ញោមស្រីរបស់ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម បានទទួលអនិច្ចកម្ម

March 2, 2013 6:40 pm0 commentsViews: 9

ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះតេជព្រះ​គុណ យឿង តារា បានមានថេរដីកាប្រាប់វិទ្យុសម្លេងកម្ពុជាក្រោមនៅល្ងាចថ្ងៃទី២ ខែមីនានេះ ឲ្យបានដឹងថា លោកយាយឧបាសិកា យឿង ធីសើង ដែលជាញោមស្រីបង្កើតរបស់ព្រះអង្គបានទទួលអនិច្ចកម្មហើយ​កាល​ពីវេលាម៉ោង ២៖២០ ល្ងាច ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣នេះ។ លោកយាយឧបាសិកា យឿង ធីសើង កើតឆ្នាំ១៩៤៧ នៅភូមិកោះទុង ឃុំអានថាញ់ទីពីរ (Xa An Thanh Nhi) ស្រុកអណ្ដូងទឹក (Huyek Cu Lao Dung) ខេត្តឃ្លាំង កម្ពុជាក្រោម បានមានស្វាមី និងមានបុត្រ​ធីតាចំនួន៦នាក់ គឺប្រុសចំនួន២នាក់ និងស្រីចំនួន៤នាក់ ក្នុងនោះកូនប្រុសទាំងពីរនាក់បានបួស​ក្នុងសំណាក់​ព្រះពុទ្ធសាសនា។

ព្រះតេជព្រះគុណ យឿង តារា បានមានថេរដីកាឲ្យដឹងបន្តថា នៅពេលថ្មីៗលោកយាយឧបាសិកា យឿង ធីសើង ដែលជាញោមស្រីបង្កើតរបស់ព្រះអង្គ ព្រមទាំងអ្នកមីង ប្អូនស្រីពៅ និងប្អូនស្រីជីដូនមួយ​របស់​ព្រះអង្គ បាន​ធ្វើ​​ដំណើរឡើងមកជួបសួរសុខទុក្ខព្រះអង្គនៅទីក្រុងភ្នំពេញអស់ជាច្រើនថ្ងៃ។ ព្រះអង្គក៏បានជូន​ដំណើរពួកគាត់ទៅកម្សាននៅរម្មណីយដ្ឋានជាតិជាច្រើនមានដូចជាប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងជុំវិញ​ទីក្រុងភ្នំពេញ។ ពួកគាត់ក៏បានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតនៅឯកម្ពុជាក្រោមវិញ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ កន្លងទៅនេះ។ លុះទៅដល់ស្រុកកំណើតនៅឯកម្ពុជាក្រោម ស្រាប់តែគាត់មានអាការៈរោគ​ឡើងឈាម និងដាច់សរសៃឈាមខួរក្បាល កូនៗរបស់គាត់ក៏បានម្នីម្នាបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនាទី​ក្រុងព្រែកឫស្សី (Can Tho) ប៉ុន្ដែគ្រូពេទ្យដែលជាជនជាតិវៀតណាមនៅទីនោះគ្មានមធ្យោបាយសង្គ្រោះអាយុ​ជីវិតគាត់បានឡើយ ក៏ប្រគល់លោកយាយឧបាសិកាឲ្យទៅកូនៗរបស់ដើម្បីបញ្ជូនត្រឡប់យកមកគេហដ្ឋាន​វិញ។ កូនៗរបស់គាត់ ក៏បានយល់ព្រមទទួលយកលោកយាយឧបាសិកាដែលកំពុងតែផ្ទុកទៅដោយជម្ងឺយ៉ាង​ធ្ងន់​ធ្ងរ​​​ប្រកប​ដោយក្ដីអស់សង្ឃឹមនោះ​ត្រឡប់មកគេហដ្ឋានវិញទាំងក្រៀមក្រំ និងទុក្ខសោកដ៏ក្រៃលែង។ លុះ​ការ​នាំខ្លួន​របស់លោកយាយមកដល់គេហដ្ឋានបានតែប៉ុន្មាននាទីប៉ុណ្ណោះ លោកយាយក៏បានលាចាកស្វាមី លាចាក​កូន និងចៅៗ ព្រមទាំងលាចាកលោកនេះក្នុងជន្មាយុ៦៦ឆ្នាំ។

ព្រះតេជព្រះគុណ យឿង តារា ក៏បានមានថេរដីកាឲ្យដឹងផងដែរថា ពីអតីតកាល​បើទោះបីជារូប​ញោម​ស្រីរបស់​ព្រះអង្គមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រជូរចត់រវាងខ្មែរនិងយួនឬក៏ទេនោះ ព្រះ​អង្គក៏មិនបានដឹងច្បាស់ដែរ។ ក៏ប៉ុន្ដែគាត់បានចូលរួមការឈឺឆ្អាលជាមួយព្រះអង្គកាលពីពេលដែលព្រះអង្គកំ​ពុងគង់នៅសិក្សានៅសាលាបាលីជាន់ខ្ពស់នាទីរួមខេត្តឃ្លាំង ហើយព្រះអង្គបានចូលរួមធ្វើបាតុកម្មជាមួយព្រះ​សង្ឃដែលជាសមណនិស្សិតជាច្រើនរយអង្គផ្សេងទៀតទាមទារសិទ្ធិសេរីភាពក្នុងការគោរព ប្រតិបត្តិព្រះពុទ្ធ​សាសនាពីអាជ្ញាធរវៀតណាម ខេត្តឃ្លាំង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧។ បន្ទាប់ពីព្រឹត្តិការណ៍ ៨ កុមុ្ភៈ​នោះ​មក ព្រះអង្គ​ត្រូវ​បាន​គេបញ្ឈប់ការសិក្សា គម្រាបចាប់​ផ្សឹកដើម្បីផ្តន្ទាទោស ព្រះអង្គក៏បាន​ភៀសខ្លួន​មក​កម្ពុជារហូតដល់សព្វថ្ងៃនេះ។ ព្រះអង្គបានមានថេរដីកាបន្តថា លោកយាយឧបាសិកា យឿង ធីសើង ដែល​ជាញោមស្រីរបស់ព្រះអង្គបានបាក់ស្បាត ព្រួយបារម្ភ ខ្វល់ខ្វាយ និងកើតក្ដីទុក្ខព្រួយតាំងពីពេលនោះមក តែ​ទោះយ៉ាងណា គាត់នៅតែគាំទ្រជានិច្ចចំពោះទង្វើរបស់កូនប្រុសរបស់គាត់អង្គនេះ​ដែលបានធ្វើដើម្បីផលប្រ​យោជន៍​​សង្គម និងផលប្រយោជន៍ជាតិ។ បន្ទាប់ពីព្រះតេជព្រះគុណ យឿង តារា បានជាប់ឆ្នោតធ្វើ​ជា​ប្រធាន​សម្ព័ន្ធ​សមណនិស្សិត-និស្សិតខ្មែរ​កម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជានោះមក គាត់នៅតែមានសេចក្ដី​ពេញ​ចិត្ត​ចំពោះ​បេក្ខភាព​កូនរបស់​គាត់។

ព្រះតេជព្រះគុណ ក៏បានមានថេរដីកាបន្ថែមទៀតថា ពេលដែលគាត់ឡើងមកជួបសួរសុខទុក្ខព្រះអង្គ​នៅភ្នំពេញ ព្រះអង្គក៏បានជម្រាបពីការងារសង្គមខ្មែរក្រោមនៅទីនេះ គាត់ក៏នៅតែសាទរជានិច្ច ហើយគាត់​ក៏​បានមានប្រសាសន៍យ៉ាងខ្លីថា “មានតែយើងទេដែលធ្វើការងាររបស់យើង គ្មាននរណាគេមកឈឺឆ្អាលជួយ​ធ្វើ​ការងារយើងជំនួសយើងឡើយ”។

បច្ចុប្បន្នសពរបស់លោកយាយឧបាសិកា យឿង ធីសើង កំពុងត្រូវបានកូនចៅប្រារព្ធពិធីបុណ្យតាម​ប្រពៃណីព្រះពុទ្ធសាសនា នៅឯគេហដ្ឋានលេខ១៦១ ភូមិកោះទុង ឃុំអានថាញ់ទីពីរ ស្រុកអណ្ដូងទឹក ខេត្ត​ឃ្លាំង កម្ពុជាក្រោម។ រីឯព្រះតេជព្រះគុណ យឿង តារា ដែលកំពុងតែគង់នៅឯភ្នំពេញ ស្រមពេលដែលសម្ព័ន្ធ​សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមកំពុងប្រារព្ធពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យទ្រទ្រង់សម​​ណនិស្សិតផងដែរនោះ ព្រះអង្គមិនអាចនិមន្តទៅចូលរួមពិធីបុណ្យសពញោមស្រីរបស់ព្រះអង្គបានឡើយ ម្យ៉ាងក៏បារម្ភពីការតាមចាប់ខ្លួនពីសំណាក់អាជ្ញាធរយួនផងដែរ ហើយព្រះអង្គក៏មិនទាន់មានគម្រោងធ្វើបុណ្យ​ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធញោមស្រីរបស់ព្រះអង្គដោយប្រយោលនៅឯភ្នំពេញនេះដែរ។ តែព្រះអង្គ​បាន​បញ្ជាក់ថា ប្រហែលជាព្រះអង្គ​នឹងពឹងអាស្រ័យសហការីមួយរូបដើម្បីនាំយកបច្ច័យ​ចូលរួមក្នុងពិធីបុណ្យ​សព​ញោមស្រីរបស់ព្រះអង្គ។

វិទ្យុសម្លេងកម្ពុជាក្រោម សូមថ្វាយបង្គំប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនប្រីយមិត្តអ្នក​ស្ដាប់បានជ្រាបថា បើព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រីយមិត្តអ្នកស្ដាប់ មានបំណងចង់ចាប់មគ្គផលជាមួយ​ព្រះតេជព្រះគុណ យឿង តារា ដែលជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា ក្នុងឱកាសបុណ្យ​ឈាបនកិច្ចសពញោមស្រីរបស់ព្រះអង្គ សូមនិមន្ត និងអញ្ជើញទាក់ទងព្រះអង្គផ្ទាល់​ នៅកុដិលេខ១៧ វត្តបទុមវតី សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតារយៈលេខទូរសព្ទ ០១១ ៥៦ ៨១ ២០។

គឹម បុរី VOKK

Leave a Reply