វៀតណាម​ស្នើ​កម្ពុជា​ចាត់វិធានការ​ផ្លូវច្បាប់ លើ​ក្រុម​ដុត​ទង់ជាតិ​យួន​

August 14, 2014 12:10 AMComments Off on វៀតណាម​ស្នើ​កម្ពុជា​ចាត់វិធានការ​ផ្លូវច្បាប់ លើ​ក្រុម​ដុត​ទង់ជាតិ​យួន​Views: 3902

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃទី ១៣ ខែសីហា ខណៈដែល​អ្នក​តវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម​ធ្វើបាតុកម្ម​ឈានដល់​ថ្ងៃទី ៣ ពី​ទីក្រុង ហាណូយ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក ឡេ ហាយ បិ​ន (Lê Hải Bình) បាន​ថ្លែង​ចាត់ទុក​ពល រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម អ្នក​ដែល​ចូលរួម​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ​ថា​ជា “​ក្រុម​ជ្រុលនិយម​មួយ ក្ដាប់​តូច​” បាន​ដុត​ទង់ជាតិ​វៀតណាម ។​

លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ។

លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ។

​លោក ឡេ ហាយ បិ​ន បាន​ថ្លែងថា​៖

“​វៀតណាម​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការដែល​ក្រុម​ជ្រុលនិយម​ខ្មែរ កម្ពុជា​ក្រោម​មួយ​ក្ដាប់ តូច​ដែល​បានធ្វើ​បាតុកម្ម​ខុសច្បាប់ និង​បាន​ដុត​ទង់ជាតិ​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ កាលពី ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤” ។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​រូបនេះ​បាន​បន្តទៀតថា ទង្វើ​ដុត​ទង់ជាតិ​វៀតណាម​នេះ ធ្វើ​ឲ្យ​ប៉ះ ពាល់ មិត្តភាព​ប្រទេស​ទាំងពីរ គឺ វៀតណាម និង កម្ពុជា ហើយ​ស្នើ​ឲ្យ​ភាគី​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ គណបក្ស ប្រជាជន​កម្ពុជា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ក្រុមអ្នកតវ៉ា ។​

​លោក ឡេ ហាយ បិ​ន បាន​ថ្លែងថា​៖

“​នេះ​ជា​សកម្មភាព​មួយ​ដែល​មិនអាច​ទទួលយកបាន ដែលមាន​ចេតនា​មួយ បំពាន​ដល់​ផ្លូវចិត្ត​របស់ ប្រជាពលរដ្ឋ​វៀតណាម មិន​សម​នឹង​ទំនាក់ទំនង​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ដែលមាន​ប្រ ពៃ​ណី ដ៏​ល្អ រវាង​វៀតណាម និង​កម្ពុជា ។ យើងខ្ញុំ​សូម​ស្នើ​ឲ្យ​កម្ពុជា​ផ្ដន្ទាទោស​យ៉ាង​ម៉ឺងម៉ាត់​ទៅតាម​ច្បាប់ និង មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធិភាព ដើម្បី​កុំ​ឲ្យ​មាន​ហេតុការណ៍​នេះ កើតមាន​ដដែល​ជា ដដែល​” ។​

​នៅ​រសៀល​ថ្ងៃទី ១២ ខែសីហា ក្នុង​ថ្ងៃទី​ពីរ​នៃ​ការធ្វើ​បាតុកម្ម ៣ ថ្ងៃ នៅក្បែរ​ស្ថានទូត​វៀតណាម នាទី​ក្រុងភ្នំពេញ ក្រុមអ្នកតវ៉ា​បាននាំគ្នា​ដុត​ទង់ជាតិ​វៀតណាម បន្ទាប់ពី​មន្ត្រី​ស្ថានទូត​វៀតណាម​មិន​ព្រម​ចេញ មុខមក​ទទួល​ញ​ត្ តិ​ពី​ក្រុមអ្នកតវ៉ា ។ ក្រៅពី​ការដុត​ទង់ជាតិ​វៀតណាម ក្នុងពេល​ធ្វើបាតុកម្ម ៣ ថ្ងៃ ក្រុមអ្នកតវ៉ា​ក៏បាន​ជាន់ឈ្លី​លើ ទំនិញ ដែល​ទិញ​ពី​អ្នកលក់​ជនជាតិ​យួន និង​បាន​ហែក​រូប លោក ហូ ជី មិញ ផងដែរ ។​

អ្នក​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម​បាន​ដុត​ទង់​ជាតិ​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី ១២ សីហា ឆ្នាំ ២០១៤ នៅ​ក្បែរ​ស្ថានទូត​វៀតណាម ។

អ្នក​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម​បាន​ដុត​ទង់​ជាតិ​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី ១២ សីហា ឆ្នាំ ២០១៤ នៅ​ក្បែរ​ស្ថានទូត​វៀតណាម ។

កាលពី​ឆ្នាំ ២០០៧ រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន បាន​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ ទឹម សា​ខន ព្រះសង្ឃ​ខ្មែរក្រោម​ជា​ព្រះចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង នៃ​ខេត្តតាកែវ ហើយ​បញ្ជូនទៅ​ដាក់គុក​យួន​នៅ ប្រទេស​វៀតណាម ដោយ​ចោទ​ព្រះសង្ឃ​អង្គ​នេះ​ថា “​បានធ្វើ​ប្រេះស្រាំ​ចំណងមិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​” ។ ទង្វើ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ព្រះតេជព្រះគុណ ទឹម សា​ខន បញ្ជូនទៅ​ដាក់គុក​យួន​នេះ ត្រូវបាន មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើលឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លោក ហ៊ុន សែន ជានា​យករ​ដ្ ឋ​មន្ត្រី ឋិត​នៅ ក្រោម​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​វៀតណាម និង​ជា​អាយ៉ង​របស់​យួន ។​

​នាពេល​កន្លងមក ក្រុមអ្នកតវ៉ា ជនជាតិ​យួន​ក៏​ធ្លាប់បាន​ដុត​ទង់​ជាតិចិន និង​ក្រុមហ៊ុន​ចិន​ជាច្រើន​នៅ​វៀតណាម ដើម្បី​ប្រឆាំងនឹង​អ្វីមួយ​ដែល​យួន​ចាត់​ថា ចិន​បាន​ឈ្លានពាន​ដែនសមុទ្រ​របស់​វៀតណាម ក្នុង​ជម្លោះ​សមុទ្រ​ចិន ខាងត្បូង ដែរ ។​

ក្រុមហ៊ុនចិនត្រូវបានដុតដោយជនជាតិយួននៅវៀតណាម ។

ក្រុមហ៊ុនចិនត្រូវបានដុតដោយជនជាតិយួននៅវៀតណាម ។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ៨ ខែសីហា មុន​ការអនុម័ត​សេចក្តីព្រាង វិសោធន​កម្មបទ បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ប្រការ ៦ នៅក្នុង​រដ្ឋសភា បាន​អំពាវនាវ​ឲ្យ​គណបក្សប្រឆាំង​ឈប់​ចាត់ទុក​អ្នកនយោបាយ គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា “​អាយ៉ងយួន​” តទៅទៀត ដែល​នេះ លោក ហ៊ុន សែន មានបំណង​ចង់​បញ្ជាក់ ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឃើញថា រដ្ឋាភិបាល​របស់លោក​មិនមែនជា​រដ្ឋាភិបាល​អាយ៉ងយួន​នោះទេ ។​

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ក្រុមយុវជន​ខ្មែរ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ ចេញមុខ​សុំទោស​ជា​សាធារណៈ ចំពោះ​អ្វីដែល មន្ត្រី​វៀត ណា​ម​រូបនេះ ធ្លាប់បាន​ថ្លែងថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​តាំងពី​យូរ យារ​ណាស់ មកហើយ ។ រហូតមកទល់​ពេលនេះ លោក ត្រឹង វ៉ាំ​ង ថុង មិនបាន​ចេញមុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ និង​បានចេញ ទទួល​ញត្តិ​ពី​ក្រុមអ្នកតវ៉ា​នៅឡើយ​ទេ ។​

​យោងតាម​ប្រវត្តិសាស្ត្រ បារាំង​បាន​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម​ដែលជា​អតីត​តៈ​ទឹកដី​របស់​កម្ពុ​ជាមួយ​ភាគ​ឲ្យ​ក្លាយ​ទៅ ជា​រដ្ឋ​ចំណុះ​វៀតណាម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ក្រោយពី​ការផ្ទេរ​ដែនដី​នេះ មកដល់ពេលនេះ មាន​រយៈពេល ៦៥ ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ក្រោម​អាណានិគម​របប​គ្រប់គ្រង​របស់​វៀតណាម មកដល់​សព្វថ្ងៃ ៕​

 

Comments are closed