VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៦)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៦)

April 7, 2012 7:32 AM0 commentsViews: 23

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ ៧៧ ផ្តល់ដោយប្រទេស ឥណ្ឌៀៈ

ឱ្យវៀតណាមបន្តការយកចិត្តទុកដាក់ជាពិសេស ចំពោះការខូចខាតប្រយោជន៍នៅក្នុងសង្គមរបស់ជាតិពន្ធ ភាគតិចនិងជនពិការ ដើម្បីធានាអំពីការចូលរួមរបស់ពួកគេដោយពេញលេញ ក្នុងជីវិតសង្គមនិងនយោបាយ ក្នុងប្រទេស។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិតែដោយភាគខ្លះៗ។

ការឆ្លើយតបរបស់អង្គការ UNPO:

ជនភាគតិចក្នុងប្រទេសវៀតណាមមានឱកាសតិចតួចណាស់ ក្នុងការចូលរួមជីវិតនយោបាយក្នុងប្រទេស។ ដោយហេតុមានករណីបែងចែកជាច្រើនសណ្ឋាន ដោយរាប់ទាំងមូលហេតុសាសនានិងជាតិពិន្ទុ នៅតាម បណ្តោយខ្សែបន្ទាត់នៃភាពក្រីក្រ កង្វះខាតចំពោះការសិក្សាអប់រំ ការភ័យខ្លាច និងការគាបសង្កត់តាមអំពើចិត្ត ជាតិពន្ធភាគតិចមិនទាំងទទួលបាននូវតួនាទីអ្វីមួយក្នុងរដ្ឋាភិបាលតាមភូមិស្រុកឡើយ។ ស្ត្រីជនភាគតិច ងាយស្រួលក្នុងរងគ្រោះក្នុងសង្គម ហើយគ្មានលទ្ធភាពអាចចូលរួមបានក្នុងជីវិតសង្គម-នយោបាយ នៅក្នុង ប្រទេសវៀតណាមទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមបានជួយដល់ជនពិការខ្មែរក្រោមខ្លះដែរ ប៉ុន្តែកម្មវិធីនោះ គ្រាន់តែជាការបង្ហាញឱ្យឃើញថាមានដែរ តែប៉ុណ្ណោះ។ កម្មវិធីនោះ គ្មានបានជួយអ្វីដល់ខ្មែរក្រោមនៅវៀតណាមទេ។ ជនពិការភាគច្រើន គឺរស់ដោយសារ តែការជួយឧប្បត្ថម្ភពីក្រុមគ្រួសាររបស់ពួកគេតែប៉ុណ្ណោះ។ ប្រសិនបើគ្មានការជួយគាំពារពីក្រុមគ្រួសារទេ មួយ ចំនួននៃអ្នកទាំងនោះត្រូវរស់នៅជាអ្នកដើរសុំទាន។
អនុសាសន៍លេខ ៨៩ ផ្តល់ដោយប្រទេស ជប៉ុនៈ

ឱ្យវៀតណាមត្រូវតែបន្តការខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យជឿនលឿនទៅមុខ នូវសិទ្ធិមនុស្សនៃសង្គមមនុស្សដែល ងាយទទួលរងគ្រោះ រាប់ទាំងជនពិការ ក្រុមជនភាគតិច ស្ត្រី កុមារ មនុស្សដែលមានមេរោគ HIV-AIDS និងជន រងគ្រោះដោយសារការជួញដូរមនុស្ស។

ការឆ្លើយតបរបស់អង្គការ UNPO:

ជាតិពន្ធភាគតិចនិងពលរដ្ឋជាជនជាតិដើមក្នុងប្រទេសវៀតណាម រាប់បញ្ចូលទាំងកុមារផង នៅតែបន្តទទួលរង ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសនេះ។ ឱកាសដែលអាចបញ្ចេញមតិយោបល់ដោយសេរីរបស់ពួកគេ ត្រូវ បានប្រកែកមិនទទួលស្គាល់ក្នុងទីសាធារណៈ។ នៅក្នុងរបាយការណ៍ដែលឆ្លាស់គ្នានៃអង្គការក្រៅរដ្ឋាភិបាល ដែលបានបញ្ជូនមកមុន ក្នុងបុរេសន្និបាតដើម្បីសើរើពិនិត្យទៅលើប្រទេសវៀតណាម ធ្វើឡើងដោយគណកម្មការ អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារនាឆ្នាំ២០១១ សហព័ន្ធខ្មែរកម្ពុជាក្រោម(KKF) បានកត់សំគាល់ថា កុមារ ខ្មែរក្រោមរស់នៅក្នុងភាពភ័យខ្លាច ហើយដឹងខ្លួនថា បញ្ហារឿងរ៉ាវចំពោះខ្លួនអាចកើតមានដោយងាយ  ប្រសិនបើ ពួកគេបាននិយាយស្តីអ្វីពីក្រោយរដ្ឋាភិបាល។ ពួកកុមារម៉ុងតាញ៉ាក៏រស់នៅក្នុងភាពភ័យខ្លាច ចំពោះអាជ្ញាធរ រដ្ឋាភិបាលដែរ ហើយបានទទួលការបែងចែកយ៉ាងជាក់ស្តែង ជាពិសេសនៅក្នុងសាលារៀន។ ក្នុងខែមិនា ឆ្នាំ២០១១ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍អំពីករណីរំលោភសិទ្ធិមនុស្សជាច្រើន ចំពោះពលរដ្ឋ ដេហ្គាម៉ុងតាញ៉ាក្នុងប្រទេសវៀតណាម ដោយបានរៀបរាប់ថាៈ’’ក្នុងទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាល វៀតណាមបានចាត់វិធានការបំបាត់ ជាពិសេសក្នុងការឆ្លើយតបទៅនឹងការតវ៉ាជាសាធារណៈ ដោយទាមទារ ឱ្យមានការប្រគល់មកវិញ នូវកម្មសិទ្ធដីធ្លី និងសេរីភាពសាសនាដ៏ប្រណិតឆ្នើមឆ្នៃ។’’ របាយការណ៍របស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សឆ្នាំ២០១១បានរៀបរាប់ អំពីសកម្មភាពជាតិពន្ធភាគតិចបានត្រូវប្រឈមនឹងការចាប់ខ្លួន និង ការជាប់ពន្ធនាគារ ជាញឹកញយ ដោយសារបទចោទប្រកាន់ដែលទាក់ទងទៅនឹងសុវត្ថិភាពជាតិនិងសាមគ្គីភាព។

អនុសាសន៍លេខ១០៤ ផ្តល់ដោយប្រទេស ម៉ូរ៉ុកូៈ

ឱ្យវៀតណាមចាត់វិធានការបន្ថែម ដើម្បីគាំទ្រឱ្យពួកកុមារជនភាគតិចមានផ្លូវបានទទួលការសិក្សាអប់រំ  ហើយជួយក្នុងការគាំពារថែរក្សានិងធ្វើឱ្យរីកចំរើន ចំពោះប្រពៃណីនិងភាសារបស់ពួកគេ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

ទោះជាបានឆ្លងច្បាប់អប់រំសិក្សាវិស័យភាសា ក្នុងចំណោមជាតិពន្ធភាគតិច ភាសាដេហ្គា ភាសាខ្មែរ និង ភាសាម៉ុង បើទោះជាមានការបង្រៀន ក៏បង្រៀនឱ្យតែមានសោះតែខាន ក្នុងរយៈពេល១ឆ្នាំ ឬ ២ឆ្នាំ។ គ្មាន ការបង្រៀភាសាណាជាប្រចាំ ក្រៅតែពីភាសាវៀតណាមនោះទេ។ នៅពេលដែលជានជាតិដេហ្គាម៉ុងតាញ៉ា បានរាយការណ៍ចំពោះគណកម្មការសិទ្ធិកុមារ ទាមទារឱ្យវៀតណាមខិតខំអនុវត្តកម្មវិធី ដោយបញ្ចូលភាសា ជាតិពន្ធភាគតិចក្នុងការបង្រៀន ពលរដ្ឋក្នុងស្រុកបានឱ្យដឹងថា’’ការអនុវត្តចំពោះការបង្រៀន២ភាសា វៀតណាម និងភាសាជនភាគតិចម៉ុងតាញ៉ា បានធ្វើដោយយឺតៗ និងមានកំរិត នៅភូមិភាគជាច្រើននៃតំបន់ខ្ពង់រាប។’’ សហគមន៍ជាតិពន្ធភាគតិចនិងជនជាតិដើម ក៏បានបន្តរាយការណ៍អំពីការដាក់កំហិតរបស់រដ្ឋ ចំពោះសកម្មភាព វប្បធម៌ ជាពិសេស ការលប់បំបាត់មិនឱ្យមានសកម្មភាពឯករាជរបស់សាសនា( សូមមើលការឆ្លើយតបលេខ៩ និង១៣៦)។ ការគាបសង្កត់ដែលមានលក្ខណៈជានយោបាយ ចំពោះសកម្មភាពវប្បធម៌នៃជាតិពន្ធភាគតិច ដូចជាការត្រួតពិនិត្យយ៉ាងតឹងរឹង និងការគាបសង្កត់ទៅលើសកម្មភាពនៃវត្តអារាមព្រះពុទ្ធសាសនា នៅលើទឹកដី មត៌កកេរដូនតានៃជនជាតិខ្មែរក្រោម នៅដែនដីសណ្តរនៃទន្លេមេគង្គ ទីកន្លែងមួយ ក្នុងចំណោមទីកន្លែងដ៏តិចតួច ដែលកុមារអាចរៀនភាសាដើមជាតិខ្មែររបស់ពួកគេ បណ្តាលឱ្យមានការប៉ះពាល់ជាអវិជ្ជមាន ទៅលើលទ្ធភាព របស់កុមារ ក្នុងការរៀនភាសានិងប្រវត្តិសាស្ត្ររបស់ពួកគេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

ភាសាខ្មែរគួរតែត្រូវបានប្រើប្រាស់នៅគ្រប់បែបបទសាធារណៈ។ ឈ្មោះភូមិរបស់ពួកគេនិងខេត្ត គួរតែត្រូវបាន ហៅជាភាសាខ្មែរដូចដើម ដោយមិនត្រូវប្តូរទៅជាឈ្មោះវៀតណាមទេ។

លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូននូវអនុសាសន៍ ដែលផ្តល់ដោយប្រទេស នេប៉ាល់។

សូមអរគុណ។

Leave a Reply