ពិធីរំព្ញកវិញ្ញាណក្ខន្ធអតីតយុទ្ធជននៃកងយោធពលខេមរជាតិ

March 19, 2012 6:49 amComments OffViews: 12

ដោយ អ្នកនាង ថាច់ សុជាតា/VOKK៖ នៅព្រឹក ថ្ងៃអាទិត្យទី១៨ ខែមិនា ឆ្នាំ្២០១២ នៅវត្តខេមរ ពុទ្ធិការាម ហៅវត្ត Willow នៃទីក្រុងឡងប៊ីច រដ្ឋកា លីហ្វ័រនីញ៉ា មានធ្វើពិធីតាមរបៀប ព្រះពុទ្ធសាសនា ដើម្បីរំព្ញកដល់វិញ្ញាណក្ខន្ធ អតីតយុទ្ធជនកងយោធ ពលខេមរជាតិ ដែលរៀបចំឡើងដោយ សមាគមអតីត យុទ្ធជននៃ កងយោធពលខេមរជាតិ។ អ្នកដែលចូល រួម ដែលមានអតីតនាយ ទាហ៊ាន និងពលទាហ៊ាន អតីតកងទ័ពខ្មែរជើងគោក ជើងទឹកនិង ជើងអាកាសខ្មែរព្រមទាំងក្រុមគ្រួសារជាច្រើន។ លោក ឃួន ថោងស៊ី ជាអតីតនាយទាហ៊ានទ័ពអាកាសខ្មែរ បានឡើងធ្វើសុន្ទរកថា ដោយធ្វើអត្ថាធិប្បាយ អំពីមូលហេតុនៃការប្រារព្ធ ពិធីបុណ្យនេះ គឺដើម្បីរំព្ញកខួបថ្ងៃទី១៨ ខែមិនាឆ្នាំ១៩៧០ ដែលកងយោធពលខេមរជាតិ ត្រូវធ្វើការប្រយុទ្ធ តទប់ជាមួយទ័ពយៀកកុង ដែលចូកមក ឈ្លានពានប្រទេសកម្ពុជា។ លោកក៏បានឧទ្ទិសមគ្គផលនៃពិធីបុណ្យ ចំពោះវិញ្ញាណ្ណកន្ធយុទ្ធជនយុទ្ធនារីខ្មែរទាំងអស់ ដែលបានបូជាជីវិត ក្នុងការការពារទឹកដីប្រទេសជាតិមាតុភូមិ ជាទីស្នេហារបស់យើងទាំងអស់គ្នា។​

ឆ្លៀតក្នុងឱកាសនោះដែរ លោក សឺង សម្រេច ដែលជាខ្មែរកម្ពុជាក្រោម ក៏បានឡើងថ្លែងរំព្ញក អំពី ពលិកម្មរបស់កងទ័ពខ្មែរក្រោម ម៉ៃហ្វក និងទ័ពកន្សែងស ក៏បានឆ្លងដែនពីទឹកដីកម្ពុជាក្រោមដោយទឹកចិត្ត ក្លាហាននិងស្នេហាជាតិយ៉ាងមោះមុត មករួមកម្លាំងជាមួយកងយោធពលខេមរជាតិ ដើម្បីច្បាំងតទប់ និងកំចាត់ ទ័ពយៀកកុង ឱ្យចេញពីទឹកដីកម្ពុជា។

នៅក្នុងពិធីសំណេះសំណាលពេលទទួលទានភោជនាហារ អតីតយុទ្ធជនទាំងអស់ក៏បានសារសងគ្នា រំព្ញកដល់ អនុស្សាវរីយ៍ពីអតីតកាលទាំងឡាយនៅក្នុងសមរភូមិនាទស្សវត្សរ៍ឆ្នាំ១៩៧០ អំពីទឹកចិត្តស្នេហាជាតិ នៃនាយទា ហ៊ាន និងពលទាហ៊ាន ព្រមទាំងសំដែងនូវសេចក្តីសោកស្តាយក្រៀមក្រំ ចំពោះអ្នកដែលបាន ធ្វើពលិកម្ម ជីវិតទាំងអស់ ដើម្បីជាតិមាតុភូមិរបស់ខ្លួន។
ពីធីរំព្ញកវិញ្ញាណក្ខន្ធនេះបានបញ្ចប់ទៅក្នុងស្មារតីសាមគ្គីភាព ចាត់ទុកជាសារមួយផ្ញើទៅជូនព្រលឹងវិញ្ញាណយុទ្ធ ជនទាំងអស់ ថាទោះរយឆ្នាំតទៅ កេរ្តិ៍ឈ្មោះនិងកិត្តិនាមកូនខ្មែរអ្នកស្នេហាជាតិ ត្រូវបានឆ្លាក់ជាប់ ក្នុងបេះដូង កូនខ្មែរគ្រប់ជំនាន់ជានិច្ចតរៀងទៅ។