ្ធិ​ទាក់ទង ចងសម្ព័ន្ធ​មិត្ត​ភាពជា មួយ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ជាពិសេស ខ្មែរក្រោម នៅក្រៅ​ប្រទេស ។ ពីព្រោះ​នោះ ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់ មនុស្ស​គ្រប់រូប​ដែល​ត្រូវ​ទទួលបាន ។​

នៅ​ប្រទេស​វៀតណាម បច្ចុប្បន្ន ទោះបី​រដ្ឋាភិបាល​មិនទាន់​អនុញ្ញាត​, ចលនា​បង្កើតជា​អង្គការ​សង្គម​ស៊ីវិល ដើម្បី ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន​កំពុងតែ​រីក​ស្គុះស្គាយ​ជា​បណ្ដើរ​ហើយ ។ នេះ​បង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​វៀតណាម ចាប់ ផ្ដើម​ហ៊ាន​បញ្ចេញ​សំឡេង​ពិត ដែល​រដ្ឋាភិបាល​វៀតណាម​ធ្លាប់តែ​លាប​ពណ៌​ថា ជា​ក្រុម​ប្រតិកិរិយា កេង​ប្រ​វញ្ច​លើ សេរីភាព ។ ចឹ​ង​ហើយ ក្មួយៗ​ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន ។ សូម្បីតែ​ជនជាតិ​យួន​គ្នា​គេ​ដែលជា​អ្នក​ស្រឡាញ់ សេរីភាព ក៏ត្រូវ​វៀតណាម​លាប​ពណ៌​ដែរ ដោយ​ពួកគេ​ទាំងនោះ ត្រូវ​រដ្ឋាភិបាល​ធ្វើ​ទារុណកម្ម និង​ចាប់​ដាក់គុក ជា ដើម ។ ក្មួយៗ​ជា​ជនជាតិដើម​ខ្មែរក្រោម ពួកគេ​នឹងមិន​ញញើត​ដៃ​ក្នុង​ការធ្វើ​ទារុណកម្ម​នោះទេ ដូច្នេះហើយ ទើប​យើង ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​មែនទែន ដើម្បី​កុំ​ឲ្យ​ផុង​ចូល​អន្ទាក់​របស់​ពួកគេ ។

​អ៊ំ​មាន​សង្ឃឹមថា ក្មួយៗ​ជា​សិស្ស និស្សិត និង​កម្មករ​ដែល​ចេញទៅ​សិក្សា និង​ធ្វើការ​នៅ​ឆ្ងាយ​ពី​ផ្ទះ និង​ភូមិ​ស្រុក នឹង​បាន​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ដើម្បី​បាន​វិលត្រឡប់​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃ ណី​ជាតិខ្មែរ​របស់​យើង ដែល​ជិត​នឹង​ឈានចូល​មកដល់​នេះ ។ ហើយ​សង្ឃឹមថា ឆ្នាំនេះ ក្មួយៗ​នឹង​រួមគ្នា​ធ្វើ​ឲ្យ ពិភពលោក​ស្គាល់​ថា ក្មួយៗ​ជា​ជនជាតិដើម នៃ​ដែន​ដីស​ប្បូរ​ទៅដោយ​ធនធានធម្មជាតិ កម្ពុជា​ក្រោម ជាក់​ជា មិន​ខាន ។

​ដោយ​សេចក្ដីស្រឡាញ់​រាប់អាន និង​សូម​ជម្រាបលា​ក្មួយៗ​ពី​ចម្ងាយ

ចៅ រៀប​

​ប្រធានសភា​ព្រឹទ្ធាចារ្យ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​