គណបក្សប្រឆាំង​ថៃសម្រេច​មិន​ចូលរួម​បោះឆ្នោត​ នាយករដ្ឋមន្ត្រី​សុំ​ធ្វើ​កំណែ​ទំរង់​ក្រោយ​ការបោះឆ្នោត​

December 23, 2013 11:05 AM0 commentsViews: 131

​វិបត្តិ​នយោបាយ​អូសបន្លាយ​នៅតែមាន​នៅពេល​ទីក្រុង​បាងកក ប្រឈម​ការជួបជុំ​ធ្វើការ​ប្រឆាំង​តវ៉ា​ធំៗ ដែលជា​លទ្ធផល​វា​នឹងធ្វើ​ឲ្យ​រដ្ឋធានី​ថៃ​ជាប់គាំង​ខ្លាំង​ដល់​កំរិត​មិន​ធ្លាប់​ឃើញ​ពីមុនមក ។​

អ្នកស្រី យីងលក្សណ៍ ជីនវ័ត្រ ជួបអ្នកគាំទ្រកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត Bangkok Post

អ្នកស្រី យីងលក្សណ៍ ជីនវ័ត្រ ជួបអ្នកគាំទ្រកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត Bangkok Post

​ទោះជា​ពួក​គណបក្ស​ប្រជាធិបតេយ្យ​បានសម្រេច​ចិត្ត​មិន​ចូលរួម​ការបោះឆ្នោត​ថ្ងៃ ២ ខែកុម្ភៈ ពួកគេ​បាន​សន្យាថា​នឹងមិន​រារាំង​ដំណើរការ​បោះឆ្នោត​ឡើយ ។​

ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ចាំផ្ទះ​បាន​ប្រញាប់ប្រញាល់​ចេញមក​ផ្តល់​សំណើ​មួយ ដោយ​ថា​បើសិនជា​គណបក្ស​ភឿ​ថៃ​ជាប់ឆ្នោត ខ្លួន​នឹងដាក់​ចេញ​កំណែ​ទំរង់​ហើយនឹង​កោះ​ធ្វើការ​បោះឆ្នោត​នៅ​មួយឆ្នាំ​ក្រោយ ។​

​តែសំណើ​នេះ​ត្រូវបាន​មេ​បាតុកម្ម ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន ទាត់ចោល​ភ្លាម​ដោយ​លោក​បាន​និយាយថា មហា​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​នេះ​នឹងដាក់​សម្ពាធ​លើ​លោកស្រី យី​ង​លក្សណ៍ និង​រដ្ឋាភិបាលចាំផ្ទះ របស់លោក​ស្រី​មួយកម្រិត​ទៀត ។​

​ស៊ូ​ថេប កំពុង​ទាមទារ​ឲ្យ យី​ង​លក្សណ៍ និង​រដ្ឋាភិបាល​របស់​លោកស្រី​លាឈប់​ពី​តួនាទី​ចាំផ្ទះ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន​របស់លោក​បង្កើត​ច្បាប់ និង​បញ្ញត្តិ​កំណែ​ទំរង់​មុន​មានការ​បោះឆ្នោត​មួយ​អាចធ្វើ​ឡើង ។​

​ថ្លែង​ក្នុង​ទូរទស្សន៍​ចេញពី​ខេត្ត​កាឡា​ស៊ីន កាលពី​រសៀល​ម្សិលមិញ លោកស្រី យី​ង​លក្សណ៍ បាន​និយាយថា​រដ្ឋាភិបាល​យល់ស្រប​ជាមួយនឹង​ការអំពាវនាវ​ឲ្យ​មាន​ការកែ​ទំរង់​ទូទៅ ដរាបណា​ការបោះឆ្នោត និង​កំណែ​ទំរង់​ប្រព្រឹត្តទៅ​រួមគ្នា​។​

​លោកស្រី​បាន​បញ្ជាក់ថា កំណែ​ទំរង់​ជាតិ​នឹងត្រូវ​ធ្វើឡើង​ដោយ​យន្តការ​សភា និង​រដ្ឋាភិបាល​។ “​តាមពិត​ការបោះឆ្នោត​មាន​ភាពចាំបាច់​សំរាប់​កំណែ​ទំរង់​ទាំងនេះ ដោយសារ​យើង​ត្រូវការ​ផ្នែក​នីតិបញ្ញត្តិ​ដើម្បី​ធ្វើជា​ស្នូល​មួយ​នៃ​កម្លាំង​ជំរុញ​កំណែ​ទំរង់​ “​។​

ដើម្បី​ធានា​ចំពោះ​សាធារណជន​ថា​រដ្ឋាភិបាល និង​សភា​ថ្មី​នឹង​យក​កំណែ​ទំរង់​ជា​អាទិភាព លោកស្រី​បាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ដែល​ចូលរួម​បោះឆ្នោត និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​ ក្រុមប្រឹក្សា​កែ​ទំរង់​មួយ​ឡើង​។​

គណបក្ស​ភឿ​ថៃ កាលពី​ថ្ងៃ​ម្សិលមិញ​ក៏បាន​បញ្ជាក់ថា “​បើ​គណបក្ស​ឈ្នះឆ្នោត ខ្លួន​នឹង​ប្រគល់​អំណាច​ទៅ​ប្រជាជន​ដរាបណា​ដំណើការ​កែ​ទំរង់​នេះ​បាន​ចប់សព្វគ្រប់ ។ ដំណើរការ​នេះ​ត្រូវ​រំពឹងថា​នឹង​ចំណាយពេល ១ ឆ្នាំ​”៕

Leave a Reply