សកម្មភាព ២ សប្ដាហ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​អង្គការសហប្រជាជាតិ​

May 7, 2017 12:07 AMComments Off on សកម្មភាព ២ សប្ដាហ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​អង្គការសហប្រជាជាតិ​Views: 241

ដោយ ថាច់ ប្រីជា គឿន

មកដល់​ថ្ងៃ​សុក្រ ទី ៥ ខែឧសភា ឆ្នាំ ២០១៧ ជា​ថ្ងៃ​បញ្ចប់ នៃ​មហាសន្និបាត លើក​ទី ១៦ របស់​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក ។ នៅថ្ងៃនេះ​ដែរ មុនពេល​បិទ​អង្គ​មហាសន្និបាត អង្គការសហប្រជាជាតិ​បានចេញ​សេចក្ដីប្រកាស​រួមមួយ​អំពាវនាវ​ឲ្យ មាន “​សកម្មភាព​” អនុវត្ត​លើ​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិដើម​ឲ្យ​មាន​ប្រសិទ្ធភាព ។​

សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកា UNPFII , New York , សហរដ្ឋអាមេរិក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកា UNPFII , New York , សហរដ្ឋអាមេរិក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ ។

​យោងតាម​សេចក្ដីប្រកាស​រួម​ដែល​បានចេញ​ផ្សាយ​នៅលើ​គេហទំព័រ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់ថា មហាសន្និបាត​លើក​ទី ១៦ នៃ​វេទិកា​ស្តីពី​បញ្ហា​ជនជាតិដើម​បានបញ្ចប់​ដោយបាន អនុម័ត​លើ​សេចក្ដីប្រកាស​រួមមួយ​លើ អនុសាសន៍​សម្រាប់​រដ្ឋ​ជា​សមាជិក​សហប្រជាជាតិ ស្ថាប័ន​អង្គការសហប្រជាជាតិ និង​ជនជាតិដើម ។ វេទិកា​នេះ​ក៏បាន​លើកឡើង​អំពី​ការរីកចម្រើន​ក្នុងការ​អនុវត្ត​លើ​សិ​ទិ្ធ​របស់​ជនជាតិដើម ចាប់តាំងពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​បានអនុម័ត ១០ ឆ្នាំ​កន្ល​មក ប៉ុន្តែ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការ​មិនបាន​អនុវត្ត​នៅក្នុង​ប្រទេស​ជាច្រើន និង​បាន​សង្កត់ធ្ងន់​តម្រូវ​ឲ្យ​មាន​ការធ្វើសកម្មភាព​ជា​ក់​ស្ដែង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់មូលដ្ឋាន ។​

​សេចក្ដីប្រកាស​ដដែល​បានបញ្ជាក់​ទៀតថា ប្រតិភូ​ជាង ១.០០០ នាក់​តំណាង​ជនជាតិដើម​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក ចូលរួម​ក្នុងសម័យ​ប្រជុំ ចាប់ពី​ថ្ងៃទី ២៤ ខែមេសា ដល់ ៥ ខែឧសភា​ឆ្នាំ ២០១៧ ។ ប្រធានបទ​នៃ​សន្និបាត​ឆ្នាំនេះ​ស្ដីអំពី “​ខួប ១០ ឆ្នាំ នៃ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” ដែល​បានអនុម័ត​កាលពី​ឆ្នាំ ២០០៧ ដោយ​សន្និបាត​បាន​ពិភាក្សា​អំពី “​វិធានការ​ក្នុងការ​អនុវត្ត​លើ​សេចក្ដីប្រកាស​” ស្ដីពី​សិទ្ធិ​ជនជាតិដើម ។ វេទិកា អចិន្ត្រៃយ៍​នេះ បាន​ពិភាក្សាគ្នា​រំឭក​ឡើងវិញ​នូវ សន្និសីទ​ពិភពលោក​ស្តីពី​ជនជាតិដើម ឆ្នាំ ២០១៤ ការអនុវត្ត​លើ​របៀបវារៈ​ឆ្នាំ ២០៣០ ស្ថានភាព​របស់​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​ជនជាតិដើម និង​ការពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​និង​យុវជន​ជនជាតិដើម ។​

តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមមុខការិយាល័យ UN , New York , សហរដ្ឋអាមេរិក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ ។

តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមមុខការិយាល័យ UN , New York , សហរដ្ឋអាមេរិក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ ។

អធិបតី​នៃ​មហាសន្និបាត លោកស្រី Mariam Wallet Aboubakrine បាន​មានប្រសាសន៍​បិទ​អង្គប្រជុំ​ថា​៖ “​នៅពេលដែល​ជនជាតិ​បានទទួល​នូវ​សិទ្ធិ​ជា​មូលដ្ឋាន និង​ផលប្រយោជន៍​របស់​ពួកគេ គឺ​សង្គម​ទាំងមូល​នឹង​បាន​រឹងមាំ និង​ជា​កន្លែង​ល្អប្រសើរ​សម្រាប់​យើងទាំងអស់គ្នា​” ។​

​លើកឡើង​នូវ​សកម្មភាព​របស់​រដ្ឋ​ជា​សមាជិក​មួយចំនួន ដែល​បានធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម លោកស្រី Mariam Wallet Aboubakrine បាន​ថ្លែង​កើត​សរសើរ​ថា​៖ “​នេះ​ជា​ព័ត៌មាន​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ​ជា​សមាជិក និង​ជនជាតិដើម​ដើម្បី​គោរព​សិទ្ធិ​របស់​ជនជាតិដើម​” ។​

 

តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមមុខការិយាល័យ UN , New York , សហរដ្ឋអាមេរិក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ ។

តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមមុខការិយាល័យ UN , New York , សហរដ្ឋអាមេរិក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ ។

​ដូចជា​រៀងរាល់ឆ្នាំ​ដែរ ឆ្នាំនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​ប្រតិភូ​របស់ខ្លួន មាន​ក្រុមយុវជន និង​ព្រះសង្ឃ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ថ្លែងការណ៍​អំពី​បញ្ហា​របស់​ខ្មែរក្រោម​នៅ​ដែនដី កម្ពុជា​ក្រោម នៅក្នុង​វេទិកា​នេះ រយៈពេល ២ សប្ដាហ៍ ។ ក្រុមយុវជន​ដឹកនាំ​ដោយ​អ្នកស្រី កៀង សុធី​ជា​ប្រធាន​គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​បណ្ឌិត Joshua Cooper នាយក​វិជ្ជា​ស្ថាន​សិទ្ធិមនុស្ស​រដ្ឋ Hawaii និង​ជាទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​មានការ​ចូលរួម​ជំនួស​វេន​គ្នា​ពី​សមាជិក និង​សមាជិកា​នៃ​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា លោក ថាច់ សាម៉ន​, នាង ហាង ខន​នី​, នាង អម វិជ្ជា​, នាង សឺ​ង លិ​ន​, នាង សឺ​ង ដា​នី​, លោក ត្រឹង ម៉ិ​ន យុង​, លោក ដិ​ន ខេមរា​ន​, នាង ធីតា ចៅ​, នាង វើ​ជី​ញ៉ា​, និង លោក រីក​គី ត្រឹង ។ ចំណែក​ព្រះសង្ឃ​ដឹក នាំ​ដោយ​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម តំណាង​ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ជា​ប្រធាន​គណៈកម្មការ​សាសនា​អន្តរជាតិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយមាន​ការចូល​ដំណើរ​ពី ព្រះតេជព្រះគុណ យ៉ា​ញ់ ទោន ព្រះតេជព្រះគុណ គឹម មឿ​ន លោក លី សឿង និង លោក លី ហ្វា​ង អតីត​អ្នក​ដែល​ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ដាក់គុក​ធ្វើ​ទារុណកម្ម​ក្នុង​ព្រឹត្តិការណ៍ ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះតេជព្រះគុណ សួន បូរ៉ា ព្រះតេជព្រះគុណ ថាច់ ចន្ទ​សុ​ភី និង ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ។ ក្រុមយុវជន​បាន​ជួល​បន្ទប់​ស្នាក់អាស្រ័យ​មួយ​នៅក្បែរ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ចំណែក​ព្រះសង្ឃ​វិញ​ត្រូវ​ចំណាយពេល ៦ ម៉ោង​ក្នុងការ​ធ្វើដំណើរ ទៅមក​តាមរយៈ​រថយន្ត​ក្រុង Philadelphia – New York រៀងរាល់​ព្រឹកល្ងាច​ដើម្បី​បាន​ចូលទៅ​ប្រជុំ នៅក្នុង​អង្គការសហប្រជាជាតិ ។ សមាជិក​ទាំង​អស់នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មកពី​រដ្ឋ​នានា​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​នានា ដូចជា ហូ​ឡង់ អ៊ីតាលី បារាំង និង កាណាដា មក​ប្រជុំ​នៅ ទីក្រុង New York និង Philadelphia សុទ្ធតែ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​លើ​ថ្លៃ​សំបុត្រ​យន្តហោះ ដើម្បី បាន​ចូលរួម​ប្រជុំ​រួមគ្នា​ស្វែងរក​យុទ្ធសាស្ត្រ​ក្នុងការ​ទាមទារ​សិទ្ធិសេរីភាព ជូន​ពលរដ្ឋ​ខ្មែរក្រោម​ក្នុងស្រុក​ដែល​កំពុងតែ​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន​ធ្វើទុក្ខបុកម្នេញ​សព្វថ្ងៃ ។​

តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងវេិកា UNPFII ទី ១ ខែឧសភា ឆ្នាំ ២០១៧ ។

តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងវេិកា UNPFII ទី ១ ខែឧសភា ឆ្នាំ ២០១៧ ។

នៅក្នុង​អង្គការសហប្រជាជាតិ រាល់​ពេលដែល​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្លែងការណ៍​អំពី​បញ្ហា​របស់​ជនជាតិដើម​ខ្មែរក្រោម​ម្ដងៗ មន្ត្រី​តំណាង​ប្រទេស​វៀតណាម​ប្រចាំ​អង្គការសហប្រជាជាតិ​តែងតែ​ឡើង​ថ្លែង​ឆ្លើយតប​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មិនដែល​ខាន ។ សេចក្ដីថ្លែងការណ៍​រប​ស់​តំណាង​ប្រទេស​វៀតណាម គ្មានអ្វី​ក្រៅតែពី​ការលើកឡើង​នូវ​គុណសម្បត្តិ​របស់ខ្លួន​ក្នុង​ការគោរព និង​ការពារ​នូវ​សិទ្ធិ​របស់​ជនជាតិភាគតិច​ទាំង ៥៣ និង​ថ្លែង​អំពី​ការអភិវឌ្ឍ​ផ្សេងៗ ដូចជា វិស័យ​អប់រំ សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ មាន​កសាង​ផ្លូវថ្នល់ និង​ស្ពាន ជាដើម ។ អ្វីដែល​សំខាន់​នោះ តំណាង​រដ្ឋាភិបាល​វៀត​ណា​ម​បាន​លើក​ឈ្មោះ “​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឬ KKF” មក​ប្រឆាំង​ចំៗ​នៅក្នុង​អង្គការសហប្រជាជាតិ​ចំពោះមុខ​សហគមន៍​អន្តរជាតិ បានធ្វើ​ឲ្យ​តំណាង​ប្រទេស​នានា តំណាង​ជនជាតិដើម មន្ត្រី​អង្គការសហប្រជាជាតិ មន្ត្រី​ទីភ្នាក់ងារ​សហប្រជាជាតិ ម្ចាស់​មូលនិធិ និង​កម្មវិធី និង​អង្គការសិទ្ធិមនុស្ស អន្តរជាតិ​ទូទាំង​ពិភពលោក​ចាប់អារម្មណ៍​ស្គាល់ឈ្មោះ “​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​” កាន់តែច្បាស់​ថែមទៀត ។ មន្ត្រី​តំណាង​ប្រទេស​វៀតណាម បាន​ចោទ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​ថា ជា​អង្គការ​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស​គ្មាន​សិទ្ធិ​តំណាង​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រ ទេស​វៀតណាម​ឡើយ និង​ថា អ្វីដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានលើកឡើង​នោះ​ជាការ​ឃោសនា នយោបាយ​ក្នុង​គោលបំណង​បំបែក​បូរណភាព​ទឹកដី​នៅក្នុង​ប្រទេស​វៀតណាម ។​

​មុនពេល​ចូលប្រជុំ​នៅក្នុង​វេទិកា​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានដាក់​សេចក្ដីថ្លែងការណ៍ និង អនុសាសន៍​របស់ខ្លួន​ស្ដីពី​បញ្ហា​របស់​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ទាក់ទង​នឹង​ខ​នីមួយៗ​នៃ​របៀបវារៈ ទៅ​គណៈកម្មការ​វេទិកា​រួចហើយ ដើម្បី​អង្គការ​ប្រជាជាតិ​ទុកជា​ឯកសារ និង​ដាក់​ឡើង​នៅលើ​គេហទំព័រ ។ រយៈពេល ២ សប្ដាហ៍​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្លែងការណ៍​ចំនួន ៥ លើក​គឺ​៖

​លើកទីមួយ នៅ​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ នាង ខ​នី ហាង បាន​ថ្លែង​អំពី “​វិធានការ​ក្នុងការ​អនុវត្ត​លើ​សេចក្ដីប្រកាស​ជាស​កល​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” ។ នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​អំពាវនាវ សូម​ឲ្យ​មាន​ជំនួយ​ពី​វេទិកា ដើម្បី​សិក្សា​លើ រដ្ឋ​ជា​សមាជិក​នីមួយៗ​នៃ​អង្គការសហប្រជាជាតិ ដែល​មិនទាន់បាន​ទទួលស្គាល់​នូវ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​នៅក្នុង​ប្រទេស​របស់ខ្លួន ដូចជា​ប្រទេស​វៀតណាម ជាដើម ។ ស្នើសុំ​ឲ្យ​អង្គការសហប្រជាជាតិ​បកប្រែ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការ​សហ​ប្រជា ជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ឲ្យ​បាន​ច្រើន​ភាសា ពិសេស ភាសា​របស់​ជនជាតិ ដើម ។ ស្នើ​ឲ្យ​វៀតណាម​ទទួលស្គាល់​ជនជាតិដើម​ទាំងអស់​នៅក្នុង​ប្រទេស​របស់ខ្លួន ក្នុង នោះ មាន​ខ្មែរក្រោម​ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ជាដើម ស្របតាម​ធម្មនុញ្ញ​ជាតិ​វៀតណាម ។ នៅក្នុង​ចំណុច​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​លើកឡើង​នូវ​បញ្ហា ជនជាតិ​យួន​រឹប​ដី​របស់​វត្ត​មុនី​រង្សី​មេ​ពាំង ឋិត​នៅ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង មក​លាត ត្រដាង ផងដែរ​ថា រដ្ឋាភិបាល​វៀតណាម​បាន​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ត្រង់ មាត្រា ២៤.២ ដែល​បាន​ចែងថា “​រដ្ឋ​មាន​តួនាទី​ការពារ និង​គោរព​នូវ​សេរីភាព​នៃ​ជំនឿ និង​សាសនា​” តែ​រដ្ឋាភិបាល​វៀតណាម​បាន​បំពាន​លើ​រដ្ឋធម្មនុញ្ញ​នេះ ដោយ​បណ្ដា​យ​ឲ្យ ជនជាតិ​យួន​រឹប​យក​ដី​របស់​វត្ត​ជា​ដី​សក្ការៈ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ទៅវិញ ។ ស្នើ​ឲ្យ​មាន កិច្ចសន្ទនា​ចំហ​ដោយផ្ទាល់​មួយ​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម យោងតាម​អគ្គលេខា​ធិ ការ​អង្គការសហប្រជាជាតិ​ស្ដីអំពី គម្រោងការ​បង្ហាញ​នូវ​សកម្ម​ភាពជា​ប្រព័ន្ធ​ទូលាយ ។​

លើក​ទី​ពីរ នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ នាង ធីតា ចៅ បាន​ថ្លែង​អំពី ការអនុវត្ត​លើ ៦ ចំណុច​របស់​វេទិកា​អចិន្ត្រៃយ៍​យោងតាម​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម នៅក្នុង​ខ​ទី ៤ នៃ​របៀបវារៈ ។​

​លើក​ទី​បី នៅ​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៧ នាង ខ​នី ហាង បាន​សន្ទនា​ជាមួយនឹង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​អំពី​បញ្ហា​របស់​ខ្មែរក្រោម នៅក្នុង​ខ​ទី ១០ នៃ​របៀបវារៈ ស្ដី​ការ​ការសន្ទនា​ដេញ​ដោយ​ជាមួយនឹង​អ្នករាយការណ៍​ពិសេស ។​

លើក​ទី​បួន នៅ ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៧ លោក ត្រឹង មិន យុង បាន​ថ្លែង​អំពី “​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​ឆ្នាំ ២០៣០” នៅក្នុង​ខ​ទី ៩ នៃ​របៀបវារៈ ។​

​លើក​ទី​ប្រាំ នៅថ្ងៃនេះ​ដដែល នាង អម វិជ្ជា​បាន​ថ្លែង​អំពី “​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​ឆ្នាំ ២០៣០” នៅក្នុង​ខ​ទី ១២ នៃ​របៀបវារៈ ។​

ក្រៅពី​ថ្លែងការណ៍ នៅពេលដែល​សម្រាក ឬ នៅ​ខាងក្រៅ​អង្គប្រជុំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើការ​ទាក់ និង​បញ្ចុះបញ្ចូល​ល់​មន្ត្រី​អ្នកមុខអ្នកការ​អន្តរជាតិ​នានា​ឲ្យ​យល់​អំពី​បញ្ហា​និង​ប្រវត្តិ​របស់​ជនជាតិដើម​ខ្មែរក្រោម ផងដែរ ។ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៧ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជូន​សៀវភៅ “The Khmer Land of Vietnam” ដែល​បាន​សរសេរ​ដោយ​សាស្ត្រាចារ្យ Philip Taylor នៅ​ប្រទេស​អូស្ត្រាលី និយាយ​អំពី​ជនជាតិដើម​ខ្មែរក្រោម ជូន​ចំពោះ អធិបតី​នៃ​វេទិកា លោកស្រី Miriam Wallet Aboubakrine ដើម្បី​ឲ្យ​គាត់​បាន​ស្វែងយល់​កាន់តែច្បាស់​នូវ​អត្តសញ្ញាណ​របស់ ជនជាតិដើម​ខ្មែរក្រោម ។​

ក្រុមយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជូនសៀវភៅ The Khmer Land of Vietnam ដល់អធិបតីនៃវេទិកា លោកស្រី Miriam Wallet Aboubakrine ។

ក្រុមយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជូនសៀវភៅ The Khmer Land of Vietnam ដល់អធិបតីនៃវេទិកា លោកស្រី Miriam Wallet Aboubakrine ។

​ក្រៅពី​ប្រជុំ​នៅក្នុង​អង្គការសហប្រជាជាតិ ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មកពី​ប្រទេស​នានា​បាន​ជួបជុំគ្នា ក្នុង​វត្ត​ខ្មែរ​សូ​រិ​យ​រង្សី ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania នៅ​ថ្ងៃទី ២៩ និង ៣០ ខែមេសា ឆ្នាំ ២០១៧ ដើម្បី​ធ្វើ​ពិធី​រំឭក ខួប ១០ ឆ្នាំ នៃ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​របស់​ជនជាតិដើម និង​ផ្ដល់ឱកាស​ឲ្យ ក្រុមយុវជន​ចែករំលែក នូវ​បទពិសោធន៍​របស់ខ្លួន​ជា មួយ​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ការចូល​ថ្លែងការណ៍ នៅក្នុង​អង្គការសហប្រជាជាតិរ​យៈ​ពេល ១០ ឆ្នាំ កន្លងមក ។ ចំណែក​អតីត​ព្រះសង្ឃ ដែល​ធ្លាប់​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់គុក​វិញ បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ដែល​ធ្លា​ប់រង​ទុក្ខ​នៅក្នុង​គុក​យួន ។ អ្នកចូលរួម​បានលើកឡើង​អំពី​ការរំលោភ​សិទ្ធិសេរីភាព ការរំលោភ​ដីធ្លី ការ​រឹតត្បិត​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​រៀន និង​បង្រៀន​ភាសា​ខ្មែរ ការលុបបំបាត់​វប្បធម៌​ប្រពៃណី និង​សាសនា ការបង្ក​អំពើហិង្សា​លើ​រូបរាងកាយ ការចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ និង​ការមិនទទួលស្គាល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ថា​ជា​ជនជាតិដើម ពី​រដ្ឋាភិបាល​វៀតណាម ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ  នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៧ លោក ប្រាក់ សេរី​វុ​ធ ជា​អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​គណៈកម្មការ​នាយក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឯកភាគ​សំឡេង ១០០% បោះឆ្នោត​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​អតីត​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ ត្រូវ​ដកតំណែង​តួនាទី​ជា​ប្រធាន​ប្រតិបត្តិ​កាលពី​ខែមករា ឆ្នាំ ២០១៧ កន្លងមក ។ លោក ស៊ឺន ហួរ ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ការ​ឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ជា​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើឡើង​ស្របតាម​ជំពូក ៥ មាត្រា ៥.០៧ នៃ លក្ខន្តិកៈ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

 

Comments are closed