ចលនា​ទាមទារ​ឯករាជ្យ Scotland នៅតែ​បន្ត ទោះបី​បរាជ័យ​ក្នុងការ​បោះឆ្នោត​ប្រជាមតិ

September 25, 2014 2:16 AMComments Off on ចលនា​ទាមទារ​ឯករាជ្យ Scotland នៅតែ​បន្ត ទោះបី​បរាជ័យ​ក្នុងការ​បោះឆ្នោត​ប្រជាមតិViews: 495

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​អ្នកបោះឆ្នោត​នៅ​ស្ក​តឡែ​ន​ប្រមាណ​ជាង ៤ លាន​នាក់​ដែល​បានធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​បោះ ឆ្នោត​ជាង ២.៦០៨ កន្លែង នៅ​ថ្ងៃទី ១៨ ខែកញ្ញា កន្លងទៅនេះ ។ ពលរដ្ឋ​បានដឹង​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃទី ១៩ ខែកញ្ញា បន្ទាប់ពី​ការបោះឆ្នោត​មួយថ្ងៃ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​ព័ត៌មាន BBC ។ លទ្ធ ផល​ក្រោយ​ការបោះឆ្នោត បានផ្តល់​ពិន្ទុ​ឲ្យ​ភាគីប្រឆាំង​ឯករាជ្យ​នាំមុខ​បន្តិច ។

ផែនទីស្កុតឡែន និងប្រទេសអង់គ្លេស ។

ផែនទីស្កុតឡែន និងប្រទេសអង់គ្លេស ។

ការបោះឆ្នោត​ប្រជាមតិ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​រដ្ឋ​ស្កុ​តលែ​ន (Scotland) នៃ​ចក្រភព​អង់គ្លេស ដែល​សម្រេច​ថា តើ​រដ្ឋ​នោះ​អាច​ចាក​ចេញពី​សហភាព​ដែលមាន​ចំណាស់ ៣០៧ ឆ្នាំ ជាមួយ​អង់គ្លេស ហើយ​ក្លាយជា​រដ្ឋ​ឯករាជ្យ​មួយ​ឬ​យ៉ាងណា ។​

​អ្នកបោះឆ្នោត​គ្រាន់តែ​ឆ្លើយ​នឹង​ចម្លើយ​តែមួយគត់​ថា “Yes” ឬ “No” លើ​សំនួ​រថា “​តើ Scotland គួរ​ជា​ប្រទេស​ឯករាជ្យ​ដែរឬទេ​? ” ។​

គណៈកម្មការ​បោះឆ្នោត​បា​ន​ថ្លែងថា ស្ថិតិ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​កើនឡើង​មិន​នឹកស្មាន​ដែល​មិន​ធ្លាប់ មាន​តាំងពីដើម​មក ។ អ្នកបោះឆ្នោត​ចំនួន ៤.២៨៥ លាន​នាក់ ក្នុងនោះ កុមារ​អាយុ ១៦ និង ១៧ ឆ្នាំ ក៏មាន​សិទ្ធិ បោះ​ដែរ ។​

មុន​ការបោះឆ្នោត យុទ្ធនាការ​ស៊ើបអង្កេត​ប្រជាមតិ​មួយ​ដែល​ធ្វើឡើង​ដោយ​កាសែត​ធំ​បំផុត​របស់​អង់គ្លេស បានផ្តល់​ពិន្ទុ​ឲ្យ​ភាគីប្រឆាំង​ឯករាជ្យ Scotland នាំមុខ​បន្តិច ចំនួន ៥២ % ទល់នឹង ៤៨ % ។​

​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ​ចុងក្រោយ ភាគី (No) អ្នកប្រឆាំង​ឯករាជ្យ​ជា​អ្នក​ឈ្នោះ​បាន​សំឡេង ៥៥% ទល់នឹង​ភាគី (Yes) អ្នកគាំទ្រ​ឯករាជ្យ​បាន​សំឡេង ៤៥% ។

ក្រដាសបោះឆ្នោត ។

ក្រដាសបោះឆ្នោត ។

ក្រោយ​ការបោះឆ្នោត លោក អេ​ឡិច សាល​ម៉ុង (Alex Salmond) មេដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ បានទទួល​ស្គាល់​បរាជ័យ ហើយ​ប្រកាស​លាលែង​ពី​តំណែង ។

លោក​ថា ចំនួន​មនុស្ស ១,៦ លាន​នាក់ បោះឆ្នោត​គាំទ្រ ឯករាជ្យ​នោះ ជា​ចំនួន​ដ៏​ច្រើន​លើសលប់ ដែល​ពួកគេ​ចង់បាន​ឯករាជ្យ​នៅពេល​អនាគត ។​

​ថ្លែង​ទៅកាន់​អ្នកកាសែត​នៅ វិមាន Bute នាទី​ក្រុង អ៊ី​ដិ​ន​ប៊ើ​ក លោក សាល​ម៉ុង បាន​ថ្លែងថា ចំពោះ​រូប លោក “​វេលា​ដឹកនាំ​ជិត​ដល់ពេល​បញ្ចប់​ហើយ ប៉ុន្តែ​សម្រាប់ Scotland យុទ្ធនា​ការទាមទារ ឯករាជ្យ​នៅតែ​បន្ត ហើយ​សុបិន​នឹង​មិនអាច​ស្លាប់​បានឡើយ​” ។​

​រដ្ឋាភិបាល Scotland បាន​ហៅ​ការធ្វើប្រជាមតិ​នេះ​ថា ជា​ឱកាស “​មួយ​ពាន់​ឆ្នាំមាន​ម្ដង​” ដើម្បី​ពលរដ្ឋ​មាន សិទ្ធិ​សម្រេច​ជោគវាសនា​អនាគត​ប្រទេសជាតិ​របស់ខ្លួន ។ គណបក្ស​ប្រជាជាតិ Scotland (SNP) បាន អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត បោះឆ្នោត​គាំទ្រ​ផ្ដាច់ខ្លួន​ចេញពី​ប្រទេស​អង់គ្លេស​ដោយ​មានជំនឿថា អនាគត ជីវិត​របស់​ពួកគេ​នឹង​ល្អប្រសើរ និង​យុត្តិធម៌​ជាង​មុន ។​

លោក អេឡិច សាលម៉ុង នាយករដ្ឋមន្ត្រីទី ១ របស់ Scotland ។

លោក អេឡិច សាលម៉ុង នាយករដ្ឋមន្ត្រីទី ១ របស់ Scotland ។

​ចំណែក ភាគី​ដែល​បោះឆ្នោត​ប្រឆាំង​ការ​ផ្តាច់ខ្លួន បាន​ជជែក​ឲ្យ​ហេតុផល​ថា ការបោះឆ្នោត​គាំទ្រ​ការផ្តាច់​ខ្លួន​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​រដ្ឋ Scotland ហើយនឹង​បង្អាក់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​គ្រប់រូប ប្រសិនបើ​សម្ព័ន្ធភាព​ជាមួយ​អង់គ្លេស​ដែល​បាន​បង្កើត​នៅ​ឆ្នាំ ១៧០៧ បែកបាក់​នោះ ។​

​ប្រសិនបើ​លទ្ធផល​ប្រជាមតិ​ឃើញថា មនុស្ស​គាំទ្រ​ឯករាជ្យ​ចេញពី​អង់គ្លេស Scotland អាច​ប្រកាស ឯករាជ្យ នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៦ ខាងមុខនេះ ។ បន្ទាប់ពីនោះ Scotland និង​អង់គ្លេស​ត្រូវ ពិភាក្សាគ្នា​លើ​បញ្ហា​ជាច្រើន ដូចជា​បំណុល​សាធារណៈ​របស់ Scotland នៅក្នុង​បំណុល​រួម​របស់ អង់គ្លេស ការប្រើប្រាស់​ធនបត្រ​រួមគ្នា ការនាំចេញ​អាវុធ​បរា​មា​ណូ​របស់​អង់គ្លេស​ចេញពី Scotland ជាដើម ។ បន្ទាប់​ពីនេះ រដ្ឋាភិបាល Scotland នឹង​បង្កើត​គណៈកម្មការ​ព្រៀង​រដ្ឋធម្មនុញ្ញ ។​

បុរសស្កុតម្នាក់គូររូបទង់ជាតិស្កុតឡែន នៅលើមុខ និងខ្លួន  ជាមួយអក្សរ Yes សម្ដែងការគាំទ្រ ឯករាជ្យ ចេញពីអង់គ្លេស ។

បុរសស្កុតម្នាក់គូររូបទង់ជាតិស្កុតឡែន នៅលើមុខ និងខ្លួន ជាមួយអក្សរ Yes សម្ដែងការគាំទ្រ ឯករាជ្យ ចេញពីអង់គ្លេស ។

ក្រុម​អ្នកពិនិត្យ​ស្ថានការណ៍​ទាយ​ថា នឹងមាន​រលក​នៃ​ការទាមទារ​ឯករាជ្យ​នៅតាម​តំបន់​ផ្សេងៗ​ជាច្រើន ទៀត ប្រសិនបើ Scotland បានទទួល​ឯករាជ្យ​ពិត​ប្រា​ដក​ពី​អង់គ្លេស​នៅពេលនេះ ។ ចលនា​ទាំងនោះ មានដូចជា តំបន់ Calalonia នៅ​ប្រទេស​អេ​ស្ប៉ា​ញ​, កៀក​បិ​ច (Quebec) នៅ​ប្រទេស​កាណាដា និង កោះ​ស៊ីកា (Corsica) នៅ​បារាំង បាន​តាមដាន​យ៉ាង​ស្អិតរ​មួ​ត​នូវ​ស្ថានការណ៍​ប្រជាមតិ​របស់ Scotland ។​

លោក​ប្រធានាធិបតី​បារាំង ហ្វ្រាំង​ស ហូ​ឡង់ (Francois Hollande) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ ខែកញ្ញា ឆ្នាំ ២០១៤ ថា លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាមតិ​រដ្ឋ Scotland មិនមែន​ត្រឹមតែ​ជាការ​សម្រេច​សម្រាប់​ចក្រភព​អង់គ្លេស​នោះទេ ក៏ប៉ុន្តែ​ក៏​សម្រាប់​តំបន់​អឺរ៉ុប​ទាំងមូល​ដែរ ។​

​ស្កុ​តឡែ​ន ឬ ស្រុក​ស្កុ​ត (Scotland) មាន​ផ្ទៃដី​ប្រមាណ ៧៨.៣៨៧ គីឡូម៉ែត្រ​ការ៉េ គឺជា​ប្រទេសមួយ​ឋិត​នៅ​ចក្រភព​អង់គ្លេស ដែលមាន​ទីតាំង​ស្ថិតនៅ​ប៉ែក​ពាយ័ព្យ​នៃ​អឺរ៉ុប លាតសន្ធឹង​ប្រហែល ១/៣ នៃ​កោះ មហា​ប្រ៊ី​ត​ថេ​ន (Great Britain) ភាគ​ខាងជើង ។ វា​គឺជា​ផ្នែក​មួយ​នៃ “​រាជាណាចក្រ​រួម​” និង មាន​ព្រំប្រទល់​ខាងត្បូង​ជាប់​នឹង​ប្រទេស​អង់គ្លេស ខាងកើត​ជាប់​នឹង​សមុទ្រ​ខាងជើង​ខាងជើង និង​ខាងលិច​ជាប់​នឹង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក និង​ខាងត្បូង​ឆៀង​ខាងលិច​ជាប់​នឹង​ច្រក​សមុទ្រ​ខាងជើង និង​សមុទ្រ​អៀរ​ឡង់ ។ ក្រៅពីនេះ ស្កុ​តឡែ​ន​នៅមាន​កោះ​ជាង ៧៩០ ទៀត​ដោយមាន​ទាំង Northern Isles និង Hebrides ។ យោងតាម​ជំរឿន​ឆ្នាំ ២០១១ របស់​ការិយាល័យ​ស្ថិតិ​ស្កុ​តឡែ​ន ពលរដ្ឋ​ស្កុ​ត (Scottish) មាន​ប្រមាណ ៥.៣១៣.៦០០ នាក់ ៕

Comments are closed