និស្សិត​ក្រីក្រ ២៦ អង្គ​/​រូប ទទួលបាន​អាហារូបករណ៍ ពី​សម្ព័ន្ធ​សមណ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​

ដោយ ស៊ឺន ចែងចើន|VOKK

​សមណ​និស្សិត និង​និស្សិត​ខ្មែរក្រោម ចំនួន ២៦ អង្គ និង​រូប ដែលមាន​ជីវភាព​ខ្វះ​ខាត់​ក្នុង​ការសិក្សា​រៀនសូត្រ នៅ​​ព្រឹក​ថ្ងៃអាទិត្យ​ទី ១៣ សីហា ២០១៧ នេះ ទទួលបាន​អាហារូបករណ៍ ពី​សម្ព័ន្ធ​សមណ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។​

​ព្រះ​មុនីកោសល ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ ប្រគល់​អាហារូបករណ៍​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី ​១៣ ខែ​សីហា ឆ្នាំ ​២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន
​ព្រះ​មុនីកោសល ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ ប្រគល់​អាហារូបករណ៍​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី ​១៣ ខែ​សីហា ឆ្នាំ ​២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន

នៅក្នុង​ពិធី​ចែក​អាហារូបករណ៍​ប្រចាំឆ្នាំ ២០១៧ នេះ ត្រូវបាន​រៀបចំឡើង នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ឋិត​ក្នុង​កុដិ​លេខ ១៧ វត្ត​បទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ព្រះ​មុនី​កោសល ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​បទុម​វ​តី​រាជ​វ​រា​រាម និង​ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​គណៈកម្មការ សមាជិក​ សមាជិកា សិស្ស​-​និស្សិត​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម តំណាង​អង្គ​ការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ និង​សប្បុរសជន ព្រមទាំង​កុមារា កុមារី ប្រមាណ​ជាង ១៥០ អង្គ​/​នាក់ ។

ថ្លែង​​ក្នុង​ពិធី​ប្រគល់​អាហារូបករណ៍​ដល់​សមា​ជិ​ក សមាជិកា ប្រចាំឆ្នាំ ២០១៧ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ មាន​ថេរ​ដីកា​ថា មូលហេតុ​នៃ​ការផ្តល់​អាហារូបករណ៍​នេះ ដោយ​មើលឃើញ​ពី​កង្វះខាត​ថវិកា​ក្នុង​ការសិក្សា​រៀនសូត្រ​របស់​សមាជិក​-​សមាជិកា សិស្ស​-​និស្សិត នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រៀន​នៅតាម​បណ្តា​មហាវិទ្យាល័យ ក្នុង និង​ក្រៅប្រទេស ហើយក៏​ស្របទៅតាម​ទស្សនវិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​គោលបំណង​រួម ចំណែក​ក្នុង​ការកសាង​សង្គមជាតិ​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែល​តាម​ពាក្យ ស្លោក​របស់ខ្លួន​ថា «​ធនធានមនុស្ស ជា​មូលដ្ឋានគ្រឹះ​នៃ​កា​រកស​សាង​សង្គម​» ។​

នៅក្នុង​របាយការណ៍ ស្តីពី​ការផ្តល់​អហា​រូបករណ៍ ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​ជម្រាបជូន​អ្នកចូលរួម​ក្នុង​ពិធី​ចែក​អាហារូបករណ៍​នោះ​ថា ចាប់តាំងពី​ឆ្នាំ ២០១០ រហូតមកដល់​បច្ចុប្បន្ន​នេះ គឺជា​លើក​ទី ៨ ហើយ ដែល​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បានផ្តល់​អាហារូបករណ៍ ៥០ ភាគរយ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ។ នៅក្នុង​ឆ្នាំ ២០១៧ នេះ សម្ព័ន្ធ​ប្រគល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម ចំនួន ២៦ អង្គ​/​រូប ដោយ​ក្នុង ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ២៥០$ ក្នុងនោះ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្នុង ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា ៤០០$ ។

តាម​របាយការណ៍​ដដែល​បង្ហាញថា ចាប់តាំងពី​ឆ្នាំ ២០០៧ រហូតមកដល់​ឆ្នាំ ២០១៧ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស រួមមាន​ប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌា បាន​ចំនួន ១១ លើក ហើយ​សរុប​មាន​សមណ​និស្សិត​ចំនួន ១១៣ អង្គ ។ សម្រាប់​ឆ្នាំ ២០១៧ នេះដែរ អង្គការ​មួយ​នេះ ក៏បាន​បញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​ប្រទេស​ថៃ មាន​ចំនួន ១០ អង្គ​ដែរ ។ ចំណែក​ការផ្តល់​អាហារូបករណ៍ ៥០ ភាគរយ ដល់​សមណ​និស្សិត​-​និស្សិត​ក្រីក្រ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ គិត​ចាប់​តាំង​ឆ្នាំ ២០១០ រហូតមកដល់​បច្ចុប្បន្ន​សរុប​មាន​ចំនួន ១៤៧ អង្គ និង​រូប ។ ដោយឡែក សិស្សានុសិស្ស​ប្រមាណ​ជាង ៥០ នាក់ ក៏​ទ​ទួ​​ល​បាន​សិ​ក្ខូ​បក​រណ៍ និង​ថវិកា​ខ្លះ ពី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ផង ។​

​មិន​ខុសពី​ឆ្នាំមុនៗ ដែរ ក្រៅតែពី​ការផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត និង​និស្សិត​បន្ត​ការសិក្សា​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក៏បានផ្តល់​ថវិកា សម្រាប់​បំប៉ន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ខ្លីៗ ទាក់ទង នឹង​បច្ចេកវិទ្យា​អេ​ឡិ​ក​ត្រូ​និ​ច ដល់​គណកម្មការ សមាជិក សមាជិកា ថែម​ទៀតផង ។​

ជាមួយគ្នានេះដែរ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​អំពាវនាវ​ទៅកាន់​ម្ចាស់ជំនួយ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ឲ្យ​បន្ត​គាំទ្រ​សកម្មភាព​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជួយឧបត្ថម្ភ​ថវិកា សម្រាប់​បំពេញ​នូវ​តម្រូវ​ការងារ​ប្រចាំឆ្នាំ និង​មានលទ្ធភាព​អាច​រៀបចំ​ពិធី​ប្រគេន និង​ជូន​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស និង​ការបញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា​នៅឯ​បរទេស នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​បុព្វហេតុ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការចូលរួមចំណែក​ក្នុងការ​កសាង​សម​ង្គ​ម​ជាតិ ។​

​សូមបញ្ជាក់ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ ដែល​ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២១ ខែម​ថុ​នា ឆ្នាំ ២០០២ ដោយ​ក្រសួងមហាផ្ទៃ ។ អង្គការ​មួយ​នេះ តែងតែ​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​រវាង​សមណ​និស្សិត និង​និស្សិត​មាន​ដើមកំណើត​មកពី​ដែនដី​កម្ពុជា​ក្រោម ឲ្យ​មានការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​សិក្សា​រៀនសូត្រ ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួន​ជាដើម ៕​

ខាងក្រោមនេះ ជារូបភាពខ្លះៗ ពីសកម្មភាពរបស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក្នុងថ្ងៃចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ នៅថ្ងៃទី ១៣ សីហា ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន