តំលៃជីឡើងថ្លៃកប់ពពក រីឯតំលៃស្រូវធ្លាក់ចុះយ៉ាងគំហុក
ដោយៈ ចៅ មុនីខេមរា
យោងតាមការបង្ហើបប្រាប់ពីកសិករខ្មែរក្រោមដែលកំពុងរស់នៅតាមដងទន្លេមេគង្គបានឲ្យដឹងថា ដោយសារតម្រូវការ នៃការប្រើប្រាស់ជីខ្ពស់នៅក្នុងរដូវស្រូវប្រាំងឆ្នាំ២០០៩-២០១០ នៅចុងខែធ្នូនេះក្រុមហ៊ុន និងសហគ្រាសលក់ជីរបស់ក្រុមយួន បានតំឡើងតំលៃជីយ៉ាងគំហុក ដែលប្រការនេះត្រូវបានក្រុមកសិករអះអាងថា តំលៃជីឡើងថ្លៃហួសពីការស្មានទុក ។
កសិករខ្មែរក្រោមម្នាក់ បានបង្ហើបឲ្យវិទ្យុសំឡេងកម្ពុជាក្រោមដឹងនៅព្រឹកថ្ងៃអង្គារ៍ ទី២៩ ធ្នូ ថា នៅរដូវស្រែប្រាំងឆ្នាំ២០០៩-២០១០ បច្ចុប្បន្នតំលៃជីគ្រប់ប្រភេទត្រូវបានក្រុមឈ្មួញយួនតម្លើងតំលៃខ្ពស់កប់ពពក ។ ប្រភេទជី Ure,ជី DAP, ជី NPK និងជី Kali។ល។ គឺមានតំលៃកើនឡើងចាប់ពី ២០ ០០០-៦០ ០០០ដុង បាវដែលមានចំណុះ៥០ គីឡូក្រាម ។ កសិករខ្មែរក្រោមបន្តអះអាងថា នៅតាមសហគ្រាស និងក្រុមហ៊ុនលក់ជីនានាក្នុងទីរួមស្រុក និងខេត្ត តំលៃជីUreដែល ផលិតនៅប្រទេសអ៊ីនដូណេស៊ី តំលៃដើមត្រឹមតែ២៥០ ០០០ -២៩០ ០០០ដុង ប៉ុន្តែបច្ចុប្បន្ននេះបានកើនឡើងដល់ ៣៥០ ០០០-៣៦០ ០០០ដុងក្នុងមួយបាវ ។ ចំណែកជី DAP របស់ចិន ប្រភេទគ្រាប់ខៀវ មុននេះតំលៃ ៤១០ ០០០-៤១៥ ០០០ដុងមួយបាវ ឥឡូវបានកើនឡើងដល់ ៥០០ ០០០-៥២០ ០០០ដុង។ រីឯជី DAP របស់ចិន និង អាមេរិក ប្រភេទគ្រាប់ខ្មៅ តំលៃដើម៣៨០ ០០០-៣៩៥ ០០០ដុង បានឡើងដល់៥០០ ០០០ដុង ក្នុងមួយបាវ ។ ជី Kali របស់ប្រទេសកាណាដា តំលៃដើមត្រឹមតែ ៤៩៥ ០០០-៥០០ ០០០ដុង ប៉ុន្តែក្នុងរយៈពេលពីរថ្ងៃនៃចុងខែធ្នូនេះ បានកើនឡើងដល់៥៥០ ០០០ដុងមួយបាវ ។ ដោយឡែកតំលៃជី NPKប្រភេទ ២០-២០-១៥ បានកើនឡើងដល់ ៥៥០ ០០០ដុងក្នុងមួយបាវ ។
កសិករខ្មែរក្រោមខេត្តមាត់ជ្រូក ដែលកំពុងមមាញឹកនឹងរបរធ្វើស្រែនោះក៏បានបង្ហើបឲ្យដឹងទៀតថា សប្តាហ៍កន្លងទៅនេះ នៅទីរួមស្រុក និងខេត្តមួយចំនួនក្នុងតំបន់ដែនដី
សណ្តទន្លេមេគង្គ តំលៃស្រូវអង្ករបានធ្លាក់ចុះប្រមាណ ៥០-១០០ ដុងលើមួយគីឡូក្រាម ។ ដោយពួកគេបានបញ្ជាក់ពីមូលហេតុថា ដោយសារមានប្រជាពលរដ្ឋដូចជានៅក្នុងខេត្តកំពុង ឫស្សី ខេត្តឃ្លាំង ខេត្តមាត់ជ្រូក និងខេត្តក្រមួន-ស កំពុងតែរៀបចំច្រូតកាត់ស្រូវរដូវថ្មី ។ កសិករខ្មែរក្រោមបានបន្ថែមថា ក្រុមឈ្មួញយួន នឹងបន្តបញ្ចុះតំលៃស្រូវអង្ករជាបន្តទៀតក្នុង
រយៈពេល១០ ខាងមុខនេះ ស្របនឹងរដូវចុះច្រូតកាត់ស្រូវថ្មីរបស់កសិករមកដល់ ។
សូមជំរាបជូនថា មុនការបញ្ចុះតំលៃជីទាំងគឃ្លើនបែបនេះ គេនៅចាំបានថាក្រុមហ៊ុន និងសហគ្រាសលក់ជីរបស់យួន បានប្រកាសគំរាមទុកជាមុនអស់រយៈជាងកន្លះខែមកហើយ ។ ប៉ុន្តែក្រុមលោក ង្វៀង ម៉ាញ់វ៉ឹង ម្ចាស់ក្រុមហ៊ុនលក់សម្ភារៈកសិកម្មនៅក្នុងស្រុកថើយឡាយខេត្តព្រែកឫស្សី គ្រាន់តែគំរាមថា ពួកគេនឹងតំឡើងថ្លៃបន្តិចបន្តួចតែប៉ុណ្ណោះ។ ផ្ទុយទៅវិញកសិករខ្មែរក្រោមអះអាងថា ការតម្លើងតំលៃជីលើកនេះ គឺខ្ពស់កប់ពពក ស្របពេលដែលតំលៃស្រូវត្រូវបានក្រុមឈ្មួញទម្លាក់ចុះទាំងគំហុក ៕
