សេចក្តីប្រគេន និងជូនដំណឹង

នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានកិត្តិយសសូមប្រគេន និងជូនដំណឹង ចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ្ធ បងប្អូនខ្មែរក្រោមរួមជាតិ ជាពិសេស គណកម្មការវត្តសេរីតាសេក ស្រុកជ្រោយញរ ខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម សូមទានជ្រាប និងជ្រាបថា៖ ចំពោះករណីរដ្ឋអំណាចវៀតណាម ដែលបានធ្វើការកោះហៅគណកម្មការវត្តសេរីតាសេកទៅប្រជុំ ដើម្បីគាំទ្រដល់មន្ត្រីសង្ឃខ្មែរក្រោម ក្នុងចំណាត់ការចាប់ផ្សឹកព្រះតេជគុណព្រះនាម ថាច់ ធឿន ដោយចោទ ប្រកាន់ថាបានទាក់ទងជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោមនោះ នាយកដ្ឋានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានលោក ត្រឹង ម៉ាន រិន ជាប្រធាន ព្រមទាំងគណប្រតិភូអមដំណើរ គឺតំណាង យុវជនខ្មែរក្រោម លោក លេនី ធម្មា និង តំណាងស្រ្តី ខ្មែរក្រោម អ្នកស្រី សឺង ធីនិត កំពុងធ្វើដំណើរបំពេញបេសកកម្ម ទៅជួបក្រុម ការពារសិទ្ធិមនុស្សនៃសេតវិមាន សហរដ្ឋអាមេរិក ដើម្បីរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិសេរីភាពសាសនា របស់អាជ្ញាធរវៀតណាមនេះ ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹង នៅថ្ងៃច័ន្ទទី៥ ខែមិនា នេះហើយ។

ដូច្នេះ សូមព្រះតេជព្រះគុណ និងបងប្អូនរួមជាតិជ្រាបថា ព្រះតេជព្រះគុណ និងបងប្អូនរួមជាតិពុំបាន ធ្វើអ្វីខុសទេ ប្រសិនបើទោះជាមានករណីទាក់ទងជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោមមែន ព្រោះអង្គការសហព័ន្ធ ខ្មែរកម្ពុជាក្រោមជាអង្គការស្របច្បាប់ ធ្វើការងារដោយសន្តិវិធី ក្រោមឆ័ត្រនៃកិច្ចការពារសិទ្ធិសេរីភាពរបស់ មនុស្សជាតិ ក្រោមដំបូលច្បាប់ នៃអង្គការសហប្រជាជាតិ។ គឺរដ្ឋអំណាចនៃប្រទេសវៀតណាមទេ ដែលជា អ្នកធ្វើខុសច្បាប់ ដោយធ្វើការរំលោភបំពានសព្វបែបយ៉ាង ទៅលើសិទ្ធសេរីភាពសាសនា និងសិទ្ធិមនុស្សជា មូលដ្ឋាន ដែលមានចែងដោយច្បាប់អន្តរជាតិជាសកល ជាពិសេសចំពោះខ្មែរកម្ពុជាក្រោមជាជនជាតិដើម។

សូមព្រះតេជព្រះគុណ និងជនរួមជាតិស្តាប់របាយការណ៍របស់លោក ត្រឹម ម៉ានរិន តាមកិច្ចសម្ភាសន៍ ដែលលោកបានធ្វើជាមួយវិទ្យុសំឡេងកម្ពុជាក្រោម តាមរយៈគេហទំព័រ៖  www.vokk.net.

សូមអរព្រះគុណ និងអរគុណ