រដ្ឋធម្មនុញ្ញ ២០១៣ របស់​វៀតណាម​នៅតែ​ត្រូវ រិះគន់​

​ដោយ សឺ​ង វិចិត្រ l VOKK – អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ថ្មីៗ​បានចេញ​ប្រកាសថា រដ្ឋធម្មនុញ្ញ​ទើបនឹង​បាន​ផ្លាស់ប្ដូរ​របស់​វៀតណាម​មិន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្លាស់ប្ដូរ​ពី​ប្រជាពលរដ្ឋ​ឡើយ ។

ប៉ូលិសបិទមាត់អាចារ្យ ង្វៀង វ៉ាំង លី នៅក្នុងសវនាការ ។
ប៉ូលិសបិទមាត់អាចារ្យ ង្វៀង វ៉ាំង លី នៅក្នុងសវនាការ ។

​អង្គការ​ដែលមាន​ទីស្នាក់កា​រ​នៅ​ក្រុង New York នេះ បាន​អំពាវនាវ​ដល់​ម្ចាស់ជំនួយ និង ដៃគូ​អភិវឌ្ឍ​នៃ​វៀតណាម​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជម្រុញ​ប្រទេស​វៀតណាម​ឲ្យ​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ និង ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​ដូចជា​សេរីភាព​នៃ​ការបញ្ចេញមតិ និង ជួបជុំ ។

​ថ្ងៃ ២៨ ខែ វិច្ឆិកា កន្លងទៅនេះ រដ្ឋសភា​ក្រុង​ហាណូយ បាន​អនុមតិ​រដ្ឋធម្មនុញ្ញ​ថ្មី ដោយ​គ្មាន​យោបល់​ប្រឆាំង​មួយណា​ឡើយ ។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ក៏​នៅតែ​ទទួលស្គាល់​តួនាទី​ជា​មេដឹកនាំ​ប្រទេស​ដែល​មិនអាច​ផ្លាស់ប្ដូរ​បានឡើយ​របស់​បក្សកុម្មុយនិស្ត​វៀតណាម ។

​តាម Human Rights Watch  មាត្រា ៤ នៃ រដ្ឋធម្មនុញ្ញ ២០១៣ បានទទួល​ស្គាល់​បក្សកុម្មុយនិស្ត​ថា​ជា «​បុព្វហេតុ​របស់​វណ្ណៈ​កម្មករ​» និង «​របស់​ពលរដ្ឋ​វៀតណាម​» វា​បាន​កាត់បន្ថយ​ថែមទៀត នូវ​សិទ្ធិ​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះ​ដោយ​ឆ្នោត​សេរី និង ពហុបក្ស ។

​រដ្ឋធម្មនុញ្ញ​ដែល​បាន​ផ្លាស់ប្ដូរ​នេះ នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃ ០១ ខែ មករា ឆ្នាំ ២០១៤ ខាងមុខនេះ ក៏បាន​ទទួលស្គាល់ថា នៅ​នៅ​វៀតណាម​នឹងមាន សិទ្ធិមនុស្ស  សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ ស៊ីវិល សេដ្ឋកិច្ច វប្បធម៌ សង្គម  គោរព ការពារ និង ធានា​ស្របតាម​រដ្ឋធម្មនុញ្ញ និង ច្បាប់ ។​

ច្បាប់​ថ្មី​នេះ បាន​បន្ថែមទៀតថា «​ពលរដ្ឋ​មាន​សិទ្ធិ​សេរី​ក្នុងការ​និយាយស្ដី សេរីភាព​ខាង​សារព័ត៌មាន ទទួល​ព័ត៌មាន ប្រជុំ បង្កើត​សមាគម និង បាតុកម្ម​» ។

​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​នៅ​សរសេរថា ៖ «​មនុស្ស​ទាំងឡាយ​មាន​សិទ្ធិ​ការពារ​មិនត្រូវ​រំលោភបំពាន​ជាដាច់ខាត​លើ​រាងកាយ​របស់ខ្លួន  មិន​ត្រូវធ្វើ​ទារុណកម្ម អំពើហិង្សា បង្ខិតបង្ខំ ធ្វើ​ទណ្ឌកម្ម​លើ​ខ្លួនប្រាណ » ។

ប៉ុន្តែ​លោក ប្រែ​ដ អាដាម (Brad Adams) នាយក​តំបន់ អាស៊ី ប៉ាស៊ីហ្វិក របស់ Human Rights Watch បាន​ដកស្រង់​ក្នុង​សេចក្ដីថ្លែងការណ៍ ចេញ​ថ្ងៃទី  ៣ ខែធ្នូ ថា វៀតណាម​នៅតែ​ជា​ប្រទេស​ឯក​បក្ស​មួយ ហើយ​រដ្ឋធម្មនុញ្ញ​នេះ​អនុមតិ​ឲ្យ​អាជ្ញាធរ​មានអំណាច កំណត់​សិទ្ធិ​ជា​មូលដ្ឋាន​ដោយ​ពាក្យ​មានន័យ​មិន​ច្បាស់លាស់ ពេលណា​គេ​ត្រូវការ ។

កាសែត​ក្នុងស្រុក ជាពិសេស​គឺ កាសែត​របស់​បក្សកុម្មុយនិស្ត​វៀតណាម បាន​ស្ងើចសរសើរ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ។ កាសែត​ញ៉ឹ​ន​យ៉ឹ​ន (Nhân Dân) បាន​ហៅ​រដ្ឋធម្មនុញ្ញ ២០១៣ ជា ផលិតផល​ប្រាជ្ញា​របស់​បក្ស​កុម្ម​និ​ស្ត​វៀតណាម ទាំងស្រុង ៕