VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៣)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៣)

March 18, 2012 1:50 AM0 commentsViews: 61

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ១៥ ផ្តល់ដោយប្រទេសអូស្ត្រាលីៈ យកចិត្តទុកដាក់ពង្រឹង និងការពារសេរីភាពសារព័ត៌មាន ដែលមានចែង នៅក្នុងច្បាប់សារព័ត៌មានឆ្នាំ១៩៩៩។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

ប្រទេសវៀតណាមគ្មានសេរីភាពសារព័ត៌មានទេ។ វៀតណាមបានទាំងបំបិទ មិនឱ្យឃើញគេហទំព័ររបស់ សហព័ន្ធខ្មែរកម្ពុជាក្រោមទៀតផង(khmerkrom.org, khmerkrom.net )។ វៀតណាមបានទាំងចាប់ដាក់គុក អ្នកចុះប្លុកទៀតផង។

ការឆ្លើយតបរបស់អ្នកយកការគ្មានព្រំដែន(RSF):

គ្មានការរីកចម្រើនណាមួយទាល់តែសោះ ចំពោះសេរីភាពសារព័ត៌មាន គឺឃើញមានតែការចុះធ្លាក់ដុនដាបទៅ។ ផ្ទុយពីពង្រឹងកិច្ចការពារសេរីភាពសារព័ត៌មាន រដ្ឋាភិបាលវៀតណាមបានប្រកាន់យកឆន្ទៈពង្រឹងការត្រួតពិនិត្យ ព័ត៌មាន។ នៅឆ្នាំ២០១១ រដ្ឋាភិបាលនេះបានអនុម័តក្រិត្យថ្មីដើម្បីហ៊ុំព័ទ្ធអ្នកសារព័ត៌មាននិងអ្នកចុះប្លុក ហើយ ការត្រួតពិនិត្យប្លុកបានក្លាយទៅជាទម្លាប់មួយទៅហើយ។

អនុសាសន៍លេខ៣៨ ផ្តល់ដោយប្រទេសកម្ពុជាៈ

បន្តខំប្រឹងប្រែងក្នុងវេទិកាសេដ្ឋកិច្ចនិងនយោបាយ ដែលមានគោលដៅឆ្ពោះទៅរកការការពារនិងធានាសិទ្ធិ មនុស្ស មានសិទ្ធិសាសនាជាដើម។

កំណត់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វេទិការសេដ្ឋកិច្ចនិងនយោបាយវៀតណាមបច្ចុប្បន្ន បានត្រូវប្រើប្រាស់ដើម្បីការពារនិងសម្រួលដល់នយោបាយ របស់រដ្ឋាភិបាល មិនមែនដើម្បីប្រជាពលរដ្ឋទេ។ ប្រជាពលរដ្ឋខ្មែរក្រោមកំពុងតែការពារពុទ្ធសាសនាថេរវាទរបស់ ខ្លួន ក្នុងសភាពភ័យខ្លាច។

ការឆ្លើយតបរបស់ប្រជាជាតិនិងពលរដ្ឋគ្មានតំណាង(UNPO):

គណកម្មការសេរីភាពសាសនានៃសហរដ្ឋអាមេរិក(USCIRF) បានផ្តល់អនុសាសន៍ដាក់ប្រទេសវៀតណាម ម្តងទៀត ជា’’ប្រទេសគួរឱ្យខ្វាយខ្វល់ជាពិសេស’’(CPC) ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នៅក្នុងរបាយ- ការណ៍ដ៏ថ្មីៗបំផុត គណកម្មការសេរីភាពសាសនានៃសហរដ្ឋអាមេរិក(USCIRF) បានកត់សំគាល់ថា រដ្ឋាភិបាល វៀតណាមបានបន្តសកម្មភាពត្រួតពិនិត្យទៅលើសហគមន៍សាសនា ហើយធ្វើឱ្យកិច្ចប្រតិបត្តិសេរីភាពសាសនា បានត្រូវស្លាប់ស្តូក ដែលជារឿងមិនស្របច្បាប់សោះឡើយ។ ក្រុមមនុស្សនិងបុគ្គលដែលហ៊ានជំទាស់ជាមួយ អាជ្ញាធររដ្ឋាភិបាល បានត្រូវបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃ។ គណកម្មការសេរីភាពសាសនានៃសហរដ្ឋអាមេរិក (USCIRF) ក៏បានកត់សំគាល់អំពីភ័ស្តុតាងថ្មីៗនៃការការរំលោភសេរីភាពសាសនាដ៏ធ្ងន់ធ្ងរ មានទាំងអំពើហឹង្សា ការបង្ខិតបង្ខំឱ្យលះបង់ចោលជំនឿ និងការចាប់ខ្លួនអ្នកដឹកនាំសាសនានិងអ្នការពារសិទ្ធិមនុស្ស។ ក្នុងពេលដែល សហគមន៍ខ្លះបានទទួលការរីកចំរើនផ្នែកសេរីភាពសាសនា អ្នកផ្សេងទៀត រាប់ទាំងអ្នកកាន់សាសនាភាគតិច ប្រ៉ូតែស្តង់និងពុទ្ធសាសនា បានត្រូវថយចុះ។ ដើម្បីប្រតិបត្តិ វិជ្ជាស្ថានសាសនាត្រូវតែចុះក្នុងបញ្ជី ហើយត្រូវតែ បានទទួលស្គាល់ដោយរដ្ឋ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានធ្វើកំណត់សំគាល់ថា ជាច្រើនលើកច្រើនគ្រា ដែលសេរីភាពសាសនាមិនត្រូវបានរដ្ឋាភិបាលមើលឃើញ ថាជាសិទ្ធិដែលទាក់ទង ប៉ុន្តែបែរទៅជាបុព្វសិទ្ធ ដែលត្រូវតែផ្តល់ឱ្យដោយរដ្ឋាភិបាល; សកម្មភាពសាសនាបានត្រូវចាត់ទុក ថាជាការគម្រាមកំហែងចំពោះ បក្សកុម្មុយនិស្តវៀតណាម ហើយក៏ត្រូវបានហាមឃាត់ ឬក៏ត្រូវទទួលការតាមដាននិងត្រួតពិនិត្យ។ អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស រៀបរាប់អំពីទម្រាប់ស្របច្បាប់នៃគោលការអនុវត្តន៍ក្នុងរបាយការណ៍ខែមិនាឆ្នាំ២០១១ កត់សំគាល់ថា ក្រិត្យលេខ២២ បានចូលជាធរមាននៅខែមិនាឆ្នាំ២០០៥ ផ្តល់ឱ្យនូវការបង្ហាញអំពីកិច្ចប្រតិបត្តិ បទបញ្ញត្តិនៃប្រទេសវៀតណាមឆ្នាំ២០០៤ ស្តីពីសាសនានិងជំនឿ។ ច្បាប់នេះតម្រូវឱ្យក្រុមសាសនាទាំងអស់ ត្រូវតែបានទទួលចុះក្នុងបញ្ជីឈ្មោះជាផ្លូវការ និងត្រូវទទូលការត្រួតពិនិត្យពីរដ្ឋាភិបាល ហើយត្រូវហាមឃាត់ ចំពោះសកម្មភាពសាសនាណាដែលចាត់ទុកថាគម្រាមកំហែងដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ឬសាមគ្គីជាតិ។ ការបង្ហាត់បង្ហាញជាផ្លូវការទាក់ទងដល់បញ្ញត្តិនេះ បានបញ្ជាក់តម្រូវការដ៏ជាក់លាក់ ក្នុងការចុះ បញ្ជីនៃក្រុមអ្នកកាន់សាសនាប្រ៉ូតែស្តង់ ដែលតម្រូវឱ្យដាក់ពាក្យសុំទៅអជ្ញាធរក្នុងស្រុក បញ្ជាក់ថាសមាជិកនឹង មិនអនុញាតឱ្យធ្វើការតវ៉ា ឬអ្វីដែលហៅថាអង្គការ’’ប្រតិកិរិយា’’ រាប់ទាំងដេហ្គាប្រ៉ូតែស្តង់ទីស។ ការបង្ហាញនេះ បានប្រកាសថា ដេហ្គាប្រ៉ូតែស្តង់ទីស គឺជាឧប្បករណ៍ដើម្បីជា ’’ រហស្សូបាយនយោបាយខ្មៅងងិត ក្នុងការ បំផុសបំផុលបញ្ហាជនភាគតិច និងធ្វើឱ្យរង្គោះរង្គើរដល់ស្ថិរភាពរបស់ប្រទេសយើង ’’  បានផ្តល់ដល់អាជ្ញាធរ នូវ មូលដ្ឋានច្បាប់ ដើម្បីបង្ខិតបង្ខំឱ្យអ្នកកាន់សាសនាគ្រិស្ទជាតិម៉ុងតាញ៉ា បន្តប្រតិបត្តិសាសនាក្នុងព្រះវិហារគ្រិស្ទ ដែលមិនត្រូវបានទទួលស្គាល់នោះ ត្រូវតែចូលជាមួយព្រះវិហារដែលរដ្ឋបានយល់ព្រម។ ដេហ្គាម៉ុងតាញ៉ា ដែល បន្តប្រតិបត្តិសាសនាប្រ៉ូតែស្តង់ក្នុងព្រះវិហារមិនត្រូវបានទទួលស្គាល់   ត្រូវបានទទួលការវាយឆ្មក់ចូលលុក និង ចាប់ខ្លួនដោយចោទប្រកាន់ពីបទរួមប្រជុំ។ ព្រះពុទ្ធសាសនាថេរវាទដែលត្រូវបានគោរពបូជាដោយខ្មែរក្រោមជា ទួទៅនោះ ក៏ត្រូវទទួលការតាមដានត្រួតពិនិត្យយ៉ាងតឹងតែងដោយរដ្ឋដែរ។ របាយការណ៍បានចែងថា ការ ឃោសនាមាននិន្នាការដើម្បីរដ្ឋ និងអត្ថបទឯកសារត្រៀមជាស្រេច ជាបទបញ្ជាដែលត្រូវចែកតាមវត្តអារាម ព្រះពុទ្ធសាសនារបស់ខ្មែរ ហើយព្រះសង្ឃខ្មែរមិនអាចធ្វើដំណើរបានដោយសេរី ដោយគ្មានអនុញាតពីអាជ្ញាធរ ឡើយ។

ការឆ្លើយតបរបស់ អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិCSW:

ប្រទេសវៀតណាមនៅតែជារដ្ឋដែលរំលោភលើសេរីភាពសាសនាយ៉ាងដាច់អហង្ការ តាំងតែពីបានត្រូវដកចេញ ដោយសហរដ្ឋអាមេរិក ពីប្រទេសដែលត្រូវតាមឃ្លាំមើល គឺប្រទេសដែលត្រូវយកចិត្តទុកដាក់តាមដានជាពិសេស (CPC=Country of Particular Concern)នៅឆ្នាំ២០០៦មក ស្ថានភាពសេរីភាពសាសនាបានត្រូវធ្លាក់ដុនដាប យ៉ាងខ្លាំង។

លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូនជាបន្ត នូវអនុសាសន៍លេខ៤៤ ដែលផ្តល់ដោយប្រទេស កាណាដា ។

Leave a Reply