លុះក្នុងអំណាចយួនភ្លេចខ្លួនជាខ្មែរ

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

ពិធីប្រណាំងទូក ង នៅខេត្តឃ្លាំង ឆ្នាំ ២០១៤ ។
ពិធីប្រណាំងទូក ង នៅខេត្តឃ្លាំង ឆ្នាំ ២០១៤ ។

ឱ ! ខ្មែរក្រោមអឺយសូមមេត្តា            គិតគូរពិចារណ៍កុំមានៈ

ស្តាប់ប្រាជ្ញបណ្ឌិតគិតតាមចាស់      ត្រូវគិតឲ្យច្បាស់រឿងស្នេហា ។

កុំឡែបឡកឡឺយឆ្លើយផ្តោះផ្តង       ផ្គងចិត្តគិតប៉ងចងស្ម័គ្រស្មា_

គមផ្តុំផ្គុំផ្លុំភ្លើងស្នេហា                       នឹងប្រុសស្រីណាជាតិជាយួន ។​

បានជាសង្សារស្មោះភក្តី  ​                 ជាប្រពន្ធប្តីរបស់ខ្លួន

ក្បត់វង្សត្រកូលមេបាស្ងួន                ដែលលោកថែថួនតសាវតារ ។

មិនហ៊ានឲ្យឆ្គងគន្លងដើម                 ស៊ូប្ដូរដង្ហើមជីពសង្ខារ

ព្រោះបុព្វហេតុជាតិសាសនា           ទុកឲ្យខេមរាបច្ឆាជន ។

ដោយគិតថាផុតពីខ្លួនទៅ                 គង់តែមាននៅផៅពូជព័ន្ធុ៍

មិនភ្លើភ្លើតភ្លើនភ្លេចភ្លាំងភ័ន្ត            ដោយភ្លើងមោហន្ធសម្ព័ន្ធយួន ។

ជាប្តីប្រពន្ធពាសព្រោងព្រាត           យកយួនជាញាតិភ្លេចជាតិខ្លួន

សម្តែងឫកពាមារយាទយួន              លែងចង់់ធ្វើខ្លួនជាខ្មែរទៀត ។

ដោយគិតថាខ្មែរពុំថ្លាថ្លៃ                   មានតែកាឡៃកែច្នៃជាតិ

ខ្មែរទៅជាយួនដ៏ចោលម្សៀត           យកយួនជាញាតិក្បត់ជាតិខ្លួន ។

លុះកូនកើតមកលកលៃច្នៃ              ឲ្យកូននិយាយភាសាយួន

បំបាត់ភាសាខ្មែរជាតិខ្លួន                   មិនអាសូរកូនឈាមជ័រខ្មែរ ។

ដែលនៅក្នុងខ្លួនពាក់កណ្តាល          បណ្តោយឲ្យដាលឆ្លងឪម៉ែ

បងប្អូនសាច់ញាតិសន្តានខ្មែរ           នាំគ្នាបង្វែរស្តីយួនត្រាប់ ។

ជីដូនជីតាចាស់កោងខ្នង                  ចៅមកម្តង ៗ ប៉ងសាសព្ទ

សាសងថ្នមថ្នាក់ចៅសំណព្វ            និយាយយួនត្រាប់តាមចៅង៉ែត ។

គិតទៅគួរឲ្យអស់សំណើច               នឹកស្ងើចឥទ្ធិពលនៃកូនង៉ែត

អាចនាំមនុស្សចាស់ផ្លាស់តាមភ្លែត ពោលច្បាស់ក្រឡែតក៉ងយ៉យឡាំ ។

បាង៉្វាយអុងង៉្វាយធឿងចាវញ៉េវ       ឡាយដ៉ៃ បាបេវ បា ច៉ បាញ់ញ៉ាំ

ឯមីងមាធំក៏ពោលតាម                     ពោលយួនយូរស៊ាំពោលទាំងពូជ ។

ប៉ាកកាចារចងក្រងរឿងពិត             មិនមែនប្រតិដ្ឋគិតបង្ខូច

បង្ខុសផុសផុលប៉ះពាល់ពូជ             ជាល្អមិនខូចដូចរៀបរាប់ ។

ខ្ញុំឆ្ងល់ហេតុអីប្រុសស្រីខ្មែរ               ស្អាតល្អណាស់ដែរមិនស្នេហ៍ភប់

ស្រឡាញ់រៀបការជាគូគាប់              ទៅងប់ប្តូរងាប់ជាប់នឹងយួន ។

ខ្លះយកជាលេសថាស្នេហា               គ្មានទៅអាណាបែងខ្មែរយួន

រើសអើងជាតិសាសន៍ពុំសមសួន     ទោះបីជាយួនក៏មនុស្សដែរ ។

ខ្លះលើកហេតុផលឫកក្អេងក្អាង       ទះទ្រូងអះអាងថាខ្ញុំខ្មែរ

ទោះប្រពន្ធយួនក៏មិនប្រែ                  ភ្លេចបាយបាត្រខ្មែរចិញ្ចឹមខ្លួន ។

ទាំងមិនភ្លេចវត្តជាលំនៅ                  កាលនៅនិស្សិតស្និទ្ធស្នាក់ពួន

វត្តខ្មែរបាយខ្មែរទៅរៀនយួន            យកប្រពន្ធយួនពេលរៀនចប់ ។

ខ្លះវិស្វករខ្លះប៉ូលិស                          តាមកុម្មុយនីស្តថ្កល់ចិត្តស៊ប់

លង់លាភប្រពន្ធធ្ងន់ងោងងប់           ដួលផ្កាប់មុខជ្រប់ឈប់ស្គាល់វត្ត ។

មើលងាយព្រះសង្ឃស្បង់ចីពរ         ដែលខ្លួនធ្លាប់យក៍ធ្វើជាវត្ត

កាសាវពស្រ្តយ៉ាងប្រាកដ                 ទើបបានបួសព័ទ្ធរៀនចេះដឹង ។

កាលនៅល្ងង់ល្ងើពឹងលើវត្ត             លុះចេះប្រាកដសឹកទៅវឹង

យួនឲ្យភ្នាក់ងារជាទីពឹង                    លែងដឹងគុណជាតិនិងសាសនា ។

បានងារតាំងខ្លួនជាសមត្ថកិច្ច           មានភារកិច្ចត្រួតវត្តវ៉ា

មានតួនាទីធំអស្ចារ្យ                          គឺចារកម្មអាយ៉ាងយួន ។

ស្ម័គ្រស្មោះអស់ថ្លើមអស់ប្រមាត់      រាយការណ៍ស្ងាត់ ៗ ជូនមេខ្លួន

ព្រឹកល្ងាចចូលវត្តយ៉ាងខ្ចាប់ខ្ជួន        យកការណ៍ឲ្យយួនក្បត់សាសនា ។

បើមានព្រះសង្ឃអង្គណាមួយ           ចេះដឹងលើកស្ទួយជាតិខេមរា

បង្ហាត់បង្រៀនឬទេសនា                  ផ្សព្វផ្សាយសាសនាព្រះជិនស្រី ។

ឬលោកដឹកនាំពុទ្ធបរិស័ទ                 ឲ្យយល់ប្រាកដប្រវត្តិដី

កម្ពុជាក្រោមឆោមពិសី                      ជារដ្ឋបុរីអតីតខ្មែរ ។

ឬក៏លោកគិតចង់បង្កើត                    ឲ្យមានកំណើតស្មាគមខ្មែរ

ផ្នែកខាងយុវជននឹងគេដែរ               ដើម្បីដាស់ខ្មែរឲ្យក្រោកឡើង ។

កុំឲ្យទ្រមក់លក់ឥតន័យ                    ដូចប្រមាត់ដីមិនឡើងទ្រើង

ឲ្យចេះត្រាប់ឃ្លោកយោគខ្លួនឡើង    វល្លិរុំព័ទ្ធទ្រើងចេញផ្កាផ្លែ ។

ឲ្យភ្ញាក់កំណើតកើតគំនិត                កម្ចាត់ងងឹតដូចដួងខែ

ញ៉ាំងជាតិឲ្យភ្លឺស្វាងនឹងគេ                កុំឲ្យនៅតែស្រវាំងភ្នែក ។

បើមានពន្លឺភ្លឺត្រចះ                            ខ្មែរដាស់គ្នាក្រោកដោយសម្រែក

សាមគ្គីពួតដៃកុំបីបែក                     ព្រាត់ខ្ញែកជាតិស្លាប់សាសន៍សូន្យសុង ។

សម្រែកសាមគ្គីគ្រប់ទីឋាន               ខ្មែរគង់ភ្ញាក់ប្រាណលែងវិងស៊ុង

ប្រកៀកស្មាគ្នាគ្រប់ខេត្តក្រុង            សាមគ្គីមូលធ្លុងស្រង់ជាតិសាសន៍។

កុំឲ្យលង់លុះក្នុងដៃយួន                   រើខ្លួនតាមច្បាប់អន្តរៈ _

ជាតិចារចងចែងយ៉ាងច្បងច្បាស់     ចេញក្តីប្រកាសជាសកល ។

ថាជនជាតិដើមទូទាំងលោក             ត្រូវយោគខ្លួនក្រោកដើរឲ្យដល់

សម្រេចវាស្នាខ្លួនឯងផ្ទាល់                ដែលច្បាប់សកលផ្តល់សិទ្ធិឲ្យ ។

ថាបើមានអ្នកហ៊ានឃោស្នា              ប្រាប់ជាតិខេមរារឿងនេះធ្លោយ

មុខតែប្រចៀវចោមមុខក្រោយ        ស៊ើបការណ៍ស្ងាត់ឲ្យយួនដឹងភ្លាម ។

ដើម្បីបានយសរស់លែងគិត            អាយុជីវិតជាតិរួមឈាម

ធ្វើមនុស្សប្រចៀវតាមតោងទាម      គឃ្លើនលលាមឥតចេះក្រែង ។

នេះជារឿងពិតជនទ្រុស្តញាតិ          ទ្រុស្តមិត្រទ្រុស្តជាតិទ្រុស្តសាសន៍ឯង

ដូចចេកចេញផ្លែងាប់ដើមឯង ​         ច្រែះដែកក៏រែងស៊ីដែកវិញ ។

សេះអស្សតរសម្លាប់មេ                    ផ្កាផ្លែឫស្សីបបុសវិញ

តែងតែសម្លាប់ដើមឯងចេញ           ឯយ៉ាងណាមិញមនុស្សទ្រុស្តក្បត់ ។

អាក្រក់ទុច្ចរិតលោភលន់លាភ        ជាជនថោកទាបនោះប្រាកដ

សម្លាប់ខ្លួនឯងឲ្យប្រាស់ព្រាត់          ទុក្ខគ្មានកំណត់ក្នុងអវិចី ៕

 

សូមសិក្សាពិចារណាពាក្យកាព្យបាលីរបស់ព្រះពុទ្ធ ខាងក្រោមនេះ

ផលំ វេ កទលឹ ហន្តិ                 ផលំ វេឡុំ ផលំ នឡំ

សក្ការោ កាបុរិសំ ហន្តិ            គព្ភោ អស្សតរឹ យថា ។

សេចក្តីថា ផ្លែចេក តែងសម្លាប់នូវដើមចេក, ផ្លែឫស្សីតែងសម្លា​ប់​នូវដើមឫស្សី, ផ្លែបបុសតែងសម្លាប់នូវដើមបបុស, សក្ការៈតែងសម្លាប់នូវបុរសអាក្រក់ គឺបុរសមានគំនិតទុច្ចរិតលាមក ដូចជាគភ៌នៃសេះអស្សតរ តែងសម្លាប់នូវមេសេះដូច្នោះដែរ ។

អ៊ីម៉ែលៈ tranthachdung9@gmail.com