ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ តាម​សៀវភៅ​មហាសង្ក្រាន្ត​

​សង្ក្រាន្ត ចូលមក​នៅ​ថ្ងៃ ១៥​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៤ ខែមេសា វេលា​ម៉ោង ៨ និង ០៧ នាទី​ព្រឹក​។ ពេលនោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី​ទៅ​ស្ថិត​នៅឯ​មេសរាសី​តាមផ្លូវ​គោ​វិថី​គឺ​ផ្លូវកណ្ដាល មាន​ទេពធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះនាម គោ​រាគៈ​ទេវី ជា​បុត្រី ទី​២ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា មក​ទទួល​វេន​បន្ត​ពី​ទេវតា​ឆ្នាំ​ចាស់ ទ្រង់ អម្ពរ​ពណ៌​លឿង លម្អ​ព្រះ​កាណ៌ (​ត្រចៀក​) ដោយ​សៀត​ផ្កាអង្គារបុស្ស អ​ភរ​ណៈ​ទ្រង់​ពាក់ កែវ​មុក្តា ភក្សាហារ​ទ្រង់​សោយ តេ​លំ (​ប្រេង​) ព្រះហស្ត​ស្តាំ​ទ្រង់​កាន់ ព្រះខ័ន ព្រះហស្ត​ឆ្វេង​ទ្រង់ ឈើច្រត់ ទ្រង់​គង់​លើ​ខ្នង ព្យា​គ្យូៈ (​សត្វ​ខ្លា​) ជា​ពាហនៈ ។​

20140411_20a

​កម្មវិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​

​ពិធី​ផ្សេងៗ ដែល​ប្រជាជន​ខ្មែរ​រៀបចំ​តាម​ប្រពៃណី​មាន​ដូចតទៅ​៖ ពេលមុន​ចូលឆ្នាំ​គេ​នាំគ្នា​ប្រុងប្រៀប រក​ស្បៀងអាហារ សម្អាតផ្ទះ​សម្បែង រែក​ទឹក​ដាក់​ពាង​រក​អុស​ទុក និង​កាត់​សម្លៀកបំពាក់​ថ្មីៗ​ជាដើម ។ ថ្ងៃ​ចូលឆ្នាំ​មកដល់​គេ​រៀប​គ្រឿង​សក្ការបូជា​ទទួល​ទេវតា​ថ្មី​។ ចំណែក​ផ្ទះសម្បែង​គេ​តុបតែង​រំលេច​ដោយ​ភ្លើងទៀន អំពូល​អគ្គិសនី​ខ្សែ​តូចៗ ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម​គ្រប់​ពណ៌​។​

​ពិធីបុណ្យ​ចូលឆ្នាំ ៣​ ថ្ងៃ នោះ​គឺ​៖

​ថ្ងៃ​ចន្ទ ១៥ កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ ទី​១៤ ខែមេសា ជា​ថ្ងៃ​ចូលឆ្នាំថ្មី វេលា​ម៉ោង ៨ និង ៧ នាទី​ព្រឹក​ជា​ថ្ងៃ​ចូលឆ្នាំ មមី ឆស័ក (​ថ្ងៃ​មហាសង្ក្រាន្ត​)​។​

ថ្ងៃ​អង្គារ ១ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ ទី​១៥ ខែមេសា ជា​វារៈ​វន​ប័ត​។​

​ថ្ងៃ​ពុធ ២​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ ទី​១៦ ខែមេសា ជា​វារៈ​ឡើងស័ក​គម្រប់​ជា​សង្ក្រាន្ត ៣​ថ្ងៃ ដោយ​បរិបូរណ៍​និង​ចូល ឆ្នាំមមី ឆស័ក ចុល្លសករាជ ១៣៧៦ និង​មហាសករាជ ១៩៣៦ តរៀង​ទៅ​។​

តាម​ទម្លាប់​ពី​ដើម​នៅ​ថ្ងៃ ទី​១ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ភិក្ខុ​ទាំងឡាយ​នៅតាម​វត្ត​អារាម​។ ពេល​ល្ងាច​គេ​នាំគ្នា​ជញ្ជូន​ខ្សាច់​សាង​វាលុកចេតិយ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ៍​ណាមួយ​នៅក្នុង​វត្ត​នោះ​។ នៅពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ភិក្ខុ​ទាំងឡាយ និមន្ត​ភិក្ខុ​សូត្រ​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ធម្មទេសនា​។​

​នៅ​ថ្ងៃ ទី​២ កូនចៅ​ជូនអំណោយ​ជា​សម្លៀកបំពាក់ នំចំណី លុយកាក់​ដល់​អ្នកមាន​គុណ មាន​ឪពុកម្តាយ ជីដូន​ជីតា​ជាដើម​។ ជួនកាល​គេ​ធ្វើ​ទាន​ដល់​អ្នកក្រីក្រ​ទៀតផង​។ ពេល​រសៀល​គេ​នាំគ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិស្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត​ទុក​ដូច​ចូឡាមណី​ចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំងឡាយ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ដែល​បាន​ចែក​ឋាន​។​

​ថ្ងៃ ទី​៣ ពេលព្រឹក និមន្ត​ភិក្ខុ​ទាំងឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ភិក្ខុ​ស្រង់ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប (​តាម​ការនិយម​នៃ​ស្រុក​ខ្លះ​)​។ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ គេ​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​កម្សាន្ត​សប្បាយ​ជាច្រើន ដូចជា លេង​បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង​ជាដើម និង មាន​របាំ​ត្រុដិ (​ច្រើន​មាននៅ ខេត្តបាត់ដំបង សៀមរាប​) ជាពិសេស​ទៀត​គឺ​រាំវង់ តែ​អាស្រ័យ​ទៅតាម​ការនិយម​ចូលចិត្ត​របស់​មនុស្សម្នា​ក់ៗ​។ អ្នកខ្លះ​និយម​នាំគ្នា​ដើរ​កម្សាន្ត​បន្ត អ្នកខ្លះ​និយម​ធ្វើបុណ្យ​ទាន​តាម​វត្ត​អារាម​។​

​គ្រឿង​រណ្ដាប់​ទទួល​ទេវតា​៖

​សម្រាប់​គ្រឿង​រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀងមក​ត្រូវ​រៀប​រាន​ទទួល​ទេវតា នៅមុខ​ផ្ទះ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ត្រូវ​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា​មាន​ជាអាទិ៍ បាយសី ៩ ថ្នាក់​មួយគូ បាយសី ៧ ថ្នាក់​មួយគូ បាយសី ៥ ថ្នាក់​មួយគូ បាយសី ៣ ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ​គូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ (​ទៀន ៥ ធូប ៥) លាច ៥ ផ្កា ៥ ដាក់​លើ​ជើងពាន​មួយគូ ចេកនួន ចេកណាំវ៉ា ជើងពាន​មួយគូ ផ្លែឈើ ១១ មុខ​រៀប​ដាក់​ជើងពាន ១១ គូ ដូង​ឡៅ​មួយគូ ទឹកស្អាត​ពីរ​កែវ​។ ឆ្នាំនេះ​គួរ​រក​ប្រេង ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ​របស់​ទេពធីតា​។ ស្រេច​ហើយ​នៅវេលា​ម៉ោង​ដែល​ទេពធីតា​ចុះមក​ត្រូវ​ជួបជុំ​ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​ធ្វើការ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​លុះ​ចប់​ពិធី​ទទួល​ទេវតា​។​

គួរ​បញ្ជាក់ថា បាយសី ៩ ថ្នាក់ ៧ ថ្នាក់ តំណាង​ឲ្យ​ព្រះរាជា ព្រះបរមរាជវាំង​។ ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ ៥ ថ្នាក់​ចុះមក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែលមាន​ទៀន ៥ ធូប ៥ ស្លាធម៌ កូន​ចេក​មួយគូ​ក៏​ល្អ​ដែរ​។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ គួររៀបចំ​ឲ្យ​បាន​ត្រឹម ៣ ឬ ៥ មុខជា​ការប្រសើរ គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន​។ នៅ​គ្រប់​តង្វាយ​ទាំងអស់​ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​តង្វាយ នៅលើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​បំភ្លឺ​។​

​ទំនាយ​ឆ្នាំ​ថ្មី​មាន​បាតុភូត​ទឹកធំ និង​ធាតុអាកាស​ត្រជាក់ កេណ្ឌ​ព្រះ​ពិរុណសាស្ត្រ​៖ ឆ្នាំនេះ ភព​សៅរ៍ ជា​អធិបតី នាំ​ផ្លូវ​ទៅសុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ ហើយ​បាន​នាគ ៥ បង្អុរ​ទឹកភ្លៀង ៤០០ មេ​ដែល​ចែកចេញជា​៖

-​ចក្កវាឡ ១៦០ មេ​

-​ព្រៃ​ហេមពាន្ត ១២០ មេ​

-​មហាសមុទ្រ ៨០ មេ​

– ជម្ពូទ្វីប មនុស្ស​យើង​មាន​ចំនួន ៤០​មេ បណ្ដាល​ឲ្យ​មាន​ទឹកភ្លៀង ដើមឆ្នាំ​ល្អ កណ្ដាល​ល្អ ចុងឆ្នាំ​ភ្លៀង​តិច​។ ទំនាយ​ទាយ​ថា ទឹកទន្លេ​ឆ្នាំនេះ​ច្រើន​លើស​ឆ្នាំ​ទាំងពួង ទឹកធំ​ណាស់​។ ចំណែក​ការធ្វើ​ស្រែ ដី​ទំនាប​ទទួលបាន​ផល​ល្អ ដី​ទួល​មាន​ផល​ល្មម​សមគួរ​។ ឆ្នាំនេះ​ទំនាយ​ទាយ​ថា​ធាតុអាកាស​ត្រជាក់ ។​

ដកស្រង់​ចេញពី​មហាសង្ក្រាន្ត ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ការផ្សាយ​របស់​គណៈកម្មកា​រ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៃ​ក្រសួង ធម្មការ និង​សាសនា ៕​