ក្រឹមមាសក្នុងដប

ដោយ ថាច់ ប្រីជា គឿន

(បទកាកគតិ)

ក្រឹមមាសក្នុងដប ។
ក្រឹមមាសក្នុងដប ។

ក្រឹមមាសពូជត្រី
រស់ក្នុងកុន្នទី
ពុំស្គាល់សមុទ្ទ
បានចូលក្នុងដប
ម្ចាស់គាប់ស្នេហ៍ស្និទ្ធ
សម្ញែងពលឫទ្ធ
ដាក់តែគ្នាឯង ។

ស្រកីស្រកា
ដូចមាសភ្លឺថ្លា
ភ្លឺផ្លេកចិញ្ចែង
បាននៅក្នុងដប
ងប់ជោរម្នាក់ឯង
ពាលដាក់គេឯង
លែងស្គាល់ពូជភ្ងា ។

បញ្ចេញស្រកា
ដាក់ពូជមច្ឆា
ក្រឹមជាតិដូចគ្នា
ខ្លួននៅក្នុងដប
ស្មានថាសួគ៌ា
ខំប្រឹងជល់គ្នា
ផ្គាប់ផ្គុនម្ចាស់នាយ ។

រីឯក្រឹមក្តារ
គិតពិភាក្សា
នឹងក្រឹមទន្សាយ
ស្រងាកចិត្តថា
ក្រឹមមាសនឹងក្ស័យ
ព្រោះពូកែវ៉ៃ
បានតែគ្នាឯង ។

បើក្រឹមមាសខ្លាំង
គួរចេញតតាំង
នឹងពូជអណ្តែង
ដែលមានពិសពុល
គ្រោះថ្នាក់ក្រៃលែង
មិនគួរចំបែង
គ្នាឯងសោះឡើយ ។

ម្ចាស់លែងត្រូវការ
ចាប់ច្រាស់ស្រកា
ស្លនឹងល្មៀតហើយ
ជប់លៀងព្រៀងលាន
សប្បាយរំភើយ
ក្រឹមមាសក្ស័យហើយ
គ្មានឡើយស្រណោះ ៕ ៚

 

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែចេត្រ ឆ្នាំ ថោះត្រីស័ក ព.ស. ២៥៥៤
ត្រូវនឹងថ្ងៃទី ២១ ខែមេសា គ. ស. ២០១១