VOKK – សំឡេងកម្ពុជាក្រោម – ក្រមសីលធម៌

ក្រមសីលធម៌

VOKK microphone “សំឡេង​កម្ពុជា​ក្រោម​”  ឬ  “Voice of Kampuchea-Krom” ជា​វិទ្យុ​ផ្សាយ​តាមរយៈ​ប្រព័ន្ធ​អិន​ធើ​ណិ​ត  ផលិត​ដោយ​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampuchea-Krom) ដែល មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ។

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​”  មាន​តួនាទី​នាំ​ដំណឹង​ជូន​ដល់​ប្រជាជាតិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជាក្រោម ដែល​ពួកគេ​មិន​ដែលមាន​ស្ថាន​ប័ន​ព័ត៌មាន​ឯករាជ្យ​របស់ខ្លួន  និង​មិនដែលបានទទួល​ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ​ឡើយ  ព្រោះ ប្រជាជាតិ​ខ្មែរក្រោម សព្វថ្ងៃ កំពុង​រស់នៅ​ក្រោម​ការ ត្រួតត្រា​បែប​អាណានិគម​ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។  សព្វថ្ងៃ វៀតណាម​ជា​ប្រទេស​ប្រកាន់ យក​របប​កុ​ម្មុយ​និ​ស្ត រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​របស់​រដ្ឋ ហើយ​មិនមាន​ស្ថាប័ន​ព័ត៌មាន​ឯកជន​ផ្សាយ     ព័ត៌មាន​ឯករាជ្យ​ឡើយ ។

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” បង្កើតឡើង​ដើម្បី​ជម្រុញ​ឲ្យ​មានការ​គោរព​សិទ្ធិ​នៃ​ការបញ្ចេញមតិ និង​ទស្សនៈ  របស់​ប្រជាជាតិ​ខ្មែរក្រោម ដែល​កំពុង​ត្រូវបាន​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​បំបិទមាត់ ។ ម្យ៉ាង ទៀត វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ជា​វេទិកា​មួយ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវបាន រដ្ឋាភិបាល​វៀតណាម​បំបិទ​សំឡេង​នោះ ឲ្យ​មានឱកាស​បញ្ចេញមតិ​ផ្សេងៗ​ទាក់ទិន​នឹង​បញ្ហា​របស់ខ្លួន​នៅ ទីនេះ ដើម្បី​ឲ្យ​ពិភព​ខាងក្រៅ​បាន​ជ្រាប ។ ក្រៅពី​ការបញ្ចេញមតិ ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ក៏​អាច​ទទួលបាន​ព័ត៌មាន​ពី​ប្រភព​ខាងក្រៅ ទាក់ទិន​នឹង​សកម្មភាព និង​ជីវភាព​របស់​នៅ របស់​ប្រជាជាតិ ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក​, បណ្ដា​ប្រទេស​អ៊ឺរ៉ុប​, កាណាដា និង អូស្ត្រាលី ជាដើម ដែលជា​ប្រទេស​ជឿនលឿន មានការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ។  ដូច្នេះ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ជា​ស្ពាន​សេរីភាព​មួយ​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ស្រុក និង ជុំវិញ​ពិភព លោក​បានធ្វើ​ដំណើរ​ទៅរក​គ្នា និង​បាន​ស្វែងយល់​គ្នា​កាន់តែច្បាស់ ដើម្បី​រួមគ្នា​ផ្លាស់ប្ដូរ​សង្គម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ឲ្យ​កាន់តែ​ប្រសើរឡើង និងឆ្ពោះទៅរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” នាពេលអនាគត ។

​ចំណុច​ស្នូល​សំខាន់​នៃ​បេសកកម្ម​របស់​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” គឺ​ការ​ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន ។​

កម្មវិធី​ផ្សាយ​នៃ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” រក្សា​នូវ​របៀប​និយាយ​ដែលមាន​លក្ខណៈ​ស្ងប់ស្ងៀម មិន​លាយឡំ​នឹង​មនោសញ្ចេតនា ព្រមទាំង​ជៀសវាង​នូវ​ការបង្ក​ជម្លោះ ការឃោសនា ឬ ការប្រមាថ​លើ​ជន​ណា ក្រុម​ណា ឬ រដ្ឋាភិបាល​ណាមួយ ។

​កម្មវិធី​ផ្សាយ​នៃ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” មិន​ញុះញង់​អ្នក​ស្ដាប់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា ឬ លើកទឹកចិត្ត​ឲ្យ​មានការ​បះបោរ ឬ ធ្វើ​ចំណាកស្រុក​ឡើយ ។ កម្មវិធី​ផ្សាយ​របស់​យើង ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​សេរី និង​ផ្តល់នូវ​វេទិកា​សំរាប់​មានការ​បញ្ចេញមតិ និង​ទស្សនៈ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស ពី​សំណាក់​ប្រជាជាតិ​ខ្មែរក្រោម ។​
​ប្រសិនបើ កម្មវិធី​ផ្សាយ​នៃ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” មាន​កំហុស​ក្នុង​ការផ្សាយ​សំឡេង ឬ អត្ថបទ​នៅលើ​គេហទំព័រ គណៈកម្មការ​យើង នឹង​ទទួលកំហុស ហើយ​កែតម្រូវ​ជាបន្ទាន់ តាម​មធ្យោបាយ ដែល​អាចធ្វើ​ទៅបាន ។​

ចាប់តាំងពី​បារាំង​បានប្រកាស​ឲ្យ​ដែនដី​កម្ពុជា​ក្រោម (​កូស័ងស៊ីន​/Cochin China) ឋិត​នៅក្រោម​រដ្ឋ ចំណុះ​វៀតណាម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក ទំនាក់ទំនង ប្រជាជាតិ​ខ្មែរក្រោម នៅ​កម្ពុជា ក្រោម ត្រូវបាន​កាត់ផ្ដាច់​ចេញ​ពី​ប្រជាជាតិ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​រហូតមកដល់​សព្វថ្ងៃ បានធ្វើ​ឲ្យ​ភាសា និយាយ​របស់​ប្រជាជាតិ​ខ្មែរក្រោម មាន​លក្ខណៈ​រដឺន​ប្លែក​ពី​ប្រជាពលរដ្ឋ​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ដែល កត្តា​នេះ  សេចក្ដីរាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ខ្លះ អាច​ពិបាក​ស្ដាប់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​កំណើត​នៅ​ប្រទេស​កម្ពុជា ។​

កម្មវិធី​ផ្សាយ​នៃ​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” បានទទួល​ជោគជ័យ ល្គឹកណាតែ​ព័ត៌មាន​របស់​យើងខ្ញុំ បាន ជ្រួតជ្រាប​ទៅដល់​អ្នក​ស្ដាប់​គ្រប់​មជ្ឈដ្ឋាន និង​ដល់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ៕

.