ជនជាតិដើម នៅ​ជុំវិញ​ពិភពលោក ប្រារព្ធ​ខូ​ប ១០ ឆ្នាំនៃ​សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិដើម​

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ នេះ ជា​ខួប​គម្រប់ ១០ ឆ្នាំ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម (១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៧) ។

ជា​រៀងរាល់ឆ្នាំ ទិវា​សិទ្ធិ​ជនជាតិដើម ត្រូវបាន​ប្រារឰ នៅ​ពាសពេញ​ជុំវិញ​ពិភពលោក ដោយ​ក្រុម​ជនជាតិដើម​នានា រួមទាំង​ខ្មែរក្រោម នៅក្រៅ​ប្រទេស​ផង ។ កាលបរិច្ឆេទ ១៣ ខែកញ្ញា​នេះ ត្រូវបាន​ជ្រើសរើស​ឡើង ដើម្បី​រំឭក​ដល់​ការអនុម័ត និង​ការប្រកាស​នូវ​សេចក្តីប្រកាស​ជា​សាកល ស្តីពី​សិទ្ធិ​ជនជាតិដើម នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ សេចក្តីប្រកាស ជា​សាកល​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ជនជាតិ ដើម​ភាគតិច​ទាំងអស់ ទាំង​ស្ត្រី និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ពិភពលោក ដោយ​មិនមាន​ការរើសអើង​អ្វី​ទាំងអស់ ជាពិសេស នៅក្នុង​មាត្រា​នៃ​សេចក្តីប្រកាស​នេះ បានចែង​អំពី «​សិទ្ធិ​ស្វ័យ​សម្រេច វាសនា​ខ្លួន ដោយ​ខ្លួនឯង​» របស់​ជនជាតិដើម​ផង ។​

ដោយឡែក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្វ​ពិធី​ខួប ១០ ឆ្នាំ នៃ​ទវា​សិទ្ធិ​ជនជាតិដើម​នេះ នៅ​ថ្ងៃទី ១៦ ខែកញ្ញា ខាងមុខ ។

​ពិធី​នេះ នឹង​ប្រារព្ធ​នៅ​វត្ត​ខេមររ​ង្សី នាទី​ក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមាន​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម​ដើម្បី​ថ្លែង​រំឭក​ឡើងវិញ នូវ​ប្រវត្តិ​នៃ​ការតស៊ូ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជនជាតិដើម​នានា នៅ​ជុំវិញ​ពិភពលោក ដើម្បី​ទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ​អនុម័ត សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិដើម ។​

ម្យ៉ាងវិញទៀត ការដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រៀបចំ​ទិវា​នេះ​ឡើង គឺ​ក្នុង​គោលបំណង​អបអរសាទរ​ទិវា​សិទ្ធិ​ជនជាតិដើម លើក​ទី ១០ ផង និង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ឲ្យ​យល់ដឹង​អំពី​ខ្លឹមសារ​នានា ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស និង​ដើម្បី​សម្ដែង​ការបារម្ភ​របស់​ពួកគេ ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម​ផង ។​

គួររំឭកថា សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមាន​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ភាគច្រើន​ចំនួន ១៤៤ ប្រទេស​បោះឆ្នោត​គាំទ្រ ៤ ប្រទេស​ជំទាស់ និង ១១ ប្រទេស​អនុបវាទ ។ ប្រទេស​ដែល​ជំទាស់​នោះ រួមមាន អូស្ត្រាលី កាណាដា នូ​វែ​ល​សេ​ឡង់ និង សហរដ្ឋអាមេរិក ។ ប្រទេស​ដែល​អនុបវាទ រួមមាន អា​ហ្សែ​បែ​ហ្ស (Azerbaijan), បង់​ក្លា​ដែ​ស (Bangladesh), ប៊ូ​តាន (Bhutan), ប៊ូ​រុន​ឌី (Burundi) , (​កូ​ឡុំ​ប៊ី​) Colombia, ហ្ស​ក​ហ្ស៊ី (Georgia), កេ​ន​យ៉ា (Kenya), នី​ហ្សេ​រី​យ៉ា (Nigeria), សហព័ន្ធរុស្ស៊ី​( Russian Federation), សា​ម័​រ (Samoa) និង អ៊ុយ​ក្រែ​ន (Ukraine) ។​

រយៈពេល ១០ ឆ្នាំ​បាន​កន្លងផុតទៅ ចាប់តាំងពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម បានអនុម័ត​មក ប្រទេស​ទាំង ៤ ដែល​បាន​បោះឆ្នោត​ជំទាស់​នោះ បាន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន ហើយ​ឥឡូវនេះ ពួកគេ​ងាក​មក​គាំទ្រ​សេចក្តីប្រកាស​នេះ​វិញ ។ ថ្ងៃនេះ សេចក្តីប្រកាស​នេះ គឺជា​ឧបករណ៍​អន្តរជាតិ​ដ៏​ទូលំទូលាយ​បំផុត​ស្តីពី​សិទ្ធិ​របស់​ជនជាតិដើម ។ វា​បង្កើត​ក្របខ័ណ្ឌ​សកល ស្តីពី​ស្តង់ដារ​អប្បបរមា​សម្រាប់​កា​ររ​ស់​រាន​មានជីវិត ភាពថ្លៃថ្នូរ និង​សុខុមាលភាព​របស់​ជន​ជាតិ​ដើម នៅលើ​ពិភពលោក ហើយ​វា​បរិយាយ​អំពី​ស្តង់ដារ​សិទ្ធិមនុស្ស​ដែលមាន​ស្រាប់ និង​សេរី​ភាពជា មូលដ្ឋាន​នៅពេល​ពួកគេ​អនុវត្ត​ចំពោះ​ស្ថានភាព​ជាក់ស្ដែង​របស់​ជ​ន​ជាតិ​ដើម ។​

ចំណែក​វៀតណាម ជា​ប្រទេសមួយ​ក្នុងចំណោម ១៤៤ ប្រទេស ដែល​បាន​គាំទ្រ​សេចក្ដីប្រកាស​នេះ តែ​មិនបាន​អនុវត្តតាម​កិច្ចសន្យា​របស់ខ្លួន ក្នុង​ការគោរព​សិទ្ធិ​ជនជាតិ​ដើមឡើយ ។ ឆ្លើយតប នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម ដែល​ធ្វើ​នៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នាទី​ក្រុង New York ជា​រៀងរាល់ឆ្នាំ តំណាង​ប្រទេស​វៀតណាម តែងតែ​បដិសេធ​ឋានៈ​របស់​ពល​រដ្ឋ​ខ្មែរក្រោម​ថា មិនមែនជា​ជាតិ​ដើម​នៃ​ដែនដី​កម្ពុជា​ក្រោម​ឡើយ ហើយ​ថា នៅក្នុង​ប្រទេស​វៀតណាម​គ្មាន​ជនជាតិដើម​ទេ គឺ​មានតែ​ជនជាតិភាគតិច​តែប៉ុណ្ណោះ ។

​នៅ​ឆ្នាំ ១៩៨០ ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​ភៀសខ្លួន​ចេញមក​ទៅ​ក្រៅប្រទេស បានចាប់ផ្ដើម​ប្រមូល ផ្ដុំគ្នា​បង្កើតជា​សមាគម ហើយ​នៅ​ឆ្នាំ ១៩៨៥ បានធ្វើ​មហាសន្និបាត​សកល​នៃ​ខ្មែរ​កម្ពុជា​ក្រោម ជា​លើកដំបូង ដើម្បី​បង្កើត​ទៅជា​សភា​កម្ពុជា​ក្រោម និង​ឆ្នាំ ១៩៩៦ បាន​ប្ដូរ​ពី​សភា​កម្ពុជា​ក្រោម ទៅ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​វិញ ។​

រយៈពេល​ជិត ៤០ ឆ្នាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​នៃ អង្គការ ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (U.N.P.O) នៅ​ឆ្នាំ ២០០១ និង​ជា​សមាជិក​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (U.N.P.F.I.I) នៅ​ឆ្នាំ ២០០៤ ដើម្បី​តស៊ូ​មតិ​នៅលើ​ឆាក​អន្តរជាតិ ស្វែងរក​សេរីភាព​ជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុងតែ​នៅក្រោម​នឹម​អាណានិគម​យួន​សព្វថ្ងៃ ។ បន្ទាប់ពី​រួម​កម្លាំង​គ្នា​ជាមួយ នឹង​ក្រុម​ជនជាតិដើម​នានា នៅ​ជុំវិញ​ពិភពលោក ធ្វើការ​តស៊ូ​មតិ​នៅ​ក្នុងការ​សហប្រជាជាតិ​ជា​បន្ត​បន្ទាប់មក នៅ​ឆ្នាំ ២០០៧ អង្គការសហប្រជាជាតិ​បានអនុម័ត សេចក្ដីប្រកាស​ជាស​កល​ស្ដ​ពី​សិទ្ធិ​ជនជាតិដើម ដើម្បី​ឲ្យ​រដ្ឋាភិបាល​នានា គោរព​សិទ្ធិ​ជនជាតិដើម នៅក្នុង​ប្រទេស​របស់ខ្លួន ។​

សព្វថ្ងៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុងតែធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា នៅលើ​ឆាក​អន្តរជាតិ ដើម្បី ឲ្យ​ប្រទេស​វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ស្របតាម​គោលការណ៍​នៃ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ៕