ហេតុអ្វីថ្នាក់ដឹកនាំកម្ពុជាមិនទម្លាប់ប្រណម្យហត្ថា?
នៅលើពិភពលោកយើងនេះ ជាតិសាសន៍និមួយៗ មានទម្លាប់គារវៈកិច្ចគ្នា តាមវប្បធម៌ទំនៀមទម្លាប់ ខុសៗគ្នា។ ស្រុកចិន ស្រុកជប៉ុន គេអោនក្បាលជា ការគោរព នៅអឺរ៉ុបគេចាប់ដៃរលាក់គ្នាជាការគោរព ឬដាក់ថ្ពាល់ និងថ្ពាល់ម្តងឆ្វេងម្តងស្តាំជាការនឹករលឹក ។ ឯជនជាតិអាស៊ីមួយចំនួនដូចជា កម្ពុជា សៀម លាវ ក៏មានវប្បធម៌គារវៈកិច្ចស្រដៀងគ្នា មួយដែរ គឺការប្រើដៃទាំងទ្វេប្រណម្យសំពះគ្នា ទៅវិញទៅមក នៅពេលជួបគ្នា ជម្រាបលា ឬការថ្លែងសេចក្តី អរគុណ។ ឯនៅកម្ពុជាការសំពះក៏មានក្បួនខ្នាតខុសៗគ្នាខ្លះដៃរ ទៅតាមវ័យមនុស្ស ថានៈ តួនាទីជាដើម។ សូមមើលអត្ថបទ «លក្ខណៈសំពះរបស់ខ្មែរ» ។
ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកចម្ងល់មួយទៅលើការសំពះនេះ ទៅកាន់ថ្នាក់ដឹកនាំទាំងឡាយមានសម្តេច ដ៏ឧត្តុងឧត្តម ដ៏មហិមា ចុះរហូតដល់មន្រ្តីជាន់ខ្ពស់ និងថ្នាក់ក្រោម ក្រោមឱវាទទាំងអស់ ដែលតំណាង ឲ្យកម្ពុជាគ្រប់កាយវិការ។ រាល់ពេលដែលខ្ញុំមើលព័ត៌មានតាមកញ្ចក់ទូរទស្សន៍ តាមកាសែត និងប្រព័ន្ធផ្សាយ ព័ត៌មានជាច្រើនផ្សេងទៀត ខ្ញុំពិតជាឃើញដោយកម្រណាស់ ដែលលោកមន្រ្តីទាំងអស់ប្រើកាយវិការដ៏ផូរផង់ មួយនេះ។ គួរឲ្យខ្មាសអៀនទៅទៀតនោះគឺនៅពេលដែលអស់លោកមន្រ្តី ជួបថ្នាក់ដឹកនាំ ប្រតិភូ ភ្ញៀវបរទេស ទាំងឡាយ ដែលអញ្ជើញសម្តែងការគួសមជាមួយអស់លោក ឬអស់លោកអញ្ជើញចុះពីលើយន្តហោះ ចុះពី រថយន្តគេ(ជនបរទេស)សំពះសួរលោក លោកបែរជាលូកដៃលឿនស្លេវទៅចាប់រលាក់ដៃគេទៅវិញ។ តើនេះ មិនមែនជារឿងអាម៉ាស់មួយដែរទេឬ?
ខ្ញុំនឹងមិនបរិយាយអីឲ្យច្រើនទៀតនោះទេ ព្រោះខ្ញុំជារាស្រ្តសាមញ្ញល្ងង់ខ្លៅមួយរូប ចង់ទូន្មានបណ្ឌិតឯកឧត្តម គឺជារឿងកំប្លែងមួយហើយ។ ជាការស្នើសុំ ជូនដល់ជនរួមជាតិទាំងអស់ សូមកុំភ្លេចទម្លាប់ដ៏ល្អមួយនេះ បើអ្នក មិនអាចចោលការចាប់រលាក់ដៃគ្នាបាន សូមរៀនសំពះជាមុន ហើយចាំលូកដៃរលាក់គ្នាតាមក្រោយ ក៏ជា កាយវិការប្រសើរមួយដែរ។ ប្រភព័ត៌មាន៖ ប្លុក«គូទខ្យង»














