បុប្ផាព្រែកចាក

បុប្ផាព្រែកចាក | ដោយ ចៅ សុខ

The-Mekong-Delta

​អធ្រាត្រ​ស្ងប់ស្ងាត់​ខ្យល់​ផាត់​កាយា       ​
​សម្លឹង​តារា​រះ​ខ្ពស់​សែនឆ្ងាយ​
​អង្គុយ​ម្នាក់ឯង​ក្រែង​បាន​រំសាយ             ​
​ចិន្ដា​រាយមាយ​យប់​ដប់​ប្រាំ​កើត     ​។​

​រំពឹង​រិះគិត​កណ្ដាលរាត្រី          ​
​ស្រណោះ​ដែនដី​នៃ​ភូមិកំណើត​
​ព្រែក​ចាក អណ្ដូងទឹក ស្រុក​ល្អឆើត
​ខេត្ត​ឃ្លាំង​បង្កើត​បុប្ផា​ខ្មែរក្រោម     ​។​

​គន់​ទៅ​ដួង​ច័ន្ទ​រស្មី​ភ្លឺ​ថ្លា       ​
​ចែងចាំង​លោកា​សម្រស់​ល្អ​ឆោម​
​មនុស្ស​សត្វ​ទាំងឡាយ​សប្បាយ​ចោមរោម
​រីករាយ​នៅក្រោម​ពន្លឺ​ចន្ទ្រា      ​។​

​សញ្ជប់​សញ្ជឹងគិត​តែម្នាក់ឯង
​ព្រួយចិត្ត​ចម្បែង​ខ្វល់​ក្នុង​ឱរា​
​នឹក​ដល់​ខ្មែរក្រោម​ជា​កេរ​ដូនតា
​មរតក​អស្ចារ្យ​នៃ​ខេ​មរះ​ជាតិ     ​។​​

​ឱ ! ភូ​ម៌​ព្រែក​ចាក​ខ្ញុំ​នឹក​អ្នក​ណាស់      ​
​សូមកុំ​ប្រែ​ផ្លាស់​បែកខ្ញែក​ឃ្លៀងឃ្លាត​
​ពី​ស្រុក​អណ្ដូងទឹក​ខេត្ត​ឃ្លាំង​រួម​ញាតិ
​អ្នកជា​សញ្ជាតិ​បុប្ផា​ខ្ញុំ​ហើយ​    ​។​

​អធ្រាត្រ​យប់​ជ្រៅ​សន្សើម​ក៏​ធ្លាក់      ​
​បក់​មក​ត្រជាក់ចិត្ត​កាយា​ស្បើយ​
​អារម្មណ៍​រីករាយ​រាវរក​ចម្លើយ      ​
​ឃើញ​ប្រត្យក្ស​ហើយ​ខ្មែរក្រោម​ម្ចាស់​ដី     ​។​

​បុប្ផា​ខ្មែរក្រោម​ចងចាំ​មិន​ភ្លេច​    ​
​បណ្ដាំ​ពាក្យពេចន៍​ប្រាជ្ញ​ព្រឹទ្ធ​កវី​
​ចារ​ប្រវត្តិសាស្ត្រ​ទុក​ជាស​ក្សី​    ​
​ខ្មែរក្រោម​ប្រុស​ស្រី​ជា​ជនជាតិដើម     ​៕​​