អគ្គរដ្ឋទូត​ថ្មី​របស់​ស្ថានទូត​វៀត​ថ្វាយ​សារ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​

August 23, 2014 4:35 AMComments Off on អគ្គរដ្ឋទូត​ថ្មី​របស់​ស្ថានទូត​វៀត​ថ្វាយ​សារ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​Views: 1915

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​អគ្គរដ្ឋទូត​ថ្មី​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា លោក ថាច់ យឺ ដែលមាន​ដើមកំណើត ជា​ខ្មែរក្រោម ទើបតែ​បាន​ផ្ញើ​សារលិខិត​តំណាង​រដ្ឋាភិបាល​វៀតណាម​ថ្វាយ​ដល់​ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ន​រោ​ត្ដម សីហមុនី នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២១ ខែសីហា កន្លងទៅនេះ ។ លោក ថាច់ យឺ បាន​ចូលកាន់​មុខតំណែង​ជំនួស​ឲ្យ​អគ្គរដ្ឋទូត​ចាស់​ដែល​ផុត​អាណត្តិ លោក ង៉ូ អាន់ យ៉ុង (Ngô Anh Dũng) ។ ការចូល​កាន់​មុខតំណែង​របស់ លោក ថាច់ យឺ ស្រប​ពេលដែល​ស្ថានទូត​វៀតណាម កំពុងតែ​ប្រឈម​នឹង​បញ្ហា​តានតឹង ដែល​កើតឡើង​អំពី​ការធ្វើ​បាតុកម្ម​របស់​ព​ល​រដ្ឋ​ប្រឆាំងនឹង​សម្ដី​អ្នក នាំពាក្យ​ស្ដីពី​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ។

លោក ថាច់ យឺ អគ្គរដ្ឋទូតថ្មីរបស់វៀតណាម ប្រចាំប្រទេសកម្ពុជា

លោក ថាច់ យឺ អគ្គរដ្ឋទូតថ្មីរបស់វៀតណាម ប្រចាំប្រទេសកម្ពុជា

​ព័ត៌មាន BBC បានចេញ​ផ្សាយ​ដោយ​ស្រង់​ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​វៀតណាម​ឲ្យ​ដឹងថា ព្រះបាទ សម្ដេច ន​រោ​ត្ដម សីហមុនី “​បាន​ស្វាគមន៍ និង សព្វ​ព្រះ​រាជហទ័យ​ចំពោះ​អគ្គរដ្ឋទូត​ថ្មី​ថា នឹងចូលរួម ចំណែក​ក្នុងការ​អនុវត្ត​នូវ​តួនាទី​ជា​ស្ដា​ន​មេត្រី​ដ៏​សំខាន់​” ក្នុង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​ប្រទេស ទាំងពីរ​វៀតណាម និង​កម្ពុជា ។

​ចំពោះ​ខាង​ភាគី​វៀតណាម លោក ថាច់ យឺ ត្រូវបាន​ប្រភព​ស្រង់​សម្ដី​ថា លោក “​មាន​ក្ដីសង្ឃឹម​ក្នុងពេល ដែល​លោក​បំពេញបេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បានទទួល​នូវ​ការសព្វព្រះទ័យ​ជួយ​ជ្រោ​ម ជ្រែង​ពី​ព្រះមហាក្សត្រ និង​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា​” ។

ការ​ចូលកាន់​មុខតំណែង​នេះ​របស់ លោក ថាច់ យឺ បន្ទាប់ពី​រូបលោក ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​តែង តាំង​ជា​អគ្គរដ្ឋទូត និង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​ប្រចាំ​ស្ថានទូត​វៀតណាម​ក្នុងប្រទេស​កម្ពុជា តាម​លិខិត​តែងតាំង​មួយច្បាប់ ចុះ​ថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ ដោយ​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀង តឹង យ៉ុង (Nguyen Tan Dung) ។

​លោក ថាច់ យឺ ជា​នរណា ?

​លោក ថាច់ យឺ ជា​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ កើត​នៅ​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​១៩៥៧ នៅ​ភូមិ​វាល​លាក់ ស្រុក​មាត់​សាមុទ្រ ខេត្ត​ព្រះ​ត្រពាំង (Xã Nguũ Lạc, huyện Duyên Hải , Trà Vinh) ។ នេះ​បើ​យោង តាម​ជីវប្រវត្តិ​សង្ខេប​របស់ លោក ថាច់ យឺ ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​រដ្ឋសភា​នៃ​ប្រទេស​សា ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ។​

​យោងតាម​ប្រភពព័ត៌មាន​ដដែល បាន​បញ្ជាក់ថា លោក ថាច់ យឺ មាន​កម្រិតសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ន​យោ បាយ តែ​មិនបាន​បញ្ជាក់ថា ចេញពី​សាលា​ណា​ទេ ។ ចំណែក​តួនាទី​របស់លោក​នៅក្នុង​រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម​វិញ មាន​ច្រើន​ស្អេកស្កះ តែ​ក្នុងនោះ មាន​តំណែង​មួយ​ជា មន្ត្រី​គណៈកម្មការ​ជនជាតិ នៃ​រដ្ឋសភា​វៀតណាម ដែល​ធ្វើការ​ជា​អចិន្ត្រៃយ៍​នៅ​ការិយាល័យ​តំណាង​រដ្ឋសភា និង គណៈកម្មការ​ប្រ ជា​ជន​ខេត្ត​ព្រះ​ត្រពាំង ដែល​ភាសា​យួន​ហៅថា ខេត្ត​ត្រា​វិញ ។​

​យោងតាម​ប្រភព​ដដែល បាន​បញ្ជាក់ថា លោក ថាច់ យឺ បាន​ចូល​ជា​សមាជិក​បក្សកុម្មុយនិស្ត​វៀតណាម ចាប់ពី​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៨៥ បើ​គិត​មកទល់ពេលនេះ​មាន​រយៈពេល ២៩ ឆ្នាំ ហើយ ។​

បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​សុំទោស​៖

​ចាប់តាំងពី​ខែមិថុនា​មកនេះ ពលរដ្ឋ​ខ្មែរក្រោម និង​ក្រុម​យុ​វន​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ក្រោក​ឡើង​ធ្វើ បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម និង​ដើរ​ហែ​ជា​ក្បួន​នៅតាម​ផ្លូវ​ដើម្បី​ដាក់​ញត្តិ​នៅតាម​ស្ថានទូត​ប្រទេស នានា ថ្កោលទោស​អ្នកនាំពាក្យ និង​ជា​ទីប្រឹក្សានយោបាយ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាំ​ង ថុង ថា បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ដោយ​មន្ត្រី​រូបនេះ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា “​ដែនដី កម្ពុជា ក្រោម ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​” ។

​ការធ្វើ​បាតុកម្ម​នេះ អ្នក​តវ៉ា​បាន​ដុត​ទង់ជាតិ​វៀតណាម​នៅមុខ​ស្ថានទូត នៅ​ថ្ងៃទី ១២ ខែសីហា ហើយ​ពួក គេ​បាន​ប្រមាន​ថា នឹង​បន្តធ្វើ​បាតុកម្ម និង​ដុត​ទង់ជាតិ​តទៅទៀត ប្រសិនបើ​មិនមាន​ការឆ្លើយតប​សម​ស្រប ណាមួយ​ពី​ស្ថានទូត​វៀតណាម នៅក្នុង​ខែសីហា នេះ ។​

ក្រសួងការបរទេស​វៀ​ត​ណា​ម បានចេញ​សេចក្ដី​ថ្លែង​ការ​ទោស​ចំពោះ​សកម្មភាព​ដុត​ទង់ជាតិ​ខ្លួន និង​ចាត់ ទុក​ក្រុម​អ្នក​ដុត​ទង់ជាតិ​ថា “​ជា​ក្រុម​ជ្រុលនិយម​” ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ជនជាតិ​យួន និង រាំងស្ទះ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ។​

ក្នុង​ដំណើរ​ទស្សនកិច្ច ៣ ថ្ងៃ របស់​ប្រធានសភា​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ពី​ទីក្រុង​ហាណូយ នាយក រដ្ឋមន្ត្រី​វៀតណាម ង្វៀង តឹង យ៉ុង នៅ​ថ្ងៃទី ១៨ ខែសីហា បានស្នើ​ឲ្យ​ប្រធានរដ្ឋសភា​កម្ពុជា លោក ហេង សំរិន ជម្រុញ​ឲ្យ​រដ្ឋសភា និង រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ក្រុម​ដុត​ទង់ជាតិ និង​ទប់ ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​សាជាថ្មី ។

​ឆ្លើយតប​នឹង​ការស្នើ​នេះ ទូរទស្សន៍​ជាតិ​វៀតណាម (VTV) បានធ្វើ​សេចក្ដី​អត្ថាធិប្បាយដោយ​មិនបាន​ចាក់ ឲ្យ​ឮ​សំឡេង លោក ហេង សំរិន ថា រដ្ឋាភិបាល​កម្ពុជា “​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ទៅតាម​ផ្លូវច្បាប់ ដើម្បី​កាត់បន្ថយ​សកម្មភាព​នេះ​ឲ្យ​បានទទួល​លទ្ធផល​ជា​អតិ​បរ​ណា និង​ទប់ស្កាត់​មិន​ឲ្យ​មានការ​ប្រើ​អំពើ ហិង្សា​និង​សកម្ម​ភាពស្រដៀងគ្នា​នេះ​កើតឡើង​សាជាថ្មី​” ។

​មិនបាន​ថ្លែង​ដូច​ព័ត៌មាន​វៀតណាម​ផ្សាយ​៖

​ផ្ទុយ​ពី​សេចក្ដីរាយការណ៍​របស់​ទូរទស្សន​ជាតិ​វៀតណាម (VTV) និង​បណ្ដាញ​ផ្សព្វផ្សាយ​យួន​ក្នុងស្រុក លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស និង​ព័ត៌មាន​នៃ​រដ្ឋសភា​កម្ពុ​ជា បាន​ច្រានចោល​ដំណឹង​នេះ​ភ្លាមៗ បន្ទាប់ពី​ធ្វើ​មាតុភូមិនិវត្តន៍ មកដល់​កម្ពុជា នៅ​ថ្ងៃទី ២០ ខែសីហា ។​

​លោក ឈាង វុន បាន​ថ្លែង​បញ្ជាក់​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថា លោក ហេង សំរិន ប្រធាន រដ្ឋសភា​កម្ពុជា មិនបាន​យល់ព្រម​ចំពោះ​សំណើរ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ឲ្យ​ចាត់វិធានការ​លើ​បាតុករ ខ្មែរ ក្រោម​នោះឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​នៅ​ចំពោះមុខ​សម​ភាគី​វៀតណាម លោក​ប្រមុខ​រដ្ឋសភា​កម្ពុជា បាន​អត្ថាធិប្បាយ​ការពារ​បាតុកម្ម​របស់​ខ្មែរក្រោម ។​

លោក ហេង សំរិន ថ្លែង​ទៅកាន់​ភាគី​វៀតណាម ហើយ​ដែល​ត្រូវបាន​ស្រង់​សម្ដី​ដោយ លោក ឈាង វុន ដែលជា​មន្ត្រី​អមដំណើរ​ថា «​ខ្មែរ​កម្ពុជា​ក្រោម​មិនមែន​ចេះតែធ្វើ​បាតុកម្ម​នោះទេ ពួកគាត់​ធ្វើបាតុកម្ម​ដោយ សារ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​និយាយ​មិនត្រូវ​រឿង​ប្រវត្តិសាស្ត្រ​» ។​

បើតាម លោក ឈាង វុន ដដែល លោក ហេង សំរិន មិនដែល​សន្យាថា នឹង​ចាត់វិធានការ​មកលើ​បាតុកម្ម​របស់​ខ្មែរក្រោម​នោះទេ ហើយ​ថា សំណើរ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដែល​ទ​ទួ​ច​ឲ្យ​កម្ពុជា​ចាត់វិធានការ​នោះ ត្រូវបាន​លោក ហេង សំរិន ឆ្លើយតប​ទៅកាន់​វៀតណាម​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​សកម្មភាព​បាតុកម្ម គឺជា​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា ។​

​លោក ឈាង វុន បាន​រំឭក​ពី​កិច្ចប្រជុំ​រវាង​លោក ហេង សំរិន និង​ថ្នាក់ដឹកនាំ​វៀតណាម​មក​បញ្ជាក់ប្រាប់​ក្រុមអ្នកកាសែត​ថា លោក ហេង សំរិន បាន​ថ្លែងថា «​គេ​អាច​បំភ្លេច​ប្រវត្តិសាស្ត្រ​បាន ប៉ុន្តែ​គេ​មិនអាច​កាឡៃ​ប្រវត្តិសាស្ត្រ​បានឡើយ​» ៕

Comments are closed