ខ្មែរក្រោម​នៅ​ប្រទេស​អូស្ត្រាលី​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​

July 25, 2014 7:15 AMComments Off on ខ្មែរក្រោម​នៅ​ប្រទេស​អូស្ត្រាលី​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​Views: 574

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី ២៥ ខែកក្កដា នេះ បានធ្វើ​បាតុកម្ម នៅ​ទីក្រុង Canbera រដ្ឋធានី​នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា សុំទោស ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ និង​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ បាតុកម្ម​នេះ មាន​មនុស្ស​ប្រមាណ​ជាង ២០០ នាក់ មក​ទីក្រុង​ម៉ែ​ល​ប៊​ន ទីក្រុង​ស៊ីដនី ទីក្រុង​អា​ដា​ឡែ​ត និង​ទីក្រុង Canbera បាន​ជួបគ្នា​ហើយ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​ប្រទេស​មួយចំនួន ដូចជា បារាំង អាមេរិក អាល្លឺម៉ង់ ចិន អង់គ្លេស សហភាព​អឺរ៉ុប រដ្ឋសភា​អូស្ត្រាលី និង​ស្ថានទូត​វៀតណាម ។​

បាតុកម្មនៅអូស្ត្រាលីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត៖ Chey Samnang Facebook

បាតុកម្មនៅអូស្ត្រាលីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត៖ Chey Samnang Facebook

​​លោក ង៉ែត ធា​រិន្ទ ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​នេះ បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង កម្ពុជា​ក្រោម អំពី​គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នេះ​ថា ដើម្បី​ទាមទារ​ឲ្យ​លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ដែល​មន្ត្រី​យួន​រូបនេះ បាន​ថ្លែងថា ដែនដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ ។​

ក្រៅពី​ការជួប​ជុំគ្នា​សម្ដែង​មតិ ក្រុមអ្នកតវ៉ា​ក៏បាន​បញ្ជូន​ញត្តិ​ទៅ​ស្ថានទូត​ប្រទេស​នានា និង​ស្ថានទូត​វៀត ណា​ម ដើម្បី​ជម្រុញ​ឲ្យ​ប្រទេស​មហាអំណាច​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​បញ្ឈប់​ការរំលោភ សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម ។

បាតុកម្មនៅអូស្ត្រាលីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត៖ Chey Samnang Facebook

បាតុកម្មនៅអូស្ត្រាលីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត៖ Chey Samnang Facebook

លោក ង៉ែត ធា​រិន្ទ បាន​បញ្ជាក់ថា ញត្តិ​ដែល​ក្រុម​តវ៉ា​បានដាក់​ទៅ​ស្ថានទូត​ប្រទេស​នានា​នោះ គឺ​ស្នើ​ទៅ រដ្ឋាភិបាល​វៀតណាម​អនុវត្តតាម​អនុសាសន៍​មួយចំនួន ដូចជា ទទួលស្គាល់​ការពិត​ប្រវត្តិសាស្ត្រ ដែនដី​កម្ពុជា​ក្រោម កែទម្រង់​ប្រព័ន្ធ​អប់រំ​ដោយ​ដាក់បញ្ចូល​កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម បោះពុម្ព​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម និង​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ចំពោះ​សម្ដី​របស់​អ្នក​នាំ ពាក្យ​ស្ថានទូត​វៀតណាម ដែល​ពលរដ្ឋ​ខ្មែរ​ចាត់ទុកថា ជាការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ។​

​លោក ង៉ែត ធា​រិន្ទ បានបញ្ជាក់​អំពី​ប្រយោជន៍​ដែល​រដ្ឋាភិបាល​វៀតណាម​ទទួលស្គាល់​ការពិត ប្រវត្តិសាស្ត្រ នៃ​ដែនដី​កម្ពុជា​ក្រោម ថា វា​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ស្គា​ល់ពី​ប្រវត្តិ​សាវតារ​របស់ខ្លួន ហើយ​មាន​ស្មារតី ក្នុងការ​ការពារ​អត្ដ​សញ្ញាណ​ជាតិ​របស់​ពួកគេ និង​អាចធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​មាន​សេចក្ដីសម្រេច​មួយ ក្នុង ការទាមទារ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នៅលើ​ដែនដី​កម្ពុជា​ក្រោម នៅពេល​អនាគត ។​

ក្រៅពី​ប្រទេស​អូស្ត្រាលី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​សហរដ្ឋអាមេរិក ក៏​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀត ណា​ម នៅ​រដ្ឋធានី Washington នា​ថ្ងៃទី ២៥ ខែកក្កដា នេះ ក្នុង​គោលបំណង​ដូចគ្នានេះដែរ ។ ចំណែក នៅ​ទីក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង នឹងធ្វើ​នៅ​ថ្ងៃទី ១ ខែសីហា ។

​ការធ្វើ​បាតុកម្ម​នេះ បន្ទាប់ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានចេញ​សេចក្ដីអំពាវនាវ​មួយ ចុះ​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៤ ឲ្យ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទូទាំង​ពិភពលោក ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម “​ដើម្បី​ថ្កោលទោស តំណាង​ស្ថានទូត​វៀតណាម​នៅ​ប្រទេស​កម្ពុជា​ដែល​បំភ្លៃ​ការពិត និង កែប្រែ​ប្រវត្តិសាស្ត្រ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល វៀតណាម​ទទួលស្គាល់​ការពិត​ប្រវត្តិសាស្ត្រ នៃ​ដែនដី​កម្ពុជា​ក្រោម​ថា ដែនដី “​កម្ពុជា​ក្រោម​” ជា​អតីត​ទឹកដី​មួយ ភាគ​របស់​ប្រទេស​កម្ពុជា​” ។​

​កាលពី​ខែមិថុនា​កន្លងទៅនេះ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា លោក ត្រឹង វ៉ាំ​ង ថុង (Tran Van Thong) បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ជា​ខេមរភាសា​ថា ដែនដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ប្រទេស​វៀតណាម​ជា​យូរយារ​ណាស់​មកហើយ និង​ថា គ្មាន​ភស្តុតាង​ណាមួយ​ជា​មូលដ្ឋាន​ដើម្បី​បញ្ជាក់ថា ដែនដី​កម្ពុជា ក្រោម ត្រូវបាន​បាត់ទៅ​ភាគី​វៀតណាម​ទេ ។ លោក ត្រឹង វ៉ាំ​ង ថុង បាន​និយាយថា «​បារាំង​មិនបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ តែ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​» ។​

​ដោយ​ខឹងសម្បា​នឹង​សម្ដី​របស់​មន្ត្រី​ស្ថានទូត​វៀតណាម នៅ​ថ្ងៃទី ៨ និង​ទី ២១ – ២២ ខែកក្កដា ប្រជា ពលរដ្ឋ​ខ្មែរ និង ព្រះសង្ឃ​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុ​ជាជាង​មួយ​ម៉ឺន​នាក់ បាន​ហែ​ញត្តិ ដាក់​ស្ថានទូត​ប្រទេស​មហាអំណាច​ចំនួន ៦ ក្នុង​ទីក្រុង​ភ្នំពេញ និង​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឱ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ ចេញមុខ​សុំទោស​ជា​សាធារណៈ ។​

​រហូតមកដល់​ពេលនេះ តំណាង​ស្ថានទូត​វៀតណាម​នៅ​មិនទាន់​ទទួលយក​ញត្តិ​ពី​ក្រុមអ្នកតវ៉ា​ទេ ហើយ ក៏​មិនទាន់បាន​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ដែរ ។ លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត បញ្ញវន្ត​កម្ពុជា បានដាក់​ឱសានវាទ​រយៈពេល ២ សប្ដាហ៍ ចាប់ពី​ថ្ងៃទី ២២ ខែកក្កដា ទៅ ដើម្បី​ឲ្យ មន្ត្រី​ស្ថានទូត​វៀតណាម​ឆ្លើយតប​នឹង​ក្រុមអ្នកតវ៉ា បើ​ពុំ​ដូច្នេះ​ទេ ពួកគេ​នឹងធ្វើ​មហា​បាតុកម្ម​សាជាថ្មី​នៅ មុខ​ស្ថានទូត​វៀតណាម នាពេល​ខាងមុខនេះ ៕

 

Comments are closed