VOKK – សំឡេងកម្ពុជាក្រោម – ការបំភ្លឺ​ចំពោះ​មតិ​លាប​ពណ៌​ថា​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចុះចូល​ជាមួយនឹង​យួន​

ការបំភ្លឺ​ចំពោះ​មតិ​លាប​ពណ៌​ថា​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចុះចូល​ជាមួយនឹង​យួន​

November 22, 2016 12:51 PMComments Off on ការបំភ្លឺ​ចំពោះ​មតិ​លាប​ពណ៌​ថា​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចុះចូល​ជាមួយនឹង​យួន​Views: 658

វិចារណកថា នៃវិទ្យុសំឡេងកម្ពុជាក្រោម (VOKK)

ទាញយកឯកសារជា PDF : ភាសាខ្មែរ – ភាសាអង់គ្លេស

នៅពេលថ្មីៗនេះ មានមនុស្សមួយចំនួនបានដើរឃោសនាលាបពណ៌ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះចូលជាមួយនឹងយួន បានធ្វើឲ្យសមាជិក និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមមានការយល់ច្រឡំ ហើយ បង្កើតឲ្យមានភាពច្របូលច្របល់លែងទុកចិត្តគ្នាទៅវិញទៅមក ។ ការចោទប្រកាន់នេះ ដោយសារពួកគេបាន ឃើញនូវលិខិតចំហមួយច្បាប់ដែលអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះហត្ថលេខាជាមួយនឹងអង្គការ សិទ្ធិមនុស្សអន្តរជាតិចំនួន ៦១ អង្គការ ក្នុងនោះ មានអង្គការសិទ្ធិមនុស្សយួននៅក្រៅស្រុកមួយចំនួន ផងដែរ ដើម្បីផ្ញើទៅប្រធានរដ្ឋសភានៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សម្ដែងអំពីក្ដីបារម្ភរបស់ខ្លួនចំពោះការ ដែលរដ្ឋាភិបាលវៀតណាមធ្វើពង្រាងច្បាប់ស្ដីពីសេរីភាព និងជំនឿសាសនានៅក្នុងប្រទេសវៀតណាម ។ ខ្លឹមសារនៅក្នុងលិខិតនេះ អង្គការទាំងអស់បានសូមឲ្យរដ្ឋាភិបាលវៀតណាមកែលម្អច្បាប់ប្រកបដោយបទដ្ឋាន អន្តរជាតិក្នុងការគោរពសិទ្ធិសេរីភាពប្រតិបត្តិសាសនារបស់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសវៀតណាម   ក្នុង នោះមានពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ផងដែរ ឲ្យស្របតាមសេចក្ដីប្រកាសជាសកលស្ដីអំពីសិទ្ធិ មនុស្សនៃអង្គការសហប្រជាជាតិដែលប្រទេសយួនបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ នាពេល កន្លងមក ។

54 Religious organisations and CSOs call on Vietnam National Assembly to revise Draft Law on Religion and Belief.

61 Religious organisations and CSOs call on Vietnam National Assembly to revise Draft Law on Religion and Belief.

ដោយមើលឃើញថា សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ភាគច្រើនមិនបានទទួលបាននូវច្បាប់ដើមនៃលិខិត ចំហនេះ និងបានទទួលដែរតែមិនសូវច្បាស់ភាសាអង់គ្លេស  មានបុគ្គលឱកាសនិយមមួយចំនួនបានដើរ ឃោសនាថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះចូលជាមួយនឹងយួនសេរីនៅក្រៅប្រទេស ។ តើហេតុអ្វីបានជា សហព័ន្ធខ្មែរកម្ពុជាក្រោម ចុះហេត្ថលេខាជាមួយនឹងអង្គការទាំងនេះ  និង សេចក្ដីពិតនៃលិខិតចំហនេះ មាន ខ្លឹមសារយ៉ាងណា ? យើងខ្ញុំ សូមធ្វើការបកស្រាយយ៉ាងនេះ ៖

វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងមានសាខានៅជុំវិញពិភពលោក ធ្វើការតស៊ូដោយសន្តិវិធី និងអហិង្សាស្របតាម ច្បាប់ជាតិ និងអន្តរជាតិដើម្បីតស៊ូមតិស្វែងរកសេរីភាព និងសិទ្ធិមនុស្ស ជាពិសេស សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ជូនពលរដ្ឋជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។ ដើម្បីសម្រេចនូវគោលដៅ នៃការតស៊ូរបស់ខ្លួន សហព័ន្ធខ្មែរកម្ពុជាក្រោមបានបង្កើតនូវគោលការណ៍ធំៗចំនួន ៣ គឺ កិច្ចការនៅកម្ពុជាក្រោម  កិច្ចការនៅប្រទេសកម្ពុជា និង កិច្ចការអន្តរជាតិ ផ្សំជាមួយនឹងពាក្យស្លោក “បង្កើនមិត្តបន្ថយ សត្រូវ” ធ្វើការតាមមធ្យោបាយការទូតទាក់ទងគ្រប់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនៅជុំវិញពិភព លោក ដើម្បីជម្រុញឲ្យប្រទេសកុម្មុយនិស្តយួនគោរពសិទ្ធិជនជាតិដើមខ្មែរក្រោមនៅក្នុងស្រុក ។

វាជាការមួយគួរឲ្យកោតសរសើរចំពោះ អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ វៀន និង គណៈកម្មការ នាយកសហព័ន្ធខ្មែរកម្ពុជាក្រោមទាំងអស់ ដែលបានខិតខំចំណាយពេលវេលាឥតកម្រៃរបស់ខ្លួន រកគ្រប់មធ្យោបាយ ដើម្បីបានចុះឈ្មោះ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងលិខិតចំហនេះ ជាមួយនឹងអង្គការសិទ្ធិ មនុស្សអន្តរជាតិចំនួន ៦១ ធ្វើឲ្យគេបានស្គាល់កាន់តែច្បាស់ថែមទៀត នូវអត្តសញ្ញាណអង្គការតំណាងឲ្យប្រ ជាជាតិខ្មែរក្រោម នៅលើឆាកអន្តរជាតិ ។

ខាងក្រោមនេះជាសេចក្ដីនៃលិខិតចំហជូនចំពោះប្រធានរដ្ឋសភាវៀតណាម ចុះថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ ដែល លោក សឺង សម្រេច ឧត្ដមទីប្រក្សា និង ជាអតីតៈប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធ ខ្មែរកម្ពុជា ក្រោម បានបកប្រែនូវលិខិតនេះពីភាសាអង់គ្លេសទៅជាភាសាខ្មែរ ដើម្បីឲ្យសមាជិក សមាជិកា និងថ្នាក់ដឹក នាំសហព័ន្ធខ្មែរកម្ពុជាក្រោមបានជ្រាប ដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៖

លិខិតចំហ
ចំពោះប្រធានរដ្ឋសភានៃរដ្ឋាភិបាលវៀតណាម
ចំពោះពង្រាងច្បាប់ស្តីពីជំនឿនិងសាសនា

លោកស្រី ង្វៀង ធី គឹម ង៉ឹង
ប្រធានរដ្ឋសភានៃប្រទេសវៀតណាម
ផ្លួវដុកឡឹប (Doc Lap) , សង្កាត់ ហ្វឹងទ័ន (Quan Thanh),
ខណ្ឌ បិនឌិន (Binh Dinh), រដ្ឋធានីហាណូយ (Hanoi)

លោកស្រី ប្រធានរដ្ឋសភា ង្វៀង ធី គឹម ង៉ឹង ជាទីរាប់អាន!

យើង ជាហត្ថលេខីនៃនៃអង្គការសង្គមស៊ីវិល សរសេរមកនេះដើម្បីសម្ដែងនូវការយកចិត្តទុកដាក់ចំពោះសេច ក្តីស្នើច្បាប់ស្តីពីជំនឿ និងសាសនានៅក្នុងប្រទេសយៀកណាម ។ ពង្រាងច្បាប់ដែលត្រូវបានទទួលការ ពិនិត្យជាច្រើនសារ ហើយបានទទួលនូវការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍សាសនាដ៏ច្រើននោះ ហើយដែលរំពឹងថា ទទួលអនុម័តឲ្យទៅជាច្បាប់ដោយរដ្ឋសភា ក្នុងសម័យប្រជុំខែតុលា-វិច្ឆិកា ឆ្នាំ ២០១៦ ។
ពង្រាងចុងក្រោយបំផុតបានត្រូវលើកមកពិភាក្សា ក្នុងសម័យប្រជុំថ្នាក់កំពូលនៃរណសិរ្សមាតុភូមិវៀតណាម នាថ្ងៃទី ១៧ ខែសីហា ហើយដែលបានត្រូវចែកផ្សាយតាមសហគមន៍សាសនាខ្លះ ដើម្បីធ្វើការបកស្រាយ ។ ការពិនិត្យទៅលើពង្រាងច្បាប់ដែលបានចុះផ្សាយក្នុងគេហទំព័រនៃរដ្ឋសភា បានបង្ហាញថា មាត្រា ៩នៃពង្រាង ច្បាប់មានការរីកចំរើនខ្លះ ប៉ុន្តែបន្តនៅក្រោមការរឹតត្បិតដ៏តឹងរ៉ឹង ដែលមិនអាចទទួលយកបាន ចំពោះសិទ្ធិ សេរីភាពសាសនាឬជំនឿ និងសិទ្ធិមនុស្សដទៃទៀត ។ ជាពិសេស ការធានាចំពោះសិទ្ធិសាសនាជា មូលដ្ឋាន ឬជំនឿត្រូវបានបន្តធ្វើឲ្យចុះខ្សោយដោយតម្រូវឲ្យមានការចុះបញ្ជី និងការលូកចូលយ៉ាងជ្រៅពី សំណាក់រដ្ឋទៅក្នុងកិច្ចការផ្ទៃក្នុងនៃអង្គការសាសនានានា ។ ជាការពិតហើយ កំណែនេះនិងកំណែច្បាប់ពី មុនបានទទួលមរតកជាវិធាន និងបទបញ្ជាដែលមានចែងក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលអំពីជីវិតសាសនា ដែលផ្ទុយស្រឡះអំពីស្មារតី និងគោលការណ៍នៃសេរីភាពសានាន ឬជំនឿ ។

ដូចដែលបានរៀបរាប់មកខាងលើ ពង្រាងច្បាប់បានត្រូវផ្ញើចេញទៅកាន់សហគមន៍សាសនាខ្លះ ដើម្បី ធ្វើការបកស្រាយ ។ ទោះជាយ៉ាងណាក៏ដោយ អង្គការសាសនាកាតូលិកបានជំទាស់នឹងថេរវេលា កំណត់ដ៏ ខ្លី គឺពីថ្ងៃទី ១៨ ទៅថ្ងៃទី ៣០ ខែសីហា ដើម្បីឆ្លើយតបចំពោះពង្រាងច្បាប់ ។ លើសពីនោះទៅទៀត គណ: សាសនាដែលមិនបានចុះបញ្ជីជាមួយរដ្ឋាភិបាល ដូចជា គណ:ពុទ្ធសានានៃប្រទេសវៀតណាម (United Buddhist Church of Vietnam) មិនត្រូវបានទទួលកិច្ចពិគ្រោះទេ ។

មានការអបអរសាទរចំពោះការរីកចំរើនខ្លះៗចំពោះពង្រាងច្បាប់ រាប់បញ្ចូលទាំងការចែងចំពោះសិទ្ធិក្នុងការ ប្ដូរសាសនា ក៏ដូចជាការកាន់ និងការមិនកាន់សាសនាណាមួយ សិទ្ធិនៃជនជាប់ក្នុងមន្ទីរឃុំឃាំង “ក្នុងការ អានសៀវភៅសាសនា ហើយប្រតិបត្តិជំនឿឬសាសនារបស់គេ” និងសិទ្ធិក្នុងការរៀបចំអង្គការសាសនា ដើម្បី ចូលរួមក្នុងសកម្មភាព ដូចជាការសិក្សាអប់រំ ការហ្វឹកហ្វឺនវិជ្ជាជីវ: និង ជំនួយការផ្នែក ពេទ្យ សង្គម និង មនុស្សធម៌ ។

ទោះជាយ៉ាងណាក៏ដោយ ការផ្តាំផ្ញើខាងក្រោមនេះ បានផុសចេញពីការយកចិត្តទុកដាក់ជាពិសេស អំពី សំណាក់សហគមន៍សាសនានានានៃប្រទេសវៀតណាម ដែលត្រូវបានចែករំលែកដោយអង្គការដែលបាន ចុះហត្ថលេខា ។

១. និយមន័យរបស់សាសនាគួរតែធ្វើឡើងដោយមិនប្រែប្រួលជាមួយមាត្រា ១៨ នៃកតិកសញ្ញាអន្តរជាតិ ស្តីអំពីសិទ្ធិស៊ីវិល និងនយោបាយ (កអសសន=ICCPR) ៖

នៅក្នុងពង្រាងច្បាប់នេះ អង្គការសាសនាមួយត្រូវបានឲ្យនិយមន័យថា “ជាមនុស្សមួយក្រុម… ដែលបាន ទទួលស្គាល់ដោយរដ្ឋាភិបាល ” (ការបញ្ជាក់របស់យើង) (មាត្រា  ២.១៣) ។ ដូច្នេះ ធ្វើឲ្យសមាជិក នៃអង្គ ការសាសនាដែលមិនអាច ឬសម្រេចថាមិនចុះបញ្ជីជាមួយអាជ្ញាធរស្ថិតនៅក្នុងសភាពមិនប្រាកដប្រជា ដោយស្របច្បាប់ ដោយគ្មានកិច្ចការពារតាមផ្លូវច្បាប់ ដើម្បីប្រតិបត្តិសកម្មភាពសាសនា ។

២. ការចុះបញ្ជីជាមួយរដ្ឋាភិបាលមិនគួរត្រូវធ្វើក្នុងបែបផែនតម្រូវជាមុន ក្នុងកិច្ចប្រតិបត្តិសេរីភាពសាសនា ឬជំនឿ ៖

ការចុះបញ្ជីដ៏សាំញ៉ាំនិងមិនគួរឲ្យចូលចិត្ត តម្រូវឲ្យមានការយល់ព្រមពីអាជ្ញាធរ ដើម្បីសកម្មភាពសាសនា កិច្ចប្រតិបត្តិនិងឋាន:ជាអង្គការ ។ កិច្ចធានាដែលបញ្ជាក់ក្នុងមាត្រា ១៨ នៃកតិកាអន្តរជាតិស្តីពីសិទ្ធិសាសនា ICCPR មានសេរីភាព និងមិនអាចទទួលលក្ខខណ្ឌចំពោះការជូនដំណឹងក្នុងស្រុក ការអនុញ្ញាត ការទទួល ស្គាល់ ឬ ការចុះបញ្ជី ។

៣.ច្បាប់មិនត្រូវអនុញ្ញាតឲ្យអាជ្ញាធរធ្វើអន្តរាគមន៍ជាអាជ្ញាកណ្តាលចំពោះកិច្ចការផ្ទៃក្នុង  នៃអង្គការសាសនា ៖

ខដែលមានចែងក្នុងច្បាប់អនុញ្ញាតអាជ្ញាធរឲ្យធ្វើអន្តរាគមន៍យ៉ាងជ្រៅ ទៅក្នុងសេចក្តីសម្រេចផ្ទៃក្នុងការតែង តាំងកាហ្វឹកហ្វឺន ការបង្រៀន និងកម្មវិធីនៃអង្គការសាសនា ។ ការកំរិតចំពោះការបញ្ចេញឲ្យឃើញនូវសិទ្ធិ សាសនា ឬជំនឿ មិនត្រូវលើសពីបំណង ឬទំហំដែលបានអនុញ្ញាតឲ្យក្នុងមាត្រា ១៨ (៣) នៃកតិកាអន្តរជាតិ ស្តីពីសិទ្ធិសាសនា (ICCPR) ។ ដូចជាអ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិទទួលបន្ទុក សាសនា ឬ ជំនឿ  លោក បណ្ឌិត ហៃនឿ  ប៊ីយេលីហ្វែលត៍ (Dr. Heiner Bielefeltd) បាននិយាយក្នុង ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៤ ថា៖ “…ការចុះបញ្ជីគួរតែបានត្រូវផ្តល់ឲ្យដោយរដ្ឋ ប៉ុន្តែមិនត្រូវជាការតម្រូវតាមច្បាប់ ដោយខានមិនបាននោះទេ” ។

៤. ភាសាដែលមានន័យមិនច្បាស់លាស់ និងប្រកបដោយសក្តានុពលរើសអើង គួរតែត្រូវបានដកចេញ៖

ពង្រាងច្បាប់មាននូវភាសាដែលមានន័យមិនច្បាស់លាស់ចំពោះ”ទំនាមទម្លាប់ប្រពៃណី និងតម្លៃល្អ” (មាត្រា ១០.១)  និង ” សាបព្រោះការរើសអើង” (មាត្រា ៥.៤) ដែលអាចនឹងត្រូវប្រើប្រឆាំងនឹងជនជាតិភាគតិច និង ជនជាតិដើមភាគតិច ក្រុមឯករាជ និង អ្នកដែលកាន់សាសនាឬជំនឿ បានត្រូវមើលឃើញថាជា “បរទេស” (មាត្រា២.១២) ។

៥. សេចក្តីដែលចែង គួរតែធ្វើឡើងត្រឹមត្រូវតាមប្រព័ន្ធច្បាប់និងយន្តការ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើការតវ៉ា ហើយការតវ៉ានោះ បានទទួលការស៊ើបអង្កេតដោយឯករាជ ហើយដោយជាក់ស្តែងក្នុងករណី មានការ រំលោភសិទ្ធិ ចំពោះសេរីភាពសាសនាឬជំនឿ ៖

គឺដោយមូលហេតុទាំងនេះហើយ ដែលយើងរួសរាន់ធ្វើសេចក្តីស្នើថា ច្បាប់នោះគួរតែត្រូវបានសើរើពិនិត្យ ឡើងវិញ ដោយមានការពិគ្រោះជាមួយតំណាងនៃសហគមន៍សាសនារាប់បញ្ចូលទាំងអង្គការសាសនាដែល មិនបានត្រូវទទួលស្គាល់ និងជាមួយអ្នកជំនាញការអន្តរជាតិផ្នែកសិទ្ធិមនុស្សដើម្បីធានាថា ច្បាប់ការពារ សិទ្ធិសេរីភាពសាសនាឬជំនឿ សមស្របជាមួយមាត្រា ១៨ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និង នយោបាយ។

យើងនឹងរង់ចាំទទួលដំណឹងពីលោកចំពោះការងារដ៏សំខាន់នេះ ។ សូមមេត្តាឆ្លើយតបចំពោះ អ្នកសម្រប សម្រួល គឺ លោក ពីណឺឡូប ហ្វូកនឿ (CVHR  coordinator Penelope Faulkner) តាមរយៈអ៊ីមែល penelope.faulkner@gmail.com ឬ អ្នកសម្របសម្រួល បេណេឌីក រ៉ជើ  (CSW coordinator Benedict  Rogers) តាមរយៈអ៊ីមែល  benedict@csw.org.uk  ។

ដោយស្និទ្ធស្នាល

ខាងក្រោមនេះជាហត្ថលេខីដើមនៃអង្គការចំនួន ៦១ អង្គការ៖

១. Benedict Rogers                          

ប្រធានប្រចាំអាស៊ីខាងកើត នៃអង្គកាសាមគ្គីភាពគ្រីស្តសាសនាពិភពលោក

២. វ៉ វ៉ាំង អាយ

ប្រធានគណកម្មការសិទ្ធិមនុស្សនៃប្រទេសវៀតណាម

៣. រ៉េហ្វឹនឌី ចាមីន

នាយកនៃកម្មវិធីប្រចាំទ្វីបអាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការលើកលែងទោសអន្តរជាតិ

៤. ហ្វីល រ៉បិនសុន

នាយករង អង្គការឃ្លាំមើលសិទ្ធិមនុស្ស ភូមិភាគអាស៊ី

៥. ឌីមីស្ត្រីស គ្រីស្តូហ្វពូឡូស

នាយក សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH)

៦. នីណា ហ្សី

នាយក វិជ្ជាស្ថានហឹដសុនដើម្បីសិទ្ធិមនុស្ស

៧. ហាន អាក ក្រាវ៉ាអាស់

អគ្គលេខាធិការ ស្តេហ្វានូស អាលីយ៉ង់ អន្តរជាតិ

៨. រ៉បឺត ហដ

នាយកប្រតិបត្តិ អ្នកការពារសិទ្ធិជនស៊ីវិល

៩. ង្វៀង ឌិញ ថាំង

នាយក និងជាប្រធាន BPSOS

ហត្ថលេខីបន្ថែម :

១០. ចូសួរ គូប៉ឺ

នាយកប្រយតិបត្តិ វិជ្ជាស្ថានសិទ្ធិមនុស្សហាវ៉ៃ

១១. ព្រះតេជព្រះគុណ ថិត ថាន់ ក្វាង

ប្រធាន នាយកប្រតិបត្តិអង្គការព្រះវិហារពុទ្ធសាសនាវៀតណាម

១២. ឡេ កុង កាវ

អធិបតីចលនាយុវពុទ្ធសាសនិកវៀតណាម

១៣. ព្រះតេជព្រះគុណ  ថិត ហ្វៀង វៀត

ទទួលបន្ទុកកិច្ចការវិហារពុទ្ធសាសនានាយសមុទ្រ

១៤. ង្វៀង វ៉ាន់លា

ប្រពៃណីសាសនាវ៉ាហាវ

១៥. ត្រឹង ង៉ុក សឿង

នៃអង្គការសាសនាកាវដាយ

១៦. ឆាល សានចាហ្គោ

សមាជិកសភា និងជាប្រធានក្រុមនៃសភាទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ ឬជំនឿ

១៧. សាស្ត្រាចារ្យ ឡដ អាលតុន លីវ័ពូល

សមាជិកនៃក្រុមសភាទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ នៃចក្រភពអង់គ្លេស

១៨. ដានីញ៉ែល កាលីងហ្គោដ

ប្រធានស្តីទី ហ្រ្វីដុមហៅស៍

១៩. ចន អេដមិនសុន

ប្រធាន អាហ្សៀ អាសមព្លី ដើម្បីសិទ្ធិមនុស្ស

២០. អាន ប៊ូវ៉ាល់ដា

ប្រធានប្រតិបត្តិ ជូប៊ីលី កាមផេញ USA

២១. ហ្វេស ជ.ហ. ម៉ាក់ដូណែល

នាយក អង្គការសេរីភាពសាសនា វិជ្ជាស្ថានសាសនានិងលិទ្ធិប្រជាធិបតេយ្យ

២២. លីលី ព្លីយ៉ាទូ

ប្រធាននិងជាស្ថាបនិក អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងយុត្តិធម៌ប្រចាំអាស៊ីអគ្នេយ៍

២៣. វីលី ហ្វូត្រេ

នាយក អង្គការសិទ្ធិមនុស្សគ្មានព្រំដែន

២៤. វូ ក្វុក ឌុង

ប្រធានប្រតិបត្តិ បណ្តាញអ្នកការពារសិទ្ធិមនុស្សវេតូ

២៥. ជោសិប កាវ

អតីត:សមាជិករដ្ឋសភាសហរដ្ឋអាមេរិក និងជាអធិបតីសម្ព័ន្ធដើម្បីវៀតណាមសេរីភាប និងប្រជាធិបតេយ្យ

២៧. ចន អាលេស

នាយកប្រតិបត្តិ អង្គការគម្រោងជំនួយម៉ុងតាញ៉ា

២៨. តូនី ត្រឹង

អធិបតីសមាគមសាសនាកូងយ៉ាវ

២៩. ខេធី យឿង

តំណាងផ្នែកនាយសមុទ្រ អង្គការសាសនាកាវដាយ

៣០. រ៉ុង ណាយ

អធិបតី អង្គការសិទ្ធិមនុស្សម៉ុងតាញ៉ា

៣១. រ៉ុង ណាយប៉ាស្តួរ អា ហ្គា

តំណាង អង្គការសាសនាគ្រិស្ត ម៉ុងតាញ៉ា

៣២. រ៉ុង ណាយវៅ ក្វុក ងឺ

អគ្គនាយក អង្គការ ការពារអ្នកការពារ

៣៣. វិញ ធុក វី

អ្នកសម្របសម្រួល អង្គការ ស្ត្រីវៀតណាមដើម្បីសិទ្ធិមនុស្ស

៣៤. ឡេនី ត្រឹង

អធិបតី អង្គការ ស្ត្រីដើម្បីសិទ្ធិមនុស្សនៃវៀតណាម

៣៥. ង្វៀង បាក់ ត្វ្រៀង

អង្គការសមាគមមិត្តភាពដើម្បីអ្នកទោសនយោបាយនិងសាសនៅវៀតណាម

៣៦. ម៉ាតែវ ម៉េកាស៊ី

ប្រធាន យុទ្ធនាការឃោសនាអន្តរជាតិដើម្បីប្រទេស ទីបេ

៣៧. បប ហ្វ៊ូ

ស្ថាបនិកនិងជាប្រធាន ជំនួយចិន សិទ្ធិមនុស្សនៅប្រទេសចិន (HRIC)

៣៨. ហាន ដុង ហ្វេង

អគ្គនាយក ព្រឹត្តបត្តិការងារប្រទេសចិន

៣៩. អ៊ី លីង ជូ

អគ្គលេខាធិការ សមាគមដើម្បីសិទ្ធិមនុស្សនៃតៃវ៉ាន់

៤០. អាឌីលួ រ៉ាហម៉ាន់ ខាន់

អគ្គលេខាធិការ អូឌីកា បឹងក្លាដេស

៤១. អាលវីន ចាកូបសុន

អង្គការលើកលែងទោសអន្តរជាតិប្រចាំសហរដ្ឋអាមេរិក ក្រុមទី ៥៦ ក្រុងឡិកសីងតុន រដ្ឋម៉ាសាជូសិត

៤២. ខេធី ហឺប្ស

អង្គការលើលែងទោសអន្តរជាតិប្រចាំសហរដ្ឋអាមេរិក ក្រុម ៥២៤ ក្រុង ពីតស្បួរ រដ្ឋ ផែនស៊ីលវេនីញ៉ា

៤៣. ម៉ៃកល ដឺ ដូរ៉ា

នាយក នយោបាយសាធរណ: មជ្ឈមណ្ឌលសម្រាប់ការស៊ើបអង្កេត

៤៤. សារ៉ា ខម

សហស្ថាបនិក យុទ្ធនាការដើម្បីលុបបំបាត់អំពើទារុណកម្មនៅវៀតណាម

៤៥. អីសាក់ ស៊ីក

នាយកការតស៊ូមតិ អង្គការអ្នកយកចិត្តទុកដាក់សាសនាគ្រីស្តអន្តរជាតិ

៤៦. ហេឡែន ង៉ោ

អធិបតី គណកម្មការដើម្បីសេរីភាពសាសនានៅវៀតណាម

៤៧. ង្វៀង ថាញ់ យុង

សមាគមដើម្បីលើកតំកើងសេរីភាពសាសនា និងជំនឿ

៤៨. បជម អេងស្លែន

អគ្គលេខាធិការ គណកម្មការនៃអង្គការ ហែលសិនស្គី ប្រទេស ន័រវែស

៤៩. ថាច់ វៀន

អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម

ហត្ថលេខីគាំទ្រ:

៥០. ស្កត ម៉រហ្គេន

ប្រធាន សហគ្រិន ឥន្ទ្រីក្រហម

៥១. ព្រះតេជព្រះគុណ ថិត វិញ ភឿក

វត្តពុទ្ធសាសនាមហាយានភួកប៊ូ

៥២. បព្វជិត ស៊ូហ្សាន ថៃល័រ

នាយកជាតិកិច្ចការសាធារណ: ព្រះវិហារនៃកិច្ចការវិទ្យាសាស្ត្រជាតិ

៥៣. ប៊ីល វ៉ាស្ហ

មេធាវីសិទ្ធិមនុស្ស

៥៤. ឃូ ទូ ផាន់

អ្នកសម្របសម្រួល អង្គការយុវជននៅកាណាដា ដើម្បីសិទ្ធិមនុស្សនៅវៀតណាម

៥៥. ដួន វ៉ាន់ ដៀន

អធិបតី សមាគមកសិករ-ពលករវៀតណាម

៥៦. រូស្សែល ឌី មួរ

ប្រធាន គណកម្មការសិទ្ធិសាសនា អង្គការបាប់ទីស ជនភាគតិចភាគខាងត្បូង

៥៧. បណ្ឌិត គ្រែន ម៉ាឃ្លួរ

បញ្ជាការ ក្រុមដៃគូ

៥៨. គ្រេក មីតឆែល

អង្គការតុមូលដើម្បីសេរីភាពសាសនា

៥៩. ត្រឹង វ៉ាំន់ ធឿង

អ្នកដឹកនាំឧបាសក វិហារពុទ្ធសាសនាមហាយាន វៀតណាម

៦០. ខេវិន ចម្ប៉ា

ប្រធានអគ្គនាយក ការិយាល័យអន្តរជាតិនៃប្រជាជនចាម្ប៉ា

អាមេរិកាំងដែលមិនជឿថាមានអាទិទេព

៦១. ស៊ី ណា សេត អាហម៉ាត់

អ្នកតស៊ូសិទ្ធិសាសនា

Comments are closed