ពិធី​ក្រុង​ពាលី រំកិល​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ចុះ​ទឹក​ត្រៀម​ចូលរួម​អុំ​ប្រណាំង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ដោយ ស៊ឺន ចែងចើន | VOKK

គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន នៅ​ប្រទេស​គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន នៅ​ប្រទេស​កម្ពុ​យ​ជា នៅ​ព្រឹក​ថ្ងៃទី ៣០ តុលា ២០១៧ នេះ បានរៀបចំ​ពិធី ក្រុង​ពាលី​សែនព្រេន​ដល់​ម្ចាស់​ទឹក ម្ចាស់​ដី សុំ​សេចក្តីសុខ សេចក្តីចំរើន ទៅតាម​ទំនៀមទម្លាប់​របស់​ខ្មែរ តាំងពី​បុរាណ​មក ដើម្បី​រំកិល​ទូក ង ចុះ​ទឹក ត្រៀម​ចូលរួម​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ប្រពៃណីជាតិ ដែល នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែវិច្ឆិកា ២០១៧ ខាងមុខនេះ ។​

​ពិធី​នេះ មានការ​ចូលរួម​ជា​អធិបតី ពី​ព្រះចៅអធិការ​វត្តភ្នំ​ពេញ​ថ្មី ព្រះនាម ប៉ាង សុ​ដា ព្រះចៅអធិការ វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​ខ្មែរក្រោម ព្រមទាំង​ព្រះសង្ឃ​ក្នុង​វត្ត គណៈកម្មការ​អាចារ្យ តំណាង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម គណៈកម្មការ​គ្រប់គ្រង​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» និង​ក្រុម​កីឡាករ​អុំទូក​ជាច្រើន​នាក់ ។​

​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» លោក ថាច់ ឡែ​ន បាន​ឲ្យ​ដឹងថា ទូក ង ដែល​កំពុង​រៀបចំ​ពិធី​ក្រុង​ពាលី រំកិល​ចុះ​ទឹក​នាពេលនេះ មាន​ចំណុះ​កីឡាករ ២៣ នាក់ ។ លោក​ឲ្យ​ដឹង​បន្ថែមថា ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ធ្លាប់បាន​ចូលរួម​ប្រកួត ប្រជែង​ក្នុង​ពិធីបុណ្យ​ជាតិ​ជាច្រើនលើក​រួចមកហើយ និង​ទទួលបាន​ជ័យលាភី​គួរ​ជាទី​មោទនៈ នាពេល​អុំ​ប្រណាំង កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ​ផង ។​

​លោក ថាច់ ឡែ​ន បាន​បញ្ជាក់ដែរថា ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ដែលជា​ទូក​តំណាង​ឲ្យ​ខ្មែរក្រោម​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​តែមួយគត់ ដែល​ចូលរួម​អុំ​ប្រណាំង​នៅ​ឆ្នាំនេះ គឺជា​ទូក ដែល​ទើបតែ​ជាវ​មក​ថ្មី ដោយ​ចំណាយ​អស់​ទឹកប្រាក់​ចំនួន ៤, ៥០០ ដុល្លា​រ៍​សហរដ្ឋអាមេរិក ។​

​នៅក្នុង​ការចូលរួម​អុំ​ប្រណាំង​នេះ លោក ថាច់ ឡែ​ន ប្រធាន​គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បានធ្វើការ​អំពាវនាវ ចំពោះ​សប្បុរសជន​ជិត​ឆ្ងាយ ឲ្យ​ចូលរួម​ឧបត្ថម្ភ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ទៅតាម​លទ្ធភាព ទាំង​ថវិកា និង​សម្ភារៈ​ផ្សេងៗ ដើម្បី​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ទូក ង និង​ដើម្បី​លើក​ស្ទួ​ល​ដល់​សកម្មភាព​វប្បធម៌​ប្រពៃណី​ដ៏​ឧត្តុង្គឧត្តម​នេះ ។​

ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាព ពិធី​ក្រុង​ពាលី ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ។ រូបថតៈ ស៊ឺន ចែងចើន