កថា​ស្វាគមន៍​បើក​គេហទំព័រ និង​កម្មវិធី​ផ្សាយ​ថ្មី នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម

សួស្ដី​លោកអ្នក ដែល​កំពុងតែ​ទស្សនា និង​ស្ដាប់ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” នៅលើ​គេហទំព័រ​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ជាទីគោរព​រាប់អាន ។​

កថាស្វាគមន៍បើកគេហទំព័រ និងកម្មវិធីផ្សាយថ្មី នៃវិទ្យុសំឡេងកម្ពុជាក្រោម
កថាស្វាគមន៍បើកគេហទំព័រ និងកម្មវិធីផ្សាយថ្មី នៃវិទ្យុសំឡេងកម្ពុជាក្រោម

​ថ្ងៃនេះ នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​បីតិ​សោមនស្ស សូម​ឧទ្ទេសនាម ដល់​លោកអ្នក​នូវ​មុខមាត់​ថ្មី​នៃ​ទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ដែល​គណៈកម្មការ​យើងខ្ញុំ ទើបតែ​បាន​កែ លម្អ​សម្រេច​ជា​ស្ថាពរ និង​ចាប់ផ្ដើម​ចេញផ្សាយ​ជា​សាធារណៈ នៅ​ពី​ថ្ងៃទី 0១ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ  ។​

​ប្រវត្តិ​វិទ្យុ​៖ កថាស្វាគមន៍បើកគេហទំព័រ និងកម្មវិធីផ្សាយថ្មី នៃវិទ្យុសំឡេងកម្ពុជាក្រោម

ជាដំបូង យើងខ្ញុំ​សូម​ណែនាំ​ឲ្យ​លោកអ្នក​បាន​ស្គាល់​នូវ​ប្រវត្តិ​នៃ​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ។ វិទ្យុ បានកកើតឡើង​នៅ​សហរដ្ឋអាមេរិក ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០០១ បើ​គិត ដល់ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៣ វា​មាន​អាយុកាល ១២ ឆ្នាំ ហើយ ។ ចាប់ ពី​បាន​បង្កើតឡើង រហូតដល់​ឆ្នាំ ២០០៤ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បាន​ផ្សាយ​តាម​រលក​ធាតុ អាកាស ក្នុង​មួយ​សប្ដាហ៍​ម្ដង រៀងរាល់ថ្ងៃ​អង្គារ ចាប់ពី​ម៉ោង ០៩ ដល់ ម៉ោង ១០ យប់ ម៉ោង​នៅ​កម្ពុជា​ក្រោម តាម​កម្ពស់​រលកធាតុអាកាស​ខ្លី ១៥.៦៩០ គីឡូហឺត និង​បានដាក់​ផ្សាយ​នៅ លើ​ប្រព័ន្ធ​អិន​ធើ​ណិ​ត តាមរយៈ​គេហទំព័រ​បណ្ដាញ​ខ្មែរក្រោម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល មាន​អាស​ដ្ឋា​ន www.khmerkrom.net ។

​ក្រោយមក នៅ​ឆ្នាំ ២០០៥ វិទ្យុ​ក៏​ផ្អាក​ការផ្សាយ​តាម​រលកធាតុអាកាស ហើយ​បែរមក​ផ្សាយ តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​វិញ ដោយ​ចេញផ្សាយ​មួយ​សប្ដាហ៍​ម្ដង​រៀងរាល់ថ្ងៃ​អង្គារ​ដដែល តាមរយៈ គេហទំព័រ​ថ្មី ដែលមាន​អាសយដ្ឋាន www.vokk.net និង​មកដល់​ឆ្នាំ ២០០៨ ក្រុមការងារ​ក៏ បាន​បន្ថែម​ម៉ោង​ផ្សាយ​ចាប់​ពីមួយ​សប្ដាហ៍​ម្ដង មកជា​រៀងរាល់ថ្ងៃ​វិញ ។

​ក្រមសីលធម៌​៖

​ដើម្បី​ពង្រឹង​ការផ្សាយ​ឲ្យ​ក្លាយជា​ព័ត៌មាន​ជាទី​ទុកចិត្ត​ពី​លោកអ្នក​ស្ដាប់ និង​ជា​ព័ត៌មាន​ផ្លូវការ​របស់ ពលរដ្ឋ​ខ្មែរក្រោម​នោះ យើងខ្ញុំ ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ធ្វើ​ការងារ​ទាំងអស់នេះ ដោយ​ផ្អែកលើ​ក្រមសីលធម៌​ជា​មូលដ្ឋាន ដូចខាងក្រោម​៖

“​សំឡេង​កម្ពុជា​ក្រោម​”  ឬ  “Voice of Kampuchea-Krom” ជា​វិទ្យុ​ផ្សាយ​តាមរយៈ​ប្រព័ន្ធ​អិន​ធើ​ណិ​ត  ផលិត​ដោយ​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampuchea-Krom) ដែល មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ។​

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​”  មាន​តួនាទី​នាំ​ដំណឹង​ជូន​ដល់​ប្រជាជាតិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម ដែល​ពួកគេ​មិន​ដែលមាន​ស្ថាន​ប័ន​ព័ត៌មាន​ឯករាជ្យ​របស់ខ្លួន  និង​មិនដែល​បាន ទទួល​ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ​ឡើយ  ព្រោះ​ប្រជាជាតិ​ខ្មែរក្រោម សព្វថ្ងៃ កំពុង​រស់នៅ​ក្រោម​ការ ត្រួតត្រា​បែប​អាណានិគម​ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។  សព្វថ្ងៃ វៀតណាម​ជា​ប្រទេស​ប្រកាន់ យក​របប​កុ​ម្មុយ​និ​ស្ត រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​របស់​រដ្ឋ ហើយ​មិនមាន​ស្ថាប័ន​ព័ត៌មាន​ឯកជន​ផ្សាយ     ព័ត៌មាន​ឯករាជ្យ​ឡើយ ។​

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” បង្កើតឡើង​ដើម្បី​ជម្រុញ​ឲ្យ​មានការ​គោរព​សិទ្ធិ​នៃ​ការបញ្ចេញមតិ និង​ទស្សនៈ  របស់​ប្រជាជាតិ​ខ្មែរក្រោម ដែល​កំពុង​ត្រូវបាន​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​បំបិទមាត់ ។ ម្យ៉ាងទៀត វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ជា​វេទិកា​មួយ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវបាន រដ្ឋាភិបាល​វៀតណាម​បំបិទ​សំឡេង​នោះ ឲ្យ​មានឱកាស​បញ្ចេញមតិ​ផ្សេងៗ​ទាក់ទិន​នឹង​បញ្ហា​របស់ខ្លួន​នៅទីនេះ ដើម្បី​ឲ្យ​ពិភព​ខាងក្រៅ​បាន​ជ្រាប ។ ក្រៅពី​ការបញ្ចេញមតិ ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ក៏​អាច​ទទួលបាន​ព័ត៌មាន​ពី​ប្រភព​ខាងក្រៅ ទាក់ទិន​នឹង​សកម្មភាព និង​ជីវភាព​របស់​នៅ របស់​ប្រជាជាតិ ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក​, បណ្ដា​ប្រទេស​អ៊ឺរ៉ុប​, កាណាដា និង អូស្ត្រាលី ជាដើម ដែលជា​ប្រទេស​ជឿនលឿន មានការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ។  ដូច្នេះ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ជា​ស្ពាន​សេរីភាព​មួយ​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ស្រុក និង ជុំវិញ​ពិភពលោក​បានធ្វើ​ដំណើរ​ទៅរក​គ្នា និង​បាន​ស្វែងយល់​គ្នា​កាន់តែច្បាស់ ដើម្បី​រួមគ្នា​ផ្លាស់ប្ដូរ​សង្គម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ឈានទៅរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​”  នាពេល អនាគត ។​

​ចំណុច​ស្នូល​សំខាន់​នៃ​បេសកកម្ម​របស់​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” គឺ​ការ​ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន ។​

​កម្មវិធី​ផ្សាយ​នៃ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” រក្សា​នូវ​របៀប​និយាយ​ដែលមាន​លក្ខណៈ​ស្ងប់ស្ងៀម មិន​លាយឡំ​នឹង​មនោសញ្ចេតនា ព្រមទាំង​ជៀសវាង​នូវ​ការបង្ក​ជម្លោះ ការឃោសនា ឬ ការប្រមាថ​លើ​ជន​ណា ក្រុម​ណា ឬ រដ្ឋាភិបាល​ណាមួយ ។​

​កម្មវិធី​ផ្សាយ​នៃ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” មិន​ញុះញង់​អ្នក​ស្ដាប់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា ឬ លើកទឹកចិត្ត​ឲ្យ​មានការ​បះបោរ ឬ ធ្វើ​ចំណាកស្រុក​ឡើយ ។ កម្មវិធី​ផ្សាយ​របស់​យើង ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​សេរី និង​ផ្តល់នូវ​វេទិកា​សម្រាប់​បញ្ចេញមតិ និង​ទស្សនៈ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស ពី​សំណាក់​ប្រជាជាតិ​ខ្មែរក្រោម ។ ប្រសិនបើ កម្មវិធី​ផ្សាយ​នៃ​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” មាន​កំហុស​ក្នុង​ការផ្សាយ​សំឡេង ឬ អត្ថបទ​នៅលើ​គេហទំព័រ គណៈកម្មការ​យើង នឹង​ទទួលកំហុស ហើយ​កែតម្រូវ​ជាបន្ទាន់​តាម​មធ្យោបាយ ដែល​អាចធ្វើ​ទៅបាន ។​

​ចាប់តាំងពី​បារាំង​បានប្រកាស​ឲ្យ​ដែនដី​កម្ពុជា​ក្រោម (​កូស័ងស៊ីន​/Cochin China) ឋិត​នៅក្រោម​រដ្ឋ ចំណុះ​វៀតណាម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក ទំនាក់ទំនង ប្រជាជាតិ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ត្រូវបាន​កាត់ផ្ដាច់​ចេញ​ពី​ប្រជាជាតិ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​រហូតមកដល់​សព្វថ្ងៃ បានធ្វើ​ឲ្យ​ភាសា និយាយ​របស់​ប្រជាជាតិ​ខ្មែរក្រោម មាន​លក្ខណៈ​រដឺន​ប្លែក​ពី​ប្រជាពលរដ្ឋ​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ដែល​កត្តា​នេះ  សេចក្ដីរាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ខ្លះ អាច​ពិបាក​ស្ដាប់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​កំណើត​នៅ​ប្រទេស​កម្ពុជា ។​

​កម្មវិធី​ផ្សាយ​នៃ​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” បានទទួល​ជោគជ័យ ល្គឹកណាតែ​ព័ត៌មាន​របស់​យើងខ្ញុំ បាន ជ្រួតជ្រាប​ទៅដល់​អ្នក​ស្ដាប់​គ្រប់​មជ្ឈដ្ឋាន និង​ដល់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម  ។​
​ទោះបី​យើងខ្ញុំ  ខិតខំ​ប្រឹងប្រែង​ឲ្យ​ការផ្សាយ​វិទ្យុ​មួយ​នេះ មាន​រីកចម្រើន​ប្រសើរ​ជាង​មុន​យ៉ាងណា ក៏ដោយ ក៏​វា​គង់​គេច​មិន​ផុតពី​កំហុសឆ្គង​អ​ចេតនា​ដោយ​ប្រការ​ផ្សេងៗ​ឡើយ ។ ដូចនេះ យើងខ្ញុំ សហការី​ស្ម​គ្រ​ចិត្ត នៃ​ក្រុម​ផ្សាយ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ទាំងអស់ សូម​ស្វាគមន៍​ចំពោះ​ការណែនាំ កែលម្អ​ពី​អស់លោកអ្នក​ស្ដាប់​នៅ​គ្រប់​មជ្ឈដ្ឋាន ។

​អំពី​គេហទំព័រ​៖

​គេហទំព័រ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ដែល​លោក​អ្នកនាង​កំពុងតែ​ទស្សនា​នេះ យើងខ្ញុំ​បានរៀបចំ​ឲ្យ មាន​ភាពងាយស្រួល​ដល់​ការស្វែងរក​ព័ត៌មាន​របស់​អស់លោក​អ្នកនាង ។ នៅលើ​គេ​ហំ​ព័រ​ថ្មី​នេះ យើងខ្ញុំ​បាន​បង្កើត​ឲ្យ​មាន​មាតិកា ឬ ចំណាត់​ក្រុម​ព័ត៌មាន​នីមួយៗ ដូចជា កម្ពុជា​ក្រោម  កម្ពុជា វៀតណាម  អន្តរជាតិ  ទស្សនៈ និង ពហុ​ព័ត៌មាន ជាដើម  ដែល​លោកអ្នក អាច​ចុច​លើ​មាតិកា ព័ត៌មាន​នីមួយ​ដើម្បី​ស្ដាប់ និង អាន​អត្ថបទ​តាម​ការនិយម​ចូលចិត្ត​របស់ខ្លួន​បាន ។

​ចំពោះ​កម្មវិធី​ផ្សាយ​រៀងរាល់ថ្ងៃ យើងខ្ញុំ មាន​បង្កើត​ប៉ូ​តុង​ចំនួន ៣ នៅ​ខាងស្ដាំ​ដៃ ។ ប្រសិនបើ លោកអ្នក​នាង​ចង់​ស្ដាប់​កម្មវិធី​ផ្សាយ​ថ្មី​បំផុត​រៀងរាល់ថ្ងៃ សូម​ចុច​លើ​ប៉ូ​តុង “​ចុច​ស្ដាប់​” វា​នឹង​លេង នៅលើ​ទំព័រ​ថ្មី​មួយទៀត​ដាច់ដោយឡែក ដោយ​លោកអ្នក​នៅតែ​ចុច​អាន​អត្ថបទ​ផ្សេងៗ​នៅលើ គេហទំព័រ​បាន​ដដែល ។   ប្រសិនបើ​លោកអ្នក​ចង់​រក្សាទុក​នូវ​សំឡេង​ផ្សាយ​ថ្ងៃ​ថ្មី​បំផុត សូម​ចុច លើ​ប៉ូ​តុង “​ទាញ​សំឡេង​” និង បើ​លោកអ្នក​ចង់​ស្ដាប់​កម្មវិធី​ផ្សាយ​មុនៗ សូម​លើ​ប៉ូ​តុង “​សំឡេង មុនៗ​” ដែល​ទំព័រ​មួយ​នេះ យើងខ្ញុំ​បាន​រក្សា​នូវ​សំឡេង ដែល​បានចេញ​ផ្សាយ​ចាប់ពី​ឆ្នាំ ២០០១     មក ។​

​យើងខ្ញុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកអ្នក​នាង​ដែល​បាន​ចូល​ទស្សនា និង​ស្ដាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម យ៉ាង​ចិត្ត​ទុកដាក់ ។ សូម​អរ​ព្រះ​គុណ និង​អរគុណ