បទ​យកការណ៍​៖ ​បេសកម្ម​របស់​អ្នកសារព័ត៌មាន​ស្ថិតក្នុង​ភាព​គំរាមកំហែង​នា​រយៈពេល​ចុងក្រោយ​នេះ​​

សន្ធឹក​គោះ​ខែល​ដោយ​ប្រើ​ដំបង និង​សំឡេង​បោក​គ្រាប់​បែកផ្សែង​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ រដ្ឋាភិបាល​កម្ពុជា បាន​បន្លឺ​ឡើង​បន្ត​បន្ទាប់​គ្នា នៅ​គ្រា​ដែល​លោក ​ម៉ម សូណង់ដូ នាយ​ក​វិទ្យុ​សំបុក​ឃ្មុំ​ដឹកនាំ​បាតុកម្ម​ទាមទា​រ​បង្កើត​ទូរទស្សន៍ ​និង​ដំឡើងការ​ផ្សាយ​វិទ្យុ​ឯករាជ្យ​។

អ្នកសារព័ត៌មាន ពាក់មួកសុវត្ថិភាពដើម្បីការពារសុវត្ថិភាពខ្លួនឯងពេលបំពេញការងារក្នុងហេតុការណ៍កើតហិង្សា ឬតស៊ូមតិណាមួយ (រូបថត តាត ឧត្តម)
អ្នកសារព័ត៌មាន ពាក់មួកសុវត្ថិភាពដើម្បីការពារសុវត្ថិភាពខ្លួនឯងពេលបំពេញការងារក្នុងហេតុការណ៍កើតហិង្សា ឬតស៊ូមតិណាមួយ (រូបថត តាត ឧត្តម)

បទ​យកការណ៍​៖ ​បេសកម្ម​របស់​អ្នកសារព័ត៌មាន​ស្ថិតក្នុង​ភាព​គំរាមកំហែង​នា​រយៈពេល​ចុងក្រោយ​នេះ​​

​នេះ​ជា​ភស្តុតាង​មួយ ក្នុងចំណោម​ការបង្ក្រាប​ច្រើន​ករណី​ទៀត​ទៅលើ​ក្រុម​បាតុករ ដែល​លើ​ដងផ្លូវ​តាំងពី​ក្រោយ​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទ​នេះ​។​

​រាល់​ការបង្ក្រាប​ម្តងៗ មិនមែន​រងរបួស​តែ​ក្រុមបាតុករ​នោះទេ​។ តែ​ជា​រើ​យៗ​អ្នកយក​ព័ត៌មាន​តែង​តែ​រងរបួស​ខ្លះៗ និង​ខូចខាត​សម្ភារ​នៅពេល​ពួកគេ​ព្យាយាម​ផ្តិត​យក​សកម្មភាព​នៃ​ការប៉ះទង្គិច​ គ្នា​រវាង​ក្រុមបាតុករ និង​សមត្ថកិច្ច​។

​អ្នក​ថតរូប​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក គាំ ច័ន្ទ​រស្មី បាន​រៀបរាប់​ថា ចាប់តាំងពី​លោក​ត្រូវបាន​កម្លាំង​​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​វាយ​នៅពេល​ ព្យាយាម​ថតរូប ខណៈ​មាន​ការផ្ទុះ​ហិង្សា​រ​វាង​សមត្ថកិច្ច និង​អ្នក​បឹងកក់​នៅ​រមណីដ្ឋាន​វត្តភ្នំ​កាលពី​ខែវិច្ឆិកា​មក សកម្មភាព​ប្រើ​ហិង្សា​ទៅ​លើ​អ្នកសារព័ត៌មាន កើនឡើង គួរឲ្យកត់សំគាល់ ហាក់​បង្ហាញថា អាជ្ញាធរ​កំពុង​កំណត់ អ្នកព័ត៌មាន ថា​ជា​មុខសញ្ញា​មួយ​។ លោក​ថា លោក​សោកស្តាយ​ដែល​កម្ពុជា មាន​ក្រសួង​ព័ត៌មាន តែ​មិន​បាន​អន្តរាគមន៍​ឲ្យ​អ្នកសា​រព័ត៌​មានមាន​សុវត្ថិភាព និង​ជំរុញ​ឲ្យ​វិស័យ​នេះ មាន​ភាព​ល្អប្រសើរ​ជាង​មុន​នោះ​ទេ ហើយ​បែរជា​បណ្តោយឲ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ទាំង​ភាពភ័យខ្លាច​ទៅ​វិញ​។

«​យើង​មាន​ចម្ងល់​ថា ក្រសួង​ព័ត៌មាន​បង្កើតឡើង​ក្នុង​ការគ្រប់គ្រង អ្នកសារព័ត៌មាន​ក្នុង​រូបភាព​បែបណា ដើម្បី​ការពារ​ទៅ​លើ​ស្ថាប័ន រដ្ឋាភិបាល ឬ​ក៏​គាត់​បង្កើត​ស្ថាប័ន​សារព័ត៌មាន​ហ្នឹង​ដើម្បី​ធ្វើឲ្យ​ស្ថានភាព ការ​យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស កាន់តែ​មាន​ភាពប្រសើរ​ជាង​មុន អព្យាក្រឹត​ជាង​មុន ហើយ​ដែល​ធ្វើឲ្យ​មាន​ប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល​»​។​

​ក្រុមមន្ត្រី​សិទ្ធិមនុស្ស បញ្ជាក់ថា កាល​ពី​ការបង្ក្រាប​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​កន្លងមក អ្នកសារព័ត៌មាន​មួយចំនួន ត្រូវបាន​ក្រុម​សន្តិសុខ ខណ្ឌដូនពេញ ដេញ​វាយ ចាប់​យក​កាម៉េរ៉ា រុញ​ឲ្យ​ដួល និង​បណ្តេញ​មិនឲ្យ​ថតរូប​ជាដើម​។

​អ្នកសារព័ត៌មាន​ព្រៃនគ​រ​លោក សឺ​ន ចែង​ចើន មានប្រសាសន៍ថា ម៉ាស៊ីន​ថត (canon 600D) តម្លៃ​១១៥០​ដុល្លារ ដែល​កងកម្លាំង​សន្តិសុខ​ដណ្តើមយក ដោយ​ប្រើ​ដំបងឆក់ លើ​រូបគាត់ នៅលើ​ទីលាន​ប្រជាធិតេយ្យ កាលពី​ថ្ងៃ​ទី​៤ ​ខែ​មករា តែ​មិន​មាន​អាជ្ញាធរ​ណា​ស្វែងរក​ឲ្យ​គាត់​វិញ​នៅ​ឡើយ​ទេ​។ លោក​យល់ថា សេរីភាព​អ្នកសារព័ត៌មាន​ត្រូវបាន​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។

«​ស្ថានភាព​បច្ចុប្បន្ន សេរីភាព​នៃ​ការបញ្ចេញមតិ ឬក៏​សេរីភាព​នៃ​ក្រុមអ្នកកាសែត​ត្រូវបាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​។ សកម្មភាព​ទាំងអស់​ហ្នឹង ភាគច្រើន​ពួកគេ​រុញច្រាន​នៅពេល ដែល​យើង​ចេះ​តែ​ចូល​ផ្តិត​យក​រូបភាព គេ​បាន​រុញច្រាន់​យើង​ឲ្យ​ដួល រឺ​ក៏​គេ​យក​ដំបងជ​ន្ល​យើង ឬក៏​បើ​យើង​មិន​ចេញ​ទៅ​ឆ្ងាយ​ទេ គេ​នឹង​វ៉ៃ​យើង​តែម្តង នេះ​ចុងក្រោយ​ដែល​ខ្ញុំ​សង្កេត​ឃើញ​នោះ ភាគច្រើន​គឺ​ប្រើ​ដំបង​រុញច្រាន​»​។

លោក ស៊ឺន ចែង ចើន (រូបកណ្ដាលកាន់ម៉ាស៊ីនថតរូប) កំពុងថតរូបនៅទីលានប្រជាធិបតេយ្យ ។
លោក ស៊ឺន ចែង ចើន (រូបកណ្ដាលកាន់ម៉ាស៊ីនថតរូប) កំពុងថតរូបនៅទីលានប្រជាធិបតេយ្យ ។

​ករណី​នេះ​ស្រដៀង​គ្នា​នេះ​ក៏កើត​មាន​បន្តបន្ទាប់​ទៀត ទាំង​នៅ​មុខ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ ខណៈ​សមត្ថិ​ច្ច វាយ​បំបែក​ក្រុម​បាតុករ​របស់លោក ម៉ម សូណង់ដូ​។​

​អ្នក​ថតរូប​របស់ ទីភ្នាក់ងារ​ព័ត៌មាន បារាំង (AFP) លោក តាំង ឈិន​សុធី ត្រូវបាន​សមត្ថកិច្ច វាយ​ឲ្យ​របួសក្បាល ខណៈ​ដែល​គាត់​ព្យាយាម​ថត​យក​ព្រឹត្តិការណ៍ សមត្ថកិច្ច​កម្ពុជា ចុះ​បង្ក្រាប​បាតុកម្ម របស់លោក ម៉ម សូណង់ដូ​ កាលពី​ថ្ងៃ​​​ចន្ទ​ដើម​សប្តាហ៍​នេះ​។​

លោក តាំង ឈិន​សុធី ​អ្នក​ថតរូប​របស់ ទីភ្នាក់ងារ​ព័ត៌មាន បារាំង (AFP) ត្រូវបាន​សមត្ថកិច្ច វាយ​ឲ្យ​របួសក្បាល ខណៈ​ដែល​គាត់​ព្យាយាម​ថត​យក​ព្រឹត្តិការណ៍ សមត្ថកិច្ច​កម្ពុជា ចុះ​បង្ក្រាប​បាតុកម្មរបស់លោក ម៉ម សូណង់ដូ​ កាលពី​ថ្ងៃ​​​ទី ២៧ មករា ២០១៤ ​​។​
លោក តាំង ឈិន​សុធី ​អ្នក​ថតរូប​របស់ ទីភ្នាក់ងារ​ព័ត៌មាន បារាំង (AFP) ត្រូវបាន​សមត្ថកិច្ច វាយ​ឲ្យ​របួសក្បាល ខណៈ​ដែល​គាត់​ព្យាយាម​ថត​យក​ព្រឹត្តិការណ៍ សមត្ថកិច្ច​កម្ពុជា ចុះ​បង្ក្រាប​បាតុកម្មរបស់លោក ម៉ម សូណង់ដូ​ កាលពី​ថ្ងៃ​​​ទី ២៧ មករា ២០១៤ ​​។​

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ផ្នែក​សារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធិ មានប្រសាសន៍ថា នេះ​គឺជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ទៅលើ​សេរីភាព​អ្នក​សារព័ត៌ និង​សេរីភាព​បញ្ចេញមតិ​។ លោក​ថា ការបាត់បង់​សេរីភាព​ទាំងពីរ​នេះ គឺជា​បណ្តាសារ​មួយ​សម្រាប់​កម្ពុជា ដែល​ធ្វើឲ្យ​កម្ពុជា​ខាតបង់​ធ្ងន់ធ្ងរ​បំផុត និង​ដើរ​ទៅ​រក​សម័យ​ដែល​មិនទាន់មាន​ច្បាប់​សារព័ត៌មាន​។

«​វា​ហាក់ដូចជា​បណ្តាសា​មួយ​នៅ​លើ​ប្រទេស​កម្ពុជា​អញ្ចឹង ព្រោះ​យើង​ដឹងថា សង្គ្រាម​ជាង​២​ទស្សវត្ស​នៅក្នុង​ប្រទេស​កម្ពុជា អាច​ថា​មួយ​ផ្នែក​ដោយសារតែ​ប្រជាពលរដ្ឋ​កម្ពុជា​យើង មិន​មាន​សេរីភាព មិន​មាន​សិទ្ធិ​ក្នុង​ការបញ្ចេញមតិ ពុំ​មាន​សិទ្ធិ​ក្នុងការ​ធ្វើ​បាតុកម្ម ទាមទារ​ដោយ​អហិង្សា​»​។​

​កម្ពុជា​មានច្បាប់​ស្តីពី​របប​សារព័ត៌មាន តាំងពី​ឆ្នាំ​១៩៩៥ តែ​អ្នកជំនាញ យល់ថា ច្បាប់​នេះ​ហាក់​មិន​បាន​ការពារ​អ្នកសារព័ត៌មាន​ពេញលេញ​នោះទេ​។ ដោយឡែក​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា ក្រសួង​ព័ត៌មាន ធ្លាប់​អះអាងថា ត្រូវការ​រយៈពេល​៣​ឆ្នាំ​ទៀត​ទើប​អាចបង្កើត​ច្បាប់​នេះ​បាន​។

​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍ លោក មឿន តុលា ដែល​ឃ្លាំមើល​ព្រឹត្តិការណ៍​ហិង្សា​កន្លងមក បានឲ្យដឹងថា ក្រៅពី​ការដណ្តើមយក​ម៉ាស៊ីន​ថត ក៏​មាន​អ្នកសារព័ត៌មាន មន្ត្រី​សង្គម​ស៊ីវិល និង អ្នក​សង្គ្រោះ​បឋម​ទាំង​ជាតិ និង​អន្តរជាតិ ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​វាយ​បណ្តេញចេញ​ពី​កន្លែងកើតហេតុ និង​ហាម​មិនឲ្យ​ថតរូប ។

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្តល់​បទ​សម្ភាស​​ឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​មិន​បាន​រឹតត្បិត​សេរីភាព​ប​ញ​ញ​ចេញ​មតិ​នៅ​កម្ពុជា​នោះ​ទេ​។ លោក​ថា នៅ​ប្រទេស វៀតណាម គេ​បាន​បិទ​គេហទំព័រ​រាប់​ម៉ឺន នៅ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត តែ​កម្ពុជា​មិន​ធ្វើ​បែប​នេះ​ទេ​។

«​ហើយ​យើង​មាន​វិទ្យុ​ជាច្រើន​ទៀត ដែល​នៅក្នុង​ប្រទេស​កម្ពុជា​នេះ ដែល​មាន​និន្នាការ​កំពុងតែ​រិះគន់ និង​ការប្រឆាំង​រដ្ឋាភិបាល​នោះ​។ ប៉ុន្តែ​យើង​ទទួលយក​ទាំងអស់ ក្រៅពីនេះ​មាន​កាសែត​ទៅទៀត ដូច្នេះ​កាលដែល​យើង​និយាយ​ថា ទូរទស្សន៍​មួយ​វា​ជា​តំណាង​នៃ​សិទ្ធិ​បញ្ចេញមតិ វា​ជា​ការខុសឆ្គង​ណាស់។ យើង​មើលឃើញ​ថា​ទិដ្ឋភាព​ទាំងអស់ ដែល​អ្នក​ទាំងអស់​គ្នា​បាន​ធ្វើ​រាល់​ថ្ងៃនេះ គឺជា​ការបង្ហាញ​នូវ​ការទទួលស្គាល់ នៃ​សិទ្ធិ​បញ្ចេញមតិ។ ប៉ុន្តែ​យើង​ត្រូវ​បានដឹងហើយថា សិទ្ធិ​នៃ​ការបញ្ចេញមតិ ត្រូវគោរព​លើ​ភាពថ្លៃថ្នូរ​របស់​បុគ្គល​ផងដែរ ហើយ​ទន្ទឹម​នោះ ក៏​ត្រូវ​គោរព​លើ​ច្បាប់​ផង​ដែរ​»​។​

​នៅ​គ្រា​ដែល​ស្ថានការណ៍​ប្រឈម​នឹង​គ្រោះថ្នាក់​បែប​នេះ អ្នកយក​ព័ត៌មាន និង​អ្នក​ថតរូប​មួយចំនួន បាន​បំពាក់​ប្រដាប់​ការពារ​សុវត្ថិភាព ដូចជា​អាវ និង​មួក​ជាដើម នៅ​ពេល​ពួកគេ​ចូល​ថត​សកម្មភាព​ប៉ះទង្គិច​ដោយ​ហិង្សា រវាង​បាតុករ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​ប្រថុយប្រថាន​។​

​អ្នកសារព័ត៌មាន​ព្រៃនគ​រ​លោក សឺ​ន ចែង​ចើន ទទូច​ឲ្យ​ក្រសួង​ព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍ ដើម្បី​បញ្ឈប់​ការគំរាមកំហែង លើ​អ្នកសារព័ត៌មាន​តទៅទៀត​ ។

«… ស្នើ​ឲ្យ​រដ្ឋាភិបាល ឲ្យ​ចាត់វិធានការ​ទៅ​លើ​កងកម្លាំង​ដែល​មាន​សមត្ថកិច្ច​មក​បង្ក្រាប ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​យោគយល់ ក្រុមអ្នកកាសែត​ដែល​ចុះ​ទៅ​យក​ព័ត៌មាន ក្នុង​ព្រឹត្តិការណ៍​អ្វី​មួយ​ផង កុំឲ្យ​ឃើញ​អ្នកកាសែត ដូច​ជា​សត្រូវ​របស់​ពួកគាត់​»

ដោយ៖​ ថុល ស្រីលក្ខណ៍ និងអ៊ឹង ប៊ុនថន​ | ថ្ងៃអង្គារ ទី 28 ខែមករា ឆ្នាំ 2014 | សូមសរសេរមកកាន់ អ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com