វត្តពោធិព្រឹក្សថ្កូវ ព. ស. ២១០១ គ. ស.១៥៥៧ មានអាយុកាល ៤៦០ ឆ្នាំ

January 3, 2017 4:41 PMComments Off on វត្តពោធិព្រឹក្សថ្កូវ ព. ស. ២១០១ គ. ស.១៥៥៧ មានអាយុកាល ៤៦០ ឆ្នាំViews: 251

វត្តពោធិព្រឹក្សថ្កូវ ឋិតនៅក្នុងភូមិថ្កូវ ឃុំ គឹមសើង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ។ វត្តនេះបានកសាងឡើងនៅថ្ងៃអង្គារ៍ ៩ រោច ខែមិគសិរ ឆ្នាំម្សាញ់ ឆស័ក ព. ស. ២១០១ គ. ស.១៥៥៧ ។ បើគិតមកដល់ឆ្នាំ ២០១៧ នេះ វត្តមានអាយុកាលចំនួន ៤៦០ ឆ្នាំហើយ ។

img_0397

វត្តពោធិព្រឹក្សថ្កូវ មានផ្ទៃដីបួនជ្រុងទ្រវែង មានប្រវែងបណ្តោយ ២៣៥ ម៉ែត្រ ទទឹង ១១៥ ម៉ែត្រ និងមានផ្ទៃរួមចំនួន ២៩.៣៧៥ ម៉ែត្រក្រឡា ។ ឯព្រំប្រទល់ខាងកើតទល់នឹងដីរបស់ឪពុក តារិន្ទ យាយសាង ខាងជើងទល់នឹងដីស្រែ ខាងលិចទល់នឹងដីកប់ខ្មោចចិន ដែលហៅថា (បាងសាង) និង ខាងត្បូងទល់នឹងស្រែ ។ បច្ចុប្បន្ន មានផ្លូវថ្នល់កាត់ទទឹងពីខាងទៅលិច ។ ខាងត្បូវផ្លូវថ្នល់មានស្រះទឹកមួយ ។ ទីនោះកាលដើមឡើយជាព្រៃស្មសាន សម្បូរណ៍ដោយដើមឈើធំៗលាយចម្រុះដោយស្មៅវល្លិគ្រប់ប្រភេទ និងជាទីទួលផង បានជាទីជម្រកនៃពពួកសត្វព្រៃនិងបក្សាបក្សីទាំងឡាយ ។

បច្ចុប្បន្ន នៅឆ្នាំ ពុទ្ធសករាជ ២៥៦០ គ្រឹសសករាជ ២០១៧ នេះ វត្តមានព្រះសង្ឃចំនួន ៥២ អង្គ ក្រោមការគ្រប់គ្រង់របស់ ព្រះតេជព្រះគុណ ចក្ខុសំវរោ គឹម ក្វាង ជាព្រះចៅអធិការវត្ត ។ វត្តមានពុទ្ធបរិស័ទប្រមាណជាង ១៥០០ គ្រួសារ ។

អំពីឈ្មោះវត្ត៖

មូលហេតុនាំឲ្យដាក់ឈ្មោះវត្តថា “វត្តពោធិព្រឹក្សថ្កូវ” ដោយសំដៅយកហេតុផលដូចខាងក្រោម៖

ដោយសារ កាលដើមឡើយទីកសាងវត្តនោះ មានដើមពោធិ៍មួយដើម ដល់ព្រមដោយម្លប់ និងមែកសាខាជាទីបន់ស្រន់របស់អ្នកស្រុករាល់គ្នា ព្រោះគេសម្គាល់ថា ដើមពោធិ៍នោះ មានអ្នកតាភ្នំស្ថិតនៅ ហើយអាចផ្ដល់នូវសេចក្តីសុខដល់អ្នកស្រុករាល់គ្នាក្នុងគ្រានោះ ទើបមានពាក្យថា “ពោធិព្រឹក្ស” មានន័យថា “ដើមពោធិ៍” ។ ចំណែកពាក្យ “ថ្កូវ” ដោយសារវត្តនេះ បានកសាងត្រង់កណ្តាលស្រុកថ្កូវ ឬនិគមថ្កូវ ទើបយកឈ្មោះស្រុកមកភ្ជាប់ជាមួយនឹងពាក្យថា “ពោធិព្រឹក្ស” បានជាឈ្មោះវត្តថា “វត្តពោធិព្រឹក្សថ្កូវ” ។

យោងតាមវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) បានពន្យល់ពាក្យ “ថ្កូវ” ថា ជា “ឈ្មោះឈើមួយប្រភេទ ផ្លែទុំមានរសជូរបន្តិចៗ អាចបរិភោគជាអាហារបាន” ។ ដោយសារតែស្រុក នេះមានដើមថ្កូវមួយដើមធំដុះចំកណ្តាលស្រុក ទើបចាស់ៗពីបុរាណនាំគ្នាហៅថា ស្រុកថ្កូវៗ ដូច្នេះ តមករហូតដល់សព្វថ្ងៃនេះ ។ អ្នកស្រុកដែលប្រើគ្រាមភាសាហៅថា ស្រុកតាកូវ គឺក្លាយចេញពីពាក្យថា ថ្កូវ នេះឯង ។ វត្ត ពោធិព្រឹក្សថ្កូវ នេះសព្វថ្ងៃយួនហៅថា ចួត្រាកូវ (Chua Tra Cu) ។

ផ្កាថ្កូវ ។

ផ្កាថ្កូវ ។

ប្រវត្តិកកើតវត្ត

កាលដើមឡើយទីនេះជាព្រៃស្មសាន ។ តំណតមក មានព្រះសង្ឃមួយអង្គគង់វត្តបទុមក្រពុំរ័ត្នកេសរ បុប្ផាចម្ប៉ាមាសសំណឹងធំ នាស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ព្រះតេជព្រះគុណ ព្រះនាម ប៉ៀន បាននិមន្តកសាងវត្តនេះមុនគេ ។

ការស្ថាបនាវត្តនេះដំបូង ពុទ្ធបរិស័ទបាននាំគ្នាជួយកាប់ឆ្ការព្រៃ ហើយបាននាំគ្នាសង់បានកុដិតូចមួយសម្រាប់ព្រះអង្គគង់នៅ រួចលំដាប់តមក ទើបកសាងបានសាលាស្លឹកមួយខ្នងឲ្យឈ្មោះថា “សាលាទាន” ។ បន្ទាប់មកទៀត ទើបបានសាងសង់បានជារោងឧបោសថាគារ សម្រាប់ជាទីគោរពបូជា និងធ្វើសង្ឃកម្មផ្សេងៗ មានការបំបួសកុលបុត្តជាដើម ។

ដោយស្នាព្រះហស្ថរបស់ព្រះតេជគុណ ព្រះនាម ប៉ៀន និង ពុទ្ធបរិស័ទខំខ្នះខ្នែងទើបព្រៃស្មសាន្តនេះក្លាយទៅជាទីគោរពបូជា និងជាទីបំពេញបុណ្យកុសល តមកដល់សព្វថ្ងៃ ។

គិតមកដល់ដល់ ២០១៧ នេះ វត្តបានកសាងឡើងជាង ៤ សតវត្សរ៍ទៅហើយ ។ វត្តបានឆ្លងកាត់ការគ្រប់គ្រងពីសំណាក់ព្រះចៅអធិការ និងព្រះឧបជ្ឈាយ៍ ចំនួន ១៨ អង្គ ។ តែគួរឲ្យស្តាយ កាលដើមឡើយ ពុំបានចារជាប្រវត្តិព្រះចៅអធិការមួយអង្គៗ បានសាងសង់អ្វីខ្លះ និងបួសគ្រប់គ្រងវត្តបានប៉ុន្មានឆ្នាំ ឬ មានព្រះជន្មប៉ុន្មានទេ គ្រាន់តែចារព្រះនាមទុកមកតែប៉ុណ្ណោះ ។

ខាងក្រោមនេះ ជាតារាងរាយនាមអតីត និងបច្ចុប្បន្ន ព្រះចៅអធិការ ៖

១ ព្រះនាម ប៉ៀន   សុគត
២ ព្រះនាម ណាម  សុគត
៣ ព្រះនាម សុខ  សុគត
៤ ព្រះនាម គង់  សុគត
៥ ព្រះនាម ប៉ុន   សុគត
៦ ព្រះនាម អាម  សុគត
៧ ព្រះនាម អឹម  សុគត
៨ ព្រះនាម ហ៊ីង  សុគត
៩ ព្រះនាម ជ័យ  សុគត
១០ ព្រះនាម ពេជ្រ សុគត
១១ ព្រះនាម ពៅ  សុគត
១២ ព្រះនាម ផែង ព្រះអង្គលាចាកសិក្ខាបទ
១៣ ព្រះនាម ប៉េន សុគត
១៤ ព្រះនាម តូច សុគត
១៥ ព្រះនាម គឹម ង៉ៀង សុគត
១៦ ព្រះនាម សុវណ្ណបញ្ញោ ឡឹម សឺន ផល សុគត
១៧ ព្រះនាម កល្យាណធរោ ថាច់ សីមាកូ ចាកសិក្ខាបទ
១៨ ព្រះនាម ចក្ខុសំវរោ គឹម ក្វាង នៅគ្រប់គ្រងវត្តសព្វថ្ងៃ

សព្វថ្ងៃ វត្តកសាងបានអាគារជាច្រើនដូចជាឧបោសថាគារ ១ ខ្នង, សាលាទានមួយខ្នង, សាលាសាសនដ្ឋាន ១ ខ្នង, កុដិព្រះចៅអធិការ ១ ខ្នង, តូបសម្រាប់សមាធិ ៣៥ តូប, សាលាពុទ្ធិកៈ ២ ខ្នង, សាលានេះមាន ៤ បន្ទប់រៀន, ខ្លោងទ្វារ ២ គឺខាងកើត និងខាងជើង ។ អាគារទាំងឡាយបានកសាងឡើងតាមរចនាបទ្មអង្គរ មានក្បូរក្បាច់រចនាដែលជាសិល្បៈខ្មែរ ដំបូលមានទ្រង់ទ្រាយប្រាសាទកំពូលបី ជាដើម ។ ចំណែកព្រះវិហារ តាំងពីកសាងវត្តមកទើបបញ្ចុះសីមាបាន ២ ដង គឺ លើកទីមួយមិនប្រាកដឆ្នាំ និង លើកទី ២ បានរុះរើកសាងថ្មីនៅឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០០ ទើបបានសម្រេចឆ្លងនិងបញ្ចុះសីមា ។ ក្នុងកិច្ចការកសាងនិងសមិទ្ធផលនានាក្នុងវត្តមួយអន្លើដោយគណៈកម្មការនិងគ្រូបង្រៀន ពិសេស គឺពុទ្ធបរិស័ទខ្មែរក្នុងចំណុះជើងវត្តជាអ្នកឧបត្ថម្ភ ។

អំពីភូមិ ឬ វេននៅជុំវិញវត្ត៖

វត្តពោធិព្រឹក្សថ្កូវ ចែកចេញជា ៤ វេនធំៗគឺ៖

វេនទី ១៖ ភូមិថ្កូវ និងកើតផ្សារ(មុខវត្ត) ពីខាងកើតវត្តរហូតដល់ផ្នោដាច់ខ្ទមអ្នកតាខាងកើតផ្សារថ្កូវ ។ សព្វថ្ងៃ យួនហៅ ត្រាកូវ អា (Tra cu A) និង ខមហាយ (Khom 2) ។

វេនទី ២៖ ភូមិថ្កូវ (លេចវត្ត) ពីខាងជើងនិងលិច មានផ្នោពីរ រហូតដល់ ផ្នោឈើទាលខ្ពស់ ។ សព្វថ្ងៃយួនចែកជាពីរភូមិហៅថា ត្រាកូវ អា (ap Tra Cu A) និង ត្រាកូវ សេ (ap Tra Cu C) ។
វេនទី ៣៖ ភូមិបឹងតានួន ចាប់ពីផ្លូវថ្នល់ចុះពីវត្តខាងត្បូងត្រង់ទៅលិចមានផ្នោពីរ រហូតដល់ផ្នោបាងសាង ខាងលិច ។ សព្វថ្ងៃ យួនហៅ ត្រាកូវ បេ (Ap Tra Cu B) ។

វេនទី ៤៖ ភូមិបឹងស្នៃ ចាប់ពីផ្លូវថ្នល់ចុះពីវត្តខាងត្បូងត្រង់ទៅកើត រហូតដល់ចុងផ្នោតាឡូវខាងលិច ។ សព្វថ្ងៃ យួនហៅថា ថាន់ស្វៀង (Ap Thanh Xuyen) ។

ការសរសេរអក្សរនៅជញ្ជាំងអគារ និងខ្លោងទ្វារ៖

នៅតាមខ្លោងទ្វារ ព្រះវិហារ ឬ អាគារផ្សេងៗនៅក្នុងវត្ត សរសេរតែអក្សរខ្មែរតែម្យ៉ាងគត់ មិនមានសរសេរជាអក្សរយួនទេ ។ ចំណែកព្រះសង្ឃវិញក៏សូត្រធម៌តែភាសាខ្មែរ និងបាលីតែប៉ុណ្ណោះ មិនមានសូត្រធម៌ភាសាយួនដូចវត្តមួយចំនួនតូច ពេលឃើញជនជាតិយួនចូលវត្តធ្វើបុណ្យម្ដងម្កាលនោះទេ ។

វត្តពុំទាន់មានផ្ទាំងសិលាចារឹកប្រវត្តិនៅឡើយទេ តែបានចងក្រងប្រវត្តិសង្ខេបនា ព. ស. ២៥៣៩ និង គ. ស. ១៩៩៦ ម្តង ។ ប្រវត្តិនោះ បានការចងក្រងដោយ ព្រះពហុស្សូត សាសនប្បជ្ជោតោ គឹម អ៊ុកសរសេរដោយដៃផ្ទាល់ មិនបានផ្តិតជាសៀវភៅនៅឡើយ ហេតុនេះ ពុទ្ធបរិយស័ទទូទៅពុំបានជ្រាបច្បាស់អំពីប្រវត្តិវត្តទេ ដឹងបានមួយចំនួនតូចប៉ុណ្ណោះ ។

សព្វថ្ងៃ វត្តពោធិព្រឹក្សថ្កូវ គ្មានបណ្ណល័យសម្រាប់អានសៀវភៅទេ ។ ចំណែក សៀវភៅដែលកូនខ្មែរនៅក្នុងចំណុះជើងវត្តនេះ និងវត្តនានាទូទាំងដែនដីកម្ពុជាក្រោម អានបាន គឺសៀវភៅ ពុទ្ធប្រវត្តិ ព្រះត្រៃបិដក ជាដើម ដែលជាសៀវភៅពាក់ព័ន្ធនឹងពុទ្ធសាសនាម្យ៉ាងតែប៉ុណ្ណោះ ។ ឯសៀវភៅប្រវត្តិសាស្រ្ត ភូមិសាស្រ្តស្តីអំពីដែនដីកម្ពុជាក្រោម និង ប្រទេសកម្ពុជា វិញ ត្រូវរដ្ឋាភិបាលយួនហាមឃាត់ដោយប្រយោលជាដាច់ខាត ។ បើមានព្រះសង្ឃ ឬ កូនខ្មែររូបណាហ៊ានអាន បើត្រូវ គេប្រទះជួប រដ្ឋាភិបាលយួននឹងហៅទៅរៀនសូត្រនៅសាលាឃុំ ហើយឲ្យចុះកិច្ចការសន្យា និងប្តេជ្ញាចំពោះអាជ្ញាធរយួន ទើបគេដោះលែងយើងមកវិញ ដោយគេចោទថា អ្នកអានសៀវភៅប្រវត្តិសាស្រ្ត ជាដើម ជាអ្នកស្នេហាជាតិខ្មែរ មានគំនិតប្រឆាំងរដ្ឋាភិបាលយួនសព្វថ្ងៃ ជាដើម ។

អំពីការសិក្សារបស់ព្រះសង្ឃ៖

ឆ្នាំនេះ វត្តបើកសាលាពុទ្ធិកសិក្សាបាន ៣ បន្ទប់គឺ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ (ថ្នាក់ទី ៦ ឬ បាលីទី ១) ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ (ថ្នាក់ទី ៧ ឬបាលីទី ២ ) និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ (ថ្នាក់ទី ១០ ) មានសិស្សរួមទាំងអស់បានចំនួន ៦៤ អង្គប៉ុណ្ណោះ ។ ប្អូនៗសិស្សានុសិស្សមានការកើនឡើងជាងព្រះសង្ឃ ព្រោះបច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមគេមានវិធាន ការដាក់ឲ្យប្រើប្រាស់ភាសាខ្មែរគ្រប់ក្រសួង និងគ្រប់ស្ថាប័ណ្ណរដ្ឋ ដោយគេនិយាយទៀតថា បើកូនខ្មែរមិនចេះភាសាខ្មែរគ្មានសញ្ញាប័ត្រខ្មែរទេគឺគ្មានការងារធ្វើ ។

ការតែងតាំងព្រះចៅអធិការ៖

ការតែងតាំងព្រះចៅអធិការសម្រាប់គ្រប់គ្រងវត្តសម័យបច្ចុប្បន្ននេះ គឺអាស្រ័យទៅលើគណៈកម្មការវត្ត ព្រះសង្ឃសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តជាអ្នកតែងតាំង ។ ការតែងតាំងព្រះចៅអធិការវត្ត គឺគេជ្រើសរើសព្រះសង្ឃអង្គណាដែលមានវស្សាចាស់ ហើយមានចំណេះដឹងអាចគ្រប់គ្រងកិច្ចការវត្តអារាមបាន ។

ត្រាវត្ត៖

ត្រាវត្តសព្វថ្ងៃ រដ្ឋាភិបាលយួនបានធ្វើឲ្យប្រើជាអក្សរយួនស្ទើរទាំងស្រុងហើយ គឺអក្សរយួននៅជុំវិញ និងមានអក្សរខ្មែរដែលជាឈ្មោះវត្ត “វត្តថ្កូវ” នៅចំកណ្ដាល ។ ការចាប់បង្ខំឲ្យប្រើត្រាជាអក្សរយួននេះ បានធ្វើឲ្យបាត់បង់នូវអ្វីដែលជាសញ្ញាសម្រាប់សំគាល់របស់ខ្មែរ ។ រដ្ឋាភិបាលយួនបានបង្ខំឲ្យវត្តទាំងអស់នៅដែនដីកម្ពុជាក្រោម ត្រូវឯកភាពគ្នាប្រើត្រាយួនតាមគេកំណត់ ។ គេនៅមិនទាន់ឃើញមាន មន្ត្រីសង្ឃ និងព្រះសង្ឃខ្មែរនៅកម្ពុជាក្រោមក្រោកឡើងតវ៉ារឿងនេះនៅឡើយ ៕

……………………..

ឯកសារផ្តល់ដោយ ព្រះសង្ឃវត្តពោធិព្រឹក្សថ្កូវ
កែសម្រួលអត្ថបទដោយ ថាច់ ប្រីជា គឿន
រូបថតឯកសារ របស់ នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ផ្សាយដោយ វិទ្យុសំឡេងកម្ពុជាក្រោម (www.vokk.net) ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៧
………………………

ខាងក្រោមជារូបថតវត្តពោធិព្រឹក្សថ្កូវ

img_0400 img_0401 img_0402 img_0403 img_0404 img_0405

Comments are closed