កវី

ដោយ ថាច់ ប្រីជា គឿន
(មេពាក្យ ៩)

កវី
កវី

កវីគឺជានាវាផ្ទុកវោហារ
ឬជាអ្នកបញ្ជូនសារអាថ៌កំបាំង
កកាយប្រាយប្រាប់មនុស្សគ្មានលាក់បាំង
ឬជាកញ្ចក់បញ្ចាំងផ្ទាំងជីវិត ។
កវីគឺជាអ្នកស្រមើស្រមៃ
រាល់យប់ថ្ងៃដងប៉ាកកាគឺជាមិត្ត
យកក្រដាសកាសធម្មជាតិឲ្យចូលជិត
មកនែបនិត្យរួមស្នេហស្និទ្ធនឹងមនុស្សា ។
កវីគឺជាសួនផ្កាចម្រុះពណ៌
បញ្ចេញសម្រស់ស្រស់ល្អគួរទស្សនា
អ្នកមានកង្វល់ខ្វាយខ្វល់ក្នុងចិន្តា
បានទតហើយក្នុងឱរាស្បើយទុក្ខភ័យ ។
កវីគឺជាថ្នាលបណ្តុះសត្យារម្មណ៍
ជនគ្រប់ឋានានុក្រមប្រុសឬស្រី
បានយល់ហើយដុះគំនិតដូចកវី
សម្រិតសម្រាំងជាថ្មីន័យជីវិត ។
កវីគឺជាគ្រូវេទមន្តដ៏មហិមា
អាចកាឡាខ្លួនទៅជាមារមានឫទ្ធ
ជារាហូមានអំណាចដោយនិមិត
ចាប់អង្អែលថើបស្នេហ៍ស្និទ្ធរឹតចន្ទថ្លៃ ។
កវីគឺជាវិចិត្រករដៃឯក
និពន្ធរឿងរ៉ាវចម្លែកក្នុងលោកីយ៍
ទៅជាផ្ទាំងគំនូរដ៏ស្រស់ប្រិមប្រិយ
អ្នកយល់ន័យនឹងសើចជួនទឹកនេត្រា ។
កវី !កវី ! ជាស្ពានមេត្រីនៃបេះដូង
ជនប្រុសស្រីយាត្រាឆ្លងក្រងស្នេហា
ដោយសម្តីសំដៅសំនួនជួនវោហារ
សារភាពប្រាយប្រាប់ចិន្តាថាស្រឡាញ់ ៕៚

——

ពន្យល់ពាក្យ
កវី [អានថា] កៈ-វ៉ី សំ. បា. ( ន. ) (កវី) អ្នក​ប្រាជ្ញ​ដែល​ចេះ​តែង​ឆន្ទ, កាព្យ​ឃ្លោង (អ្នក​ប្រាជ្ញ​ខាង​ សំដី) ។
កវី​និពន្ធ [អានថា] កៈ-វ៉ី និពន់ បា. ( ន. ) (កវិ + និពន្ធ) កវី​ជា​អ្នក​និពន្ធ, អ្នក​និពន្ធ​ខាង​កាព្យ​ឃ្លោង ។
ឆន្ទ [អានថា] ឆ័ន សំ. បា. ( ន. ) ឈ្មោះ​ដំណើរ​កាព្យ​មាន​កំណត់​ដោយ​អក្សរ​ដែល​ត្រូវ​រៀបរៀង … ។
(វចនានុក្រមខ្មែរ—សម្តេចព្រះសង្ឃរាជ ជួន ណាត)