ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​វៀតណាម​ដោះ​លែង​សង្ឃ

130624_10
ទី​លាន​ប្រ​ជា​ធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ ជាទីតាំង​សម្រាប់​​ប្រ​ជា​ពលរដ្ឋសម្តែង​មតិ​​ផ្សេងៗ។ រូបថត Ruth Keber

ដោយ ផាក់ ស៊ាង លី l ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ព្រះ​សង្ឃ​និង​ពលរដ្ឋ​ខ្មែរ​អាច​ជាង ២០០​នាក់​នឹង​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី ​ភ្នំពេញ នៅ​ថ្ងៃ​ទី២៥ មិថុនា ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ព្រះ​សង្ឃ និង​គោរព​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម ជា​ម្ចាស់​ទឹក​ដី។

លោក សឺន ជុំជួន ប្រធាន​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក ឃួង ស្រេង អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​សមាគម​ខ្មែរ​ កម្ពុជា​ក្រោម​កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា​ហើយ​បាន​អនុញ្ញាត​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុកម្ម​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ដូនពេញ​នៅ​ព្រឹក​ថ្ងៃ​ទី២៥ មិថុនា​ស្អែក​នេះ។

លោក ជុំជួន បញ្ជាក់​ថា៖«​យើង​បាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​ប៉ុន្តែ​មិន​ឲ្យ​ហែ​ ក្បួន​ដើរ​ទៅ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា​ដើម្បី​ដាក់​ញត្តិ​ទេ។ ព្រះ​សង្ឃ​និង​ពលរដ្ឋ​ជាង​២០០​នាក់​នឹង​ចូល​រួម​បាតុកម្ម​ដោយ​អហិង្សា​នេះ»។

លោក ជុំជួន បន្ត​ឲ្យ​ដឹង​ថា បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​ព្រះ​ សង្ឃ​ខ្មែរ​ក្រោម​ព្រះ​នាម​លីវនី ថាច់ធឿន ព្រះ​ជន្ម​ជាង​៣០ឆ្នាំ​ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ដោយ​មិន​សម​ហេតុផល កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ហើយ​ក៏​ស្នើ​ឲ្យ​បំបួស​អតីត​ព្រះ​តេជ​គុណ លី ចិន្តា ដែល​បាន​ចាប់​ផ្សឹក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​​ឧសភា​ ​នោះ​ឡើង​វិញ​ផង។

លោក សឺន ជុំជួន បាន​បញ្ជាក់​ដែរ​ថា៖ «យើង​ក៏​ស្នើ​ដល់​អាជ្ញាធរ​អាណានិគម​វៀតណាម​ត្រូវ​តែ​បញ្ឈប់​នូវ​គ្រប់​ សកម្មភាព​នៃ​ការ​គំរាម​កំហែង ការ​រឹត​បន្តឹង តាម​ដាន និង​ឃ្លាំ​មើល​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ក្នុង​វត្ត​អារាម​នៅ​ទូទាំង​ដែន​ដី​ ខ្មែរ​ក្រោម»។

កំណត់​ហេតុ​ប្រជុំ​ជាមួយ​លោក​ឃួង ស្រេង បញ្ជាក់​ថា សាលា​រាជធានី​នឹង​ចាត់​តំណាង​មក​ទទួល​ញត្តិ​នេះ​ប្រគល់​ជូន​ក្រសួង​ការ​ បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ប្រគល់​ជូន​ស្ថានទូត​ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​។ ប៉ុន្តែ​មិន​ឲ្យ​ដើរ​ក្បួន​ឡើយ​ដើម្បី​ចៀស​វាង​ប៉ះ​ពាល់​ការ​កក​ស្ទះ​ ចរាចរណ៍ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ឲ្យ​រំសាយ​វិញ​នៅ​មុន​ម៉ោង​១២​ថ្ងៃ​ត្រង់។

កំណត់​ហេតុ​ប្រជុំ​ដដែល​ខាង​សាលា​ក្រុង​បាន​ហាម​មិន​ឲ្យ​យក​បាតុកម្ម​នេះ​ ធ្វើ​សកម្មភាព​បម្រើ​ឲ្យ​ឆន្ទៈ​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឬ​ក៏​វាយ​ប្រហារ​ លើ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេស​ជិត​ខាង និង​ឥស្សរជន​ជាន់​ខ្ពស់​ណា​ឡើយ។ បើ​មិន​ដូច្នេះ​ទេ សមត្ថកិច្ច​នឹង​ចាត់​វិធានការ​តាម​ច្បាប់​និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទៀត​ទេ ​នៅ​ថ្ងៃ​ក្រោយ៕